មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ម្នាក់​​​​​​ឡើង​​​សវនាការ​​​​​​ ហើយ​​​សារភាព​​​ថា​​​ទទួល​​​សំណូក​​​

មន្ត្រីក្រសួងការបរទេសមួយរូបដែលឡើងសវនាការពីបទកិបកេងមូលនិធិសាធារណៈបានទទួលស្គាល់កាលពីថ្ងៃច័ន្ទថាបានទទួលសំណូក ដើម្បីពន្លឿនការរត់ការសុំអាជ្ញាបណ្ណនាំចេញសម្លៀកបំពាក់ ប៉ុន្តែបានប្រាប់តុលាការក្រុងភ្នំពេញថា ខ្លួនមិនបានសុំប្រាក់ទេ។ លោក អ៊ា សែ ប្រធានការិយាល័យនៃនាយកដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងកម្ពុជាជាមួយប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយក្នុងមីនា ហើយបានចោទប្រកាន់ពីរបីថ្ងៃក្រោយមក។ ក្នុងសវនាការកាលពីថ្ងៃច័ន្ទ ដើមចោទ ដែលលាក់អត្តសញ្ញាណដោយអង្គភាពប្រឆាំងអំពើពុករលួយនិងតុលាការ បាននិយាយថា អ្នកស្រីដំបូងឡើយបានមកជួបលោក សែ ដើម្បីសុំអាជ្ញាបណ្ណនាំចេញក្នុងខែតុលា បន្ទាប់ពីរោងចក្រសម្លៀកបំពាក់ដែលអ្នកស្រីធ្វើការ គឺបានទទួលសំណួរពីអតិថិជនម្នាក់ពីប្រទេសប្រេស៊ីលសម្រាប់ការបញ្ជាទិញសម្លៀកបំពាក់កីឡា។ អ្នកស្រីបាននិយាយថា លោក សែ ដំបូងទារប្រាក់៣៥០ដុល្លារ ដើម្បីរត់ការសុំអាជ្ញាបណ្ណ ដែលឥតគិតលុយទេ ហើយចុងបញ្ចប់បានទទួល៣០០ដុល្លារ ប៉ុន្តែបានបង្កើនប្រាក់ នៅពេលដែលអ្នកស្រីមានការបញ្ជាទិញច្រើនថែមទៀត។ អ្នកស្រីបាននិយាយថា “សែបានហៅទូរស័ព្ទមកខ្ញុំ ហើយនិយាយថា ឯកសារគឺស្មុគ្រស្មាញណាស់ ហើយគាត់និយាយថា គាត់ត្រូវការ៦០០ដុល្លារ ឬ៧០០ដុល្លារ ដើម្បីរត់ការ”។ ដើមចោទរូបនេះបាននិយាយថា ទីបញ្ចប់គេបានព្រមព្រៀងគ្នាត្រឹម១.០០០ដុល្លារសម្រាប់ចំនួនឯកសារសុំអាជ្ញាបណ្ណទីពីរ នៅពេលដែលអ្នកស្រីមកការិយាល័យរបស់គាត់កាលពីថ្ងៃទី៣១ ខែមីនា គឺជាថ្ងៃចាប់ខ្លួន។ លោក សែ បានសារភាពថាទាមទារសំណូកដំបូង ប៉ុន្តែនិយាយដោយទទូចថា ប្រាក់លើកទីពីរមិនបានទទួលទេ។ លោក សែ បាននិយាយអំពីសំណូកទីពីរថា “ខ្ញុំគ្មានបំណងយកប្រាក់ទេ ប៉ុន្តែគេទុកលុយឲ្យខ្ញុំរត់ការសុំអាជ្ញាបណ្ណ។ តាមទូរស័ព្ទ ខ្ញុំមិនយកទេ ហើយខ្ញុំនិយាយថា ខ្ញុំមិនគួរធ្វើទេ ប៉ុន្តែគេនៅតែមកម្តងហើយម្តងទៀត”។ លោក សែ បាននិយាយថា គាត់ត្រូវបានគេចាប់ខ្លួនដោយមានប្រាក់ក្នុងដៃ នៅពេលដែលគាត់បញ្ចូនអាជ្ញាបណ្ណទៅកាន់នាយកដ្ឋានផ្នែកច្បាប់របស់ក្រសួងការបរទេស។ គ្មានឈ្មោះរោងចក្រ ឬអ្នកបញ្ជាទិញត្រូវគេបង្ហាញក្នុងសវនាការនេះទេ។ វាមិនច្បាស់ថា ហេតុអ្វីក៏តុលាការមិនផ្តន្ទាទោសដើមបណ្តឹងពីបទសូកប៉ាន់ទេ។ លោក វ៉េង ហ៊ត់ ចៅក្រមជំនុំជម្រះបាននិយាយថា លោកនឹងប្រកាសសាលក្រមនៅថ្ងៃទី២៧ ខែកក្កដា៕     © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ម្នាក់​​​​​​ឡើង​​​សវនាការ​​​​​​ ហើយ​​​សារភាព​​​ថា​​​ទទួល​​​សំណូក​​​ appeared first on The Cambodia Daily.