បុរស​ម្នាក់​ លួច​កង់​គេ​ជិះ​ ត្រូវ​ម្ចាស់​ចាប់​វាយ​ទ្រម​ខ្លួន

បុរស​ម្នាក់​ លួច​កង់​គេ​ជិះ​ ត្រូវ​ម្ចាស់​ចាប់​វាយ​ទ្រម​ខ្លួន



ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ បាន​ចូល​ទៅ​យក​កង់​គេ​ ដែល​ទុក​នៅ​ក្រោម​ផ្ទះ​បំណង​ជិះ​ចេញ​ទៅ តែ​ត្រូវ​ម្ចាស់​គេ​ដឹង​ទាន់ ក៏​ស្រែក​ថា​ចោរៗ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ នាំគ្នា​ដេញចាប់បាន និង​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម​ខ្លួន លុះ​មាន​អ្នក​ស្គាល់​ដឹង​ថា​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ទើប​គេ​ឈប់​វាយ ចំណែក​ឯ​ម្ចាស់​កង់​ក៏​មិនបាន​ប្ដឹងផ្ដល់​អ្វី​ដែរ។

ហេតុការណ៍​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​​យប់ ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សែនជ័យ។

ជន​សង្ស័យ​មាន​ឈ្មោះ អ៊ិន សុខលី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​ប្អូន​នៅ​ជិត​កន្លែង​កើតហេតុ​ខាងលើ។

តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ និង​ក្មេង​ម្នាក់​បាន​ដើរទៅ​ក្រោយ​ផ្ទះ​បុរស​ឈ្មោះ ខេង សុខន អាយុ​៣៩​ឆ្នាំ ហើយ​បាន​យក​កង់​បណ្ដើរ ក្នុង​គោលបំណង​ជិះ​ចេញទៅ តែ​ពេលនោះ​ក៏​ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់ ស្រែក​ផ្អើលឆោឡោ​ឡើង​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដេញ​ចាប់​បាន និង​មាន​អ្នក​ខ្លះ​យក​ដុំ​ថ្ម​វាយ​រហូត​របួស​បែក​ក្បាល​ធ្ងន់ធ្ងរ និង​បែក​មុខ​បែក​មាត់ ហើយ​នៅ​ក្នុង​បង្វេច​របស់​គាត់​មាន​ស្លាក​លេខ​ម៉ូតូ​មួយ​បន្ទះ​ ដែល​មាន​លេខ​ភ្នំពេញ​1R3005​ទៀត​ផង។ ដូច្នេះ​ហើយ​ទើប​បានជា​ប្រជាពលរដ្ឋ​ដែល​បាន​វាយ​នោះ ទម្រាំ​តែ​ដឹង​ថា​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី គឺ​ត្រូវគេ​វាយ​ទ្រម​ខ្លួន​បាត់​ទៅ​ហើយ។

ប្រភព​បន្តថា ពេលនោះ​ប្រជាពលរដ្ឋ​បាន​ចោមរោម​មើល ដោយមាន​អ្នកខ្លះ​ស្គាល់​ជនសង្ស័យ​ខាងលើ​ថា​ជា​មនុស្ស​មាន​សតិ​មិនសូវ​ល្អ ព្រោះ​គេ​តែងតែ​ឃើញ​គាត់​ដើរ​នៅ​ម្ដុំ​ពោធិចិនតុង​ជា​ញឹកញាប់ ពេលខ្លះ​និយាយ​តែម្នាកឯង និង​ជួនកាល​ឃើញ​ម៉ូតូ​បើក​តាមផ្លូវ​រត់ឡើង​ជិះ​ដោយ​គ្មាន​មូលហេតុ។

ប្រភព​បន្តទៀតថា ក្រោយមក ដោយមាន​ការ​និយាយ​អះអាង​ពី​ប្រជាពលរដ្ឋ​បែបនេះ ទើប​ម្ចាស់​កង់​មិនបាន​ដាក់ពាក្យ​បណ្ដឹង​អ្វី​ឡើយ ហើយ​សមត្ថកិច្ច​ក៏​ប្រគល់​កង់​ឲ្យ​ទៅ​ម្ចាស់​វិញ និង​ព្រម​ដោះលែង​ជនសង្ស័យ​ឲ្យ​ត្រឡប់​ទៅវិញ ហើយ​ក៏បាន​ណែនាំ​កុំ​ឲ្យ​ដើរ​យក​កង់​គេ​អញ្ចឹង​ទៀត នេះ​សំណាង​ហើយ​ដែល​មាន​គេ​ស្គា​ល់ពី​ប្រវត្តិ​ខ្លះ កុំ​អី​អាច​គេ​វាយ​ស្លាប់​មិនខានឡើយ៕
បុរស​ម្នាក់​ លួច​កង់​គេ​ជិះ​ ត្រូវ​ម្ចាស់​ចាប់​វាយ​ទ្រម​ខ្លួន