ព្រឹត្តិការណ៍​ជិះកង់ ​រៃ​អង្គាស​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ

ក្រុមហ៊ុន​ទេសចរណ៍ Cambodia Cycling និងក្រុមហ៊ុន Asian Square Group រួម​ជាមួយ​និងក្រុម​ហ៊ុន​ទេសចរណ៍  Travel Loops បាន​រួម​សហការ​ជាមួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ​រៀប​ចំ​ព្រឹត្តិការណ៍​ជិះ​កង់​ប្រចាំ​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ»។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ​ខែ​សីហា ឆ្នាំ​២០១៦ ចាប់​ពី​ម៉ោង៦​ព្រឹក ដល់​ម៉ោង​១​រសៀល​ នៅ​ខេត្ត​សៀមរាប។

 

ព្រឹត្តិការណ៍​ជិះកង់ ​រៃ​អង្គាស​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ

 

នេះ​គឺ​ជា​លើក​ទី​៣​ហើយនៃ​ការ​រៀបចំ​​ព្រឹត្តិការណ៍​នេះ​ឡើង​ ក្នុង​គោល​បំណង​រៃ​អង្គាស​ថវិកា​ជួយ​ឧបត្ថម្ភ​ដល់​​​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប​។ អ្នក​រៀបចំ​កម្មវិធី​រំពឹង​ទុក​ថា ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ​នឹង​មាន​អ្នក​ចូល​រួម​ជាង ៦៥០​នាក់ ខណៈ​កាល​ពី​ព្រឹត្តិការណ៍​លើក​ទី១ មាន​អ្នក​ចូលរួម​ប្រមាណ៤៥០នាក់​ និង​លើកទី២​មាន​ប្រមាណ​៥៧០​នាក់។

 

កម្មវិធី​ជិះ​កង់​នេះ​នឹងចាប់ផ្តើម​ចេញដំណើរពី Siem Reap Art Center (អតីត​អាង​ក្រពើ​ចាស់) រួច​កាត់​តាម​ផ្លូវសម្តេច​ជាស៊ីម​ឡើង​តាម​ផ្លូវ​៦០​ម៉ែត្រ​ និង​បញ្ចប់​នៅ​ស្រះ​ស្រង់ ដោយ​មាន​ឆ្លង​កាត់​ទីក្រុង ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ ផ្លូវ​លំ​កាត់​តាម​ភូមិ​តូចៗ នៅ​ជាយ​ក្រុង​សៀមរាប ខេត្ត​សៀមរាប ដែល​មាន​ចម្ងាយ​សរុប​ជាង​១៧​គីឡូម៉ែត្រ។

 

អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ «ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ» តម្រូវ​ឲ្យ​ចុះ​ឈ្មោះ និង​បង់​ប្រាក់១៥​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​នាក់ ប៉ុន្តែ​អ្នក​ចូលរួម​នឹង​ទទួល​បាន​កង់​សម្រាប់​ជិះ​ក្នុងព្រឹត្តិការណ៍​នេះ​ចំនួន​១ អាវ​យឺត១ អាហារ​សម្រន់ ទឹកសុទ្ធ និង​អាហារ​ថ្ងៃត្រង់ ដែល​រៀបចំ​ដោយ​ភោជនីយដ្ឋាន Asian Square។

 

ការ​ទទួល​ពាក្យ​ចុះ​ឈ្មោះ​អ្នក​ចូល​រួម​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១​ ដល់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន Asian Square មន្ទីរ​ពេទ្យ​កុមារ​អង្គរ ការិយាល័យ​ក្រុមហ៊ុន​ទេសចរណ៍  Travel Loops និង​ហាង​កង់​ហោះ ខេត្ត​សៀមរាប។

 

ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ «ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ» និង​ចូលរួម​បរិច្ចាគ​ធនធាន​ថវិកា​ដល់​កម្មវិធី​នេះ គឺ​ជួយ​សម្រាល​បន្ទុក​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ក្នុង​ការ​បម្រើ​សេវា​ពិនិត្យ ព្យាបាល និង​ថែទាំ ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​កម្ពុជា​មក​ពី​គ្រប់​ទិសទី​នៃ​ព្រះរាជាណាចក្រកម្ពុជា ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​ក្តី​មេត្តា​ករុណា។

 

ព័ត៌មាន​បន្ថែម សូម​ទាក់​ទង (855) 063963 409 | www.angkorhospital.org

 

អត្ថបទៈ ដៃគូសហការ