អ៊ឺរ៉ូ២០១៦៖ ក្រុមទាំងបួនចុងក្រោយ​ ដើម្បីដណ្ដើមជើងឯក

តាំងពីយប់ថ្ងៃអាទិត្យ​ចុងសប្ដាហ៍មុនមក ពិភពលោកទាំងមូលបានដឹង ពីក្រុមជម្រើសជាតិអ៊ឺរ៉ុបទាំងបួន ដែល​ខ្លាំង​ជាង​គេ ហើយកំពុង​ត្រៀម​​ប្រកួត (សម្រាប់​មួយក្រុម ត្រូវ​ប្រកួតពីរដងទៀត) ចុងក្រោយ នៅប៉ុន្មាន​ថ្ងៃ​ខាង​មុខ នៃ​ការ​ដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប ឆ្នាំ២០១៦។ ខាង​ក្រោម​នេះ ជាកាលវិភាគនៃការប្រកួត បូករួមនឹង​តួលេខ​ខ្លាំង​ខ្សោយ របស់​ក្រុម​បាល់​ទាត់​​នីមួយៗ។
អ៊ឺរ៉ូ២០១៦៖ ក្រុមទាំងបួនចុងក្រោយ​ ដើម្បីដណ្ដើមជើងឯក

កីឡាករល្បីទាំងបួនរូប ដែលតំណាងឲ្យក្រុមជម្រើសជាតិទាំងបួន ដែលបានឡើងមកដល់ វគ្គ៤ក្រុមចុងក្រោយបង្អស់។ (រូបថត UEFA)

ក្រុមជម្រើសជាតិបារាំង ជាក្រុមដែលទទួលបាន​សំបុត្រកៅអីក្រោយគេ ដើម្បីឡើងទៅជួបជាមួយ ក្រុមដៃ​គូ​សង​សឹក អាល្លឺម៉ង់ ដែលជាម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាង​មុខ។ រីឯ​ក្រុម​ជម្រើសជាតិព័រទុយហ្គាល់ បានស្គាល់គូប្រកួតរបស់ខ្លួន តាំងពីច្រើនថ្ងៃហើយ គឺក្រុម វៀល្ស៍ (Wales - ទឹកដី​នៅ​ភាគ​ខាងលិច នៃចក្រភពអង់គ្លេស) ដែលជាក្រុមមួយ បង្កការភ្ញាក់ផ្អើលខ្លាំងជាងគេបង្អស់ ក្នុង​ការ​ចូល​​មក​​ដល់​​វគ្គ៤ក្រុម ចុងក្រោយគេនេះ ខណៈក្រុមវៀល្ស៍​បាន​ខកខាន​​ជំនួបបែនេះ តាំងពី៤៨ឆ្នាំ​មក​ហើយ។

សំខាន់បំផុតនោះ គឺក្រុមទាំងបួន សុទ្ធតែមានក្ដីសុបិន្តដូចគ្នា៖ ដំណើមតំណែងជើងឯក «អ៊ឺរ៉ូ២០១៦» នេះ​ឲ្យ​បាន! ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមជម្រាបជូន ពីកាលវិភាគនៃការប្រកួត នៅវគ្គ១ភាគ២ផ្តាចព្រ័ត្រ ក៏​ដូច​ជា​​តួ​​លេខ​​ខ្លាំង​ខ្សោយ​សំខាន់ៗ នៃក្រុមទាំងបួន ដើម្បីទុកជូនប្រិយមិត្តអ្នកអាន គ្រាន់ជាការវិភាគ។

» ថ្ងៃពុធទី៦​ ខែកក្កដា៖ ក្រុមព័រទុយហ្គាល់ ទល់នឹងក្រុម វៀល្ស៍ ម៉ោង​២១ នៅ​បារាំង (ត្រូវនឹងម៉ោង២ភ្លឺស្អែកឡើង នៅកម្ពុជា) ក្នុង​កីឡា​ដ្ឋាន​ក្រុង លីយ៉ុង ភាគ​ខាង​ត្បូង​បារាំង៖

+ ក្រុមព័រទុយហ្គាល់

- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះម្ដង, ស្មើ៤ដង, មិនដែលចាញ់, រកគ្រាប់បាល់បាន ៦គ្រាប់ តែត្រូវគេដាក់វិញ ៥គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) និង ណានី (Nani) បាន​ម្នាក់ពីរគ្រាប់
- ភាគរយគ្រប់គ្រងបាល់៖ ៥៤%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឡើងមកដល់ការប្រកួតផ្ដាច់ព្រ័ត្រម្ដង នៅឆ្នាំ២០០៤
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖ ឈ្នះម្ដង ចាញ់៣ដង
- ប្រកួតមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្នុងពេលកន្លងមក៖ នៅឆ្នាំ២០១២ ទល់នឹងក្រុមអេស្ប៉ាញ បានស្មើរ ០-០ តែចាញ់នៅពេលទាត់បាល់ ១១ម៉ែត្រ​កាត់សេចក្ដី។

- យោបល់៖ នៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ដណ្ដើមជើងឯកអ៊ឺរ៉ុប កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ រកគ្រាប់​បាល់​បានច្រើនជាងគេ បន្ទាប់ពីអតីតកីឡាករបារាំង មីឆែល ផ្លាទីនី (Michel Platini)។

+ ក្រុមវៀល្ស៍

- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះ៤ដង, មិនដែលស្មើ, ចាញ់ម្ដង, រកគ្រាប់បាល់បាន ១០គ្រាប់ តែត្រូវគេដាក់វិញ ៤គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ ហ្គារេត បាល់ (Gareth Bale) បានបីគ្រាប់
- ភាគរយគ្រប់គ្រងបាល់៖ ៤៧%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឡើងមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០១៦នេះ
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖  មិនដែលចូលរួមប្រកួត ពីមុនមកទេ

- យោបល់៖ ក្រុម វៀល្ស៍ រកបានគ្រាប់បាល់ ១០គ្រាប់ ពីក្នុងចំណោមការព្យាយាមទា​ត់បញ្ចូលទី ៥៩ដង ដែល​ជា​​ប្រសិទ្ធិ​ភាព​មួយដ៏ខ្ពស់។

» ថ្ងៃព្រហស្បត្តិ៍ទី៧​ ខែកក្កដា៖ ក្រុមអាល្លឺម៉ង់ ទល់នឹងក្រុម បារាំង ម៉ោង២១ នៅ​បារាំង (ត្រូវនឹងម៉ោង២ភ្លឺស្អែកឡើង នៅកម្ពុជា) ក្នុងកីឡាដ្ឋានក្រុង ម៉ារសីយ៍ ភាគ​ខាង​ត្បូង​បារាំង៖

+ ក្រុមអាល្លឺម៉ង់

- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះ៣ដង, ស្មើ២ដង, មិនដែលចាញ់, រកគ្រាប់បាល់បាន ៧គ្រាប់ តែត្រូវគេ​ដាក់​វិញ ១គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ ម៉ារីយ៉ូ ហ្គូម៉េស (Mario Gomez) បានពីរគ្រាប់
- ភាគរយគ្រប់គ្រងបាល់៖ ៦៣%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឈ្នះយកពានមកកាន់ក្នុងដៃ នៅឆ្នាំ១៩៧២, ១៩៨០ និង​​ឆ្នាំ១៩៩៦
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖ ឈ្នះ៥ដង ចាញ់២ដង

- យោបល់៖ ក្រុមអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់គ្រូបង្វឹក ជ័តឈីម ឡូវ (Joachim Löw) មានខ្សែការពារ​ខ្លាំង​ក្លា​ណាស់។

+ ក្រុមបារាំង

- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះ៤ដង, ស្មើ១ដង, មិនដែលចាញ់, រកគ្រាប់បាល់បាន ១១គ្រាប់ តែត្រូវគេ​​ដាក់​​វិញ ៤គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) បាន៤គ្រាប់
- ភាគ​រយ​គ្រប់គ្រងបាល់៖ ៥៦%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឈ្នះយកពានមកកាន់ក្នុងដៃ នៅឆ្នាំ១៩៨៤, ២០០០
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖ ឈ្នះ២ដង ចាញ់២ដង
- ប្រកួតមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្នុងពេលកន្លងមក៖ នៅឆ្នាំ២០០០ ទល់នឹងក្រុមព័រទុយហ្គាល់ បានឈ្នះ​ដោយពិន្ទុ ២-១

- យោបល់៖ បារាំងតែងបានឈ្នះ យកពានជើងឯកមកកាន់ បន្ទាប់ពីបានឈ្នះ នៅក្នុងការប្រកួតពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្ររួច៕