បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ស្រុក​ស្នួល ខេត្តក្រចេះ កើតឡើង​ឥតឈប់ឈរ​

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​យកទៅលក់​នៅ​ស្រុក​យួន បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​ឡើយ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​បង្ក្រាប​រថយន្ត​ហ៊ីយ៉ាន់ដាយ​១​គ្រឿង​ដឹកឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ​រាប់រយ​ដុំ​ដែលមាន​បរិមាណ​ជិត​១០​ម៉ែត្រគូប នៅ​ចំណុច​ភូមិ​ប៉ោ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​កន្លងមក​មានតែ​កម្លាំង​អាវុធហត្ថ​ទេ ដែល​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គិតតែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដែល​ចូលរួម​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​កាលពី​ថ្ងៃទី​០៣ ខែកក្កដា នៅ​ឃុំ​ឃ្សឹ​ម បាន​ឲ្យ​ដឹងថា​ឈើ​ទាំងនោះ​ត្រូវ​ឈ្មួញ​ប្រុង​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​មួយចំនួន​នៃ​តំបន់​ជាប់​ព្រំប្រទល់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្តក្រចេះ​។ នៅពេល​កម្លាំង​អាវុធហត្ថ​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​នោះ ម្ចាស់​រថយន្ត​បាន​បើក​ត្រឡប់ក្រោយ​យកទៅ​លាក់ទុក​នៅក្នុង​ព្រៃ​ភូមិ​ប៉ោ ឃុំ​ឃ្សឹ​ម ហើយ​កម្លាំង​អាវុធហត្ថ​ក៏​សម្រេច​ចាប់​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ស្នួល ដើម្បី​វាស់វែង​និង​ចាត់វិធានការ​តាម​នីតិវិធី​។ ទន្ទឹមនឹងនេះ​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ឃ្សឹ​ម បាន​ឲ្យ​ដឹងថា​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ពុំមាន​ការថយចុះ​នោះទេ​។

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកឈើ​ចេញពី​តំបន់​ដី​សម្បទាន​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី យកទៅលក់​នៅ​ស្រុក​យួន​តាមផ្លូវ​ជ្រោះ​ជ្រៅ និង​ផ្លូវ​មួយទៀត​ឆ្លងកាត់​ក្រុមហ៊ុន​ធី​ធី​វ៉ា​យ ជាប់​ព្រំប្រទល់​ស្រុក​កែវ​សីមា និង​ស្រុក​ស្នួល​។ ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​សមត្ថកិច្ច​នៅតាម​ព្រំដែន​ដោយមាន​ការបែងចែក​ផលប្រយោជន៍​គ្នា​យ៉ាង​រលូន​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​រាលដាល​៕

res-2 res-1