នាង អ៊ីត គ្រោង​​ចេញ​ទៅ​​​អាមេរិក២ខែ

នៅ​ក្នុង​អំឡុង​​ដើម​ខែ ​វិច្ឆិកា ឆ្នាំ ២០១៦ ខាង​មុខ​នេះ តារា​កំប្លែង​មេម៉ាយ​កូន១​នាង អ៊ីត​​បាន​ប្រាប់​ថា គ្រោង​ចេញ​ទៅ​ចម្រៀង​ ក៏​ដូច​ជា​សម្ដែង​នៅ​សហរដ្ឋ​​អាមេរិក  ​ចំនួន២ខែ។

 

នាង អ៊ីត គ្រោង​​ចេញ​ទៅ​​​អាមេរិក២ខែ
ការ​ចេញ​ទៅ​ទឹក​ដី​ប្រទេស​មហាអំណាច​ខាង​លើ គឺ​ទៅ​តាម​រយៈ Sponsor មួយ​នៅ​ទី​នោះ  ដោយ​នាង​បាន​ប្រាប់​ថា ក៏​អាច​មាន​​តារា​៥នាក់​ផ្សេង​ទៀត​ រួម​ដំណើរ​ជា​មួយ​នាង​ផង​ដែរ មាន​ដូច​ជា លោក សុខ រក្សា កញ្ញា កុល ដាវី លោក ម៉ា ដូណា កញ្ញា ឌី សូនីតា និង​នាយ​ចឺម ប្រសិន​បើ​គ្រប់​គ្នា​ជោគជ័យ​លើ​សំណើ​សុំ​ចេញ ។
តាម​ការ​លើក​ឡើង​របស់​នាង អ៊ីត ការ​កំណត់​ថ្ងៃ​ច្បាស់​​លាស់​ មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​​ឡើយ ពោល​​គ្រាន់​​តែ​ដឹង​ថា ចេញ​ក្នុង​អំឡុង​​ដើម​ខែ ​វិច្ឆិកា ឆ្នាំ ២០១៦​នេះ​ប៉ុណ្ណោះ  ត្បិត​អី​ឯកសារ​​គ្រប់​យ៉ាង ម្ចាស់​ Sponsor កំពុងតែ​រៀប​ចំ​នៅ​ឡើយ ។

 

បែប​នេះ​ក្ដី ​តារា​កំប្លែង​រូប​នេះ​ បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា នាង​ច្បាស់​ជា​បាន​ទៅ​ច្រៀង ក៏​ដូច​ជា​សម្ដែង​ជូន​បងប្អូន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​តាម​ការ​គ្រោង​ទុក​ជាក់​ជា​មិន​ខាន ព្រោះ​នាង​ជឿ​ជាក់​លើ​​ម្ចាស់​ Sponsor ​ដែល​​មាន​បទ​ពិសោធ​ខាង​ធានា​តារា​ខ្មែរ​ទៅ​ច្រៀង​នៅ​ទី​នោះ​ច្រើន​ឆ្នាំ​មក​ហើយ។

 

សម្រាប់ ស្រី​អ៊ីត ប្រសិន​បើ​បាន​ទៅ​សហរដ្ឋ​អាមេរិក​​តាម​ការ​គ្រោង​ទក​មែន ​គឺ​ជា​លើក​ទី២​ហើយ​សម្រាប់​​​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស ក្នុង​ជីវិត​សិល្បៈ​របស់​នាង។ កាល​ពី​ដើម​ឆ្នាំ២០១៦ ប្អូន​ស្រី​នាយ​ក្រូច​​ម្នាក់​នេះ​ ​ធ្លាប់​បាន​ទៅ​សម្ដែង​ ក៏​ដូច​ជា​ច្រៀង​នៅ​ប្រទេស​កូរ៉េ​​ម្ដង​រួច​មក​ហើយ។

 

តារា​កំប្លែង​មេម៉ាយ​កូន​មួយ​ម្នាក់​នេះ លើក​ឡើង​ថា នាង​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​មាន​ឱកាស​បាន​ទៅ​សម្ដែង​នៅ​បរទេស ហើយ​បើ​បាន​ទៅ​សហរដ្ឋ​​អាមេរិក​ទៀត រិត​តែ​​សប្បាយ ត្បិត​អី​កន្លង​មក​នាង​មិន​ដែល​ប៉ង​​​ឡើយ។ ជា​មួយ​គ្នា​នោះ នាង​អ៊ីត​​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​មិន​ឲ្យ​ម្ចាស់​ Sponsor​ ក៏​ដូច​ជា បងប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ ខក​ចិត្ត​ឡើយ៕

 

អត្ថបទ៖ ខុត សីហា
​​