ថ្លើមពាសមេឃ ! ពុះ​ដី​ជើងភ្នំ​ចែក​គ្នា​អស់

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ស្ទើរតែ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ទៅ​ហើយ​បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​រ​របស់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​បាន​អនុញ្ញាត​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ យក​ដី​សាធារណៈ​មួយ​កន្លែង​នៅ​តំបន់​អភិរក្ស​ជើងភ្នំ​យ៉ា​តទៅ​ពុះ​ចែក​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​រលូន ហើយ​ថែម​ទាំង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ដោយ​មន្ទីរ​សុរិយោដី​ថែម​ទៀត​ផង ខណៈ​ប្រជា​ព​រដ្ឋ​ក្រីក្រ​ជាង​៣០​គ្រួសារ​រស់នៅ​ភាគ​ខាងកើត​ក្បែរ​ជើងភ្នំ​យ៉ា​ត​ជា​យូរណាស់​មក​ហើយ ពោល​គឺ​តាំងពី​សមាហរណកម្ម​មក​ម្ល៉េះ បែរជា​ខាង​មន្ទីរ​សុរិយោដី​នេះ​អត់​មាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​នោះ​ទេ ។

ដី​នោះ​មាន​ទំហំ​ជាង​១០​ហិ​កតា ស្ថិត​នៅ​សងខាង​ផ្លូវ​ចាក់​បេតុង នៅ​ភាគ​ខាងលិច​ជើងភ្នំ​យ៉ា​ត ជាប់​ទីលាន​កប់ខ្មោច​ចិន និង សួន​អាពាហ៍ពិពាហ៍ ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រជាពលរដ្ឋ​បាន​រិះគន់​ចំ​ៗ​ថា ពួក​គាត់​ពិតជា​អស់សង្ឃឹម គ្មាន​ជំនឿ ដោយ​មានការ​អាក់អន់​ស្រពន់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ឃើញ​អាជ្ញាធរ​ខេត្ត​បើកដៃ​ឱ្យ​អ្នកមាន​លុយ មាន​អំណាច ឃុបឃិត​គ្នា​យក​ដី​តំបន់​អភិរក្ស ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ទៅ​ពុះ​ចែក​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​ងាយ​ៗ​បែប​នេះ ។ ម្យ៉ាងវិញទៀត បើសិនជា​អាជ្ញាធរ​ខេត្ត​យក​ដី​នោះ​ទៅ​សាងសង់​មន្ទីរ​វប្បធម៌ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ឬ​ធ្វើ​ជា​កន្លែង​ទេសចរណ៍​វិញ​នោះ ពួក​គាត់​ពិតជា​សប្បាយ​រីករាយ​ក្នុង​ចិត្ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង ។ ពួក​គាត់​បន្ត​ទៀត​ថា កាលពីមុន ដី​ត្រង់​ម្តុំ​នេះ​ជា​របស់​រដ្ឋ​ពិតប្រាកដ​មែន ដោយ​គ្មាន​នរណា​ម្នាក់​ហ៊ាន​លូកដៃ​ទៅ​ប៉ះពាល់​នោះ​ឡើយ ។ លុះ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បាន​សាងសង់​ផ្លូវ​បេតុង​រួចរាល់ ស្រាប់តែ​គេ​ឃើញ​អ្នកមាន​លុយ មាន​អំណាច នៅ​ក្នុង​ខេត្ត​បញ្ជា​ឱ្យ​ខាង​មន្ទីរ​សុរិយោដី​យក​បង្គោល​ទៅ​បោះ​ធ្វើ​ព្រំដែន បែងចែក​គ្នា​ជា​ឡូត៍​ៗ​យ៉ាង​រលូន​អស់រលីង​ទៅ​វិញ ពិតជា​ថ្លើមពាស់មេឃ ។

ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​នៅ​ទីនោះ បាន​លើក​ឡើង​ថា ពួក​គេ​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​សភាព​បែប​នេះ បើសិន​អាជ្ញាធរ​ខេត្ត​រៀបចំ​អភិវឌ្ឍ​ដី​នោះ​ឱ្យ​ក្លាយទៅជា​កន្លែង​ទេសចរ​សម្រាប់​ភ្ញៀវ​ចូល​ទៅ​លេង​កំសាន្ត​នោះ​នឹង​នាំ​មក​នូវ​ថវិកា​ជូន​ជាតិ​កាន់តែ​ច្រើន​បន្ថែម​ទៀត ។ តែបើ​យក​ដី​នោះ​ទៅ​ធ្វើ​ជា​របស់​ឯកជន​យ៉ាង​នេះនោះ អ្នក​ទទួលផល​បាន​ត្រឹមតែ​មនុស្ស​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ ។ លើស​ពី​នេះ​ទៀត រហូត​មក​ដល់​បច្ចុប្បន្ន អ្នក​ដែល​ធ្លាប់​ប្រកប​មុខរបរ​លក់ដូរ​នៅ​ទីនោះ​បន្តិចបន្តួច​នា​ពេល​ល្ងាច​ៗ ក៏​ត្រូវ​ម្ចាស់​ដី​ឯកជន​នោះ​បើករថយន្ត​ឱ្យ​កូនចៅ​គេ​មក​ដេញ​ចេញ ដោយ​ឈប់​ឱ្យ​លក់ដូរ​បន្ត​ទៅ​ទៀត​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក ហុ​ក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ដី​នោះ​គេ​មាន​ប្លង់​កាន់កាប់​ជា​កម្មសិទ្ធិ​រួចរាល់​អស់ហើយ ដោយ​លោក​អភិបាលខេត្ត​ប៉ៃលិន​ជា​អ្នក​បែងចែក​ឱ្យ​ពួក​គេ បើ​ចង់​ដឹង​ច្បាស់​ជាង​នេះ​សូម​ឱ្យ​ទាក់ទង​សួរនាំ​ទៅ​ខាង​លោក​ចុះ រីឯ​ខាង​មន្ទីរ​បាន​ត្រឹមតែ​ចេញ​ប្លង់​រឹង​ឱ្យ​ម្ចាស់​ដី​គេ​ប៉ុណ្ណោះ ៕