ប៉ូលីសសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្ទិជជុះនៅខេត្តកំពង់ធំ ប្រព្រឹត្តអំពើអាក្រក់ កាន់តែខ្លាំងឡើង ក្នុងការប្រមូលលុយ បង់ថ្លៃទិញប៉ុស្តិ៍

ខេត្តកំពង់ធំ ៖ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើនិងទំនិញខុសច្បាប់ ទាំងតូច ទាំងធំ បានសម្តែងការ មិនសប្បាយចិត្ត ចំពោះកុងត្រូលជជុះ របស់ប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃដែលមានឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខបាន និងឈ្មោះ ហួត តឿ ជានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំខេត្តកំពង់ធំ រៀបកម្លាំងឈរជើងចាំប្រដេញ និងស្ទាក់ឲ្យឡានដឹកឈើចូលបង់លុយតាមដងផ្លូវជាតិ គ្រប់ច្រកល្ហក យ៉ាងប្រសេចប្រសាច មិនដែលក្រែងញញើត ពីចំណាត់ការ របស់ អង្គភាពប្រឆាំងអំពើពុករលួយម្តងណាឡើយ។ ហើយអ្វីដែលក្រុមនោះធ្វើកំពុងអនុវត្តន៍ក៏ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងលិខិតបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិ ផងដែរ។

មានសេចក្តីរាយការណ៍ថា ក្រោមបញ្ជា របស់លោកប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលប្រចាំខេត្តកំពង់ធំ ភាគច្រើន ចាត់តាំង ឲ្យមន្ត្រីស្លៀកពាក់ស៊ីវិល ហើយពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះ ប្រមូលលុយពីឡានដឹកទំនិញឡានដឹកឈើ និងឡានដឹកកសិផល ដើម្បីបន្លំភ្នែកសាធារណជន ប៉ុន្តែរឿងពិត កម្លាំងនគរបាលសេដ្ឋកិច្ចទាំងនោះ បានចេញ ទៅប្រមូលលុយថ្លៃក្បាលឡាន ដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នា ធ្វើមានធ្វើបាន មួយថ្ងៃៗ មិនដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាន នរណាហ៊ានសួរនាំពី បញ្ហានេះក៏ព្រោះតែ ឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខបាន និងឈ្មោះ ហួត តឿ មានឥទ្ធិពលធំធេងណាស់។

មន្ត្រីសាលាខេត្តកំពង់ធំបានឲ្យដឹងថា ឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខបាន និងឈ្មោះ ហួត តឿ ជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំខេត្តកំពង់ធំ មិនដឹងថា ចំណាយលុយក្នុងមួយខែប៉ុន្មាននោះទេ ក្នុងការទិញប៉ុស្តិ៍ផ្តាច់មុខ នៅលើទឹកដីខេត្តកំពង់ធំ ទើបគាត់មានអំណាចដាក់ពង្រាយ មន្ត្រីប្រចាំការទាំងយប់ទាំងថ្ងៃ ប្រើអំណាច ជំរិតយកលុយពីអ្នកដឹកឈើបន្តិចបន្តួច និងពីប្រជាពលរដ្ឋ ដែលដឹកឈើ យកទៅសាងសង់ផ្ទះសម្បែង ដោយពុំមានការយោគយល់ បន្តិចណាឡើយ។

ប្រជាពលរដ្ឋបាន​រិះគន់ថា មន្ត្រីនគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែល​ឈរជើងនៅ​ចំណុច​អូរ​ខ្លែង​ឆក់ ចុង​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​ តែង តែ​ប្រើប្រាស់រថយន្ត​សម្រាប់​ប្រដេញ តាម​រថយន្ត​ដឹកទំនិញ ឬ​ឈ្មួញ​ដឹកឈើ ដែល​មិន​ឈប់​បង់លុយ​ឲ្យ​ពួកគេ​។ មានការ​រិះគន់​ចំៗទៀតថា មន្ត្រីនគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខ​បាន និង​ឈ្មោះ ហួត តឿ កំពុង​ប្រើ​អំណាចជំរិត​យកលុយ​ពី​អ្នកដឹកឈើ​បន្តិចបន្តួច និង​ពី​ប្រជាពលរដ្ឋដែល​ដឹកឈើយកទៅ​សាងសង់​ផ្ទះសម្បែងឬពេលខ្លះសូម្បីបងប្អូនប្រជាពលរដ្ឋ គ្រាន់តែដឹកអាចម៍មាន់-គោយកទៅធ្វើ ជីដាក់ដំណាំ ក៏ក្រុមរបស់ ឈ្មោះ ហួត តឿ ប៉ូលីសបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចេញរថយន្តតាមប្រដេញឲ្យចូលបង់លុយ ចំនួន២ម៉ឺនរៀល ឬ៤ម៉ឺន រៀល ផងដែរ បើទោះបីជាដឹងថាប្រជាពលរដ្ឋ ដឹកត្រឹមអាចម៍ មាន់-គោ មិនមែនជាទំនិញ ដែលត្រូវបង់ពន្ធ ឬជាទំនិញខុសច្បាប់អ្វីក៏ដោយ ៕

ប៉ូលីសសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្ទិជជុះនៅខេត្តកំពង់ធំ ប្រព្រឹត្តអំពើអាក្រក់ កាន់តែខ្លាំងឡើង ក្នុងការប្រមូលលុយ បង់ថ្លៃទិញប៉ុស្តិ៍