សង្ស័យ​ចេះ​ផ្លូវ​ងងឹត លប​បាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​បាន​ខ្មាន់កាំភ្លើង​លប​បាញ់​ត្រូវ​៥​គ្រាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ខណៈ​ពេល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ​កូន​ក្នុងផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​របស់​ជន​រង​គ្រោះ​ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​តា​គង់ ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆឹ​ម យិ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ជា​មនុស្ស​ពិការ​ភ្នែក​ម្ខាង សព្វថ្ងៃ​បម្រើ​ការងារ​នៅ​ហាង (​ផេង​គី កុំ​ព្យូ​ទ័រ​) ទល់មុខ​សណ្ឋាគារ​ខេ​អឹ​ម ខេត្តពោធិ៍សាត់ មាន​ប្រពន្ធ​ឈ្មោះ ប៊ុ​ន សា​រុន អាយុ​៣៧​ឆ្នាំ និង​កូនប្រុស​ស្រី​តូច​ៗ​ចំនួន​៣​នាក់​នៅ​ក្នុង​បន្ទុក ។

តាម​ការ​ស្រាវជ្រាវ​បញ្ជាក់​ថា នៅ​យប់​នោះ​បន្ទាប់​ពី​ទទួលទាន​អាហារ​ពេល​ល្ងាច​រួច ជន​រង​គ្រោះ​រួម​ជាមួយ​ប្រពន្ធ​និង​កូន​ៗ​បាន​នាំ​គ្នា​អង្គុយ​មើល​ទូរទស្សន៍​ក្នុងផ្ទះ​ស្លឹក ខណៈនោះ​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​លប​មក​លួច​បាញ់​សម្លាប់ រួច​ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៥​កក្កដា​នេះ សមត្ថកិច្ច​ខេត្ត និង ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ​សាកសព​ជន​រង​គ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ត្រូវ​ចំនួន​៥​គ្រាប់ គឺ​ដើមទ្រូង​៣​គ្រាប់ និង ភ្លៅ​២​គ្រាប់ ។ រក​ឃើញ​សំបក​គ្រាប់​ធុន​អាកា​ចំនួន​៤ និង​ក្បាល​គ្រាប់​ចំនួន​មួយ ។

បន្ទាប់​ពី​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​រួច​មក​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​នេះ​ជា​រឿង​គំនុំ មិនមែន​ជា​ករណី​ប្លន់​នោះ​ទេ ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស៊ើបអង្កេត​ករណី​មនុស្សឃាត​នេះ ដើម្បី​ស្វែង​រកមុខ​ឃាតករ​ពិតប្រាកដ​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។

ប្រភព​ព័ត៌មាន​និយាយ​ថា ជន​រង​គ្រោះជា​មនុស្ស​ចេះ​មន្តអាគម​អូ​ម​អាម​ខាង​ផ្លូវ​ងងឹត ដែល​ធ្វើ​ឲ្យ​អ្នកស្រុក​អ្នក​ភូមិ​ភ័យ​ខ្លាច​ក្នុង​ការ​រស់នៅ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​នេះ​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម​ប៉ុណ្ណោះ ឯ​រឿង​ពិត​យ៉ាងណា​នោះ​គឺ​ស្ថិត​នៅ​លើ​សមត្ថកិច្ច​ជា​អ្នក​ស្រាវជ្រាវ ៕