ក្មេង​ប្រុស​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹក​ក្នុង​ស្រះ​

ក្មេង​ប្រុស​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹក​ក្នុង​ស្រះ​



បន្ទាយមានជ័យ​ ៖ ​ក្មេង​ប្រុស​ម្នាក់ ​បាន​នាំ​ក្មេង​ក្នុង​ភូមិ​ជាច្រើន​នាក់​​ រត់​លេង​ទឹកភ្លៀង ហើយ​មិនបាន​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ក្រោយមក ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹក​ក្នុង​ស្រះ​ ដែល​មាន​ប្រវែង​ប្រហែល​៤០​ម៉ែត្រ​ពី​ផ្ទះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ ថ្ងៃ​ទី​៤​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ស្រះ​ទឹក​កាស៊ីណូ​ផ្កាយ​ប្រាំ ​ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី ​ជា​ ដា ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ​ក្មេង​រង​គ្រោះ​មាន​ឈ្មោះ​ កក្ដា ពិសិដ្ឋ​ ភេទ​ប្រុស អាយុ​១០​ឆ្នាំ រស់នៅ​មណ្ឌល​២​ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ។

លោក​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ តាម​ការ​បំភ្លឺ​របស់​ជីដូន​ក្មេង​ប្រុស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ចៅ​របស់​គាត់​ឈ្មោះ ​កក្ដា​ ពិសិដ្ឋ​ បាន​នាំ​ក្មេង​ក្នុង​ភូមិ​ជាច្រើន​នាក់​លេង​ទឹក​ភ្លៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣​ ខែ​កក្កដា ហើយ​មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ លុះដល់​ម៉ោង​កើតហេតុ​នោះ​ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​ក្មេង​ប្រុស​រងគ្រោះ​ស្លាប់​អណ្ដែត​ទឹកស្រះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​៤០​ម៉ែត្រ។ ចំណែក​សព​ក្មេង​ប្រុស​ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ៕