មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ម្នាក់ ដែល​ឈរជើង​ក្នុង​ខេត្តឧត្ដរមានជ័យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

​សេចក្ដីរាយការណ៍​ពី​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ម្នាក់​ឈ្មោះ ជា កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ជា ដែល​ឈរជើង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បង្កើត​កុងត្រូលជជុះ​ចាប់​ស្ទាក់​យកលុយ​ពី​ពួកគាត់ និង​មាន​រថយន្ត​ប្រដេញ​តាម​រថយន្ត​ដឹកទំនិញ​គាប​យកលុយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ជាំ​ស្រងាំ អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ជួយ​ដោះស្រាយ​ពួកគាត់​ជាបន្ទាន់​។

​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​នៅពេល​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ នាំចូល​ទំនិញ​ពី​ប្រទេស​សៀម​ទោះបី​បង់ពន្ធ​ត្រឹមត្រូវ​ឲ្យ​សមត្ថកិច្ច​គយ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈ្មោះ ជា និង​បក្ខពួក ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​ពេលដែល​ពលរដ្ឋ​ដឹក​កសិផល​ឬ​ទំនិញ​បន្តិចបន្តួច​ទៅ​លក់​នៅ​ផ្សារ​ក្នុង​ទឹកដី​សៀម​ក៏ត្រូវ​ឈ្មោះ ជា និង​បក្ខពួក ជំរិត​យកលុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​ស្នាក់ការ​មួយកន្លែង​របស់​ឈ្មោះ ជា ដែល​នៅជាប់​ជើងភ្នំ​ដងរែក មាន​រថយន្ត​ម៉ាក​កូរ៉ូឡា​១​គ្រឿង ចាំ​ប្រដេញ​រថយន្ត​ដឹកទំនិញ និង​ដឹក​កសិផល​ឲ្យ​បង់លុយ​តាម​ការកំណត់​របស់ខ្លួន​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បានបញ្ជាក់​ច្បាស់​ថា ស្នាក់ការ​កុងត្រូលជជុះ​របស់​ឈ្មោះ ជា មានប្រើ​កូនក្មេង​ម្នាក់​ស្លៀកពាក់​ស៊ីវិល​ចាំ​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ​ដោយ​គ្មាន​ការលើកលែង​ឡើយ គឺ​រាប់​ក្បាល​រថយន្ត​យកលុយ​តែម្តង​។ ឈ្មោះ ជា ដែលជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​ក្នុងស្រុក​អន្លង់វែង កំពុង​ធ្វើ​ឲ្យ​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ ត្រូវ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ព្រោះ​បុគ្គល​នេះ​បាន​បង្កើត​កុងត្រូលជជុះ​ចាំ​ជំរិត​យកលុយ​ដោយ​គ្មាញ​ញើ​ត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឈ្មោះ ជា ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង និង​ធ្វើ​ឲ្យ​មានការ​រិះគន់​កាន់តែខ្លាំង​ផងដែរ​៕

c688da1f-a0be-4211-8398-195fdfdc469a-420x2881 WAT-0407r WAT-0407q