ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ នៅតែ​ប្រឈម​នឹង​ការរិះគន់​

បើទោះបី​រឿងអាស្រូវ​របស់​មន្ត្រី​គយ​នៅ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនទាន់​ចាត់វិធានការ​ទៅលើ​មន្ត្រី​គយ​ខិលខូច​ពុករលួយ​ទាំងនោះ​ឡើយ​។ ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឆែ សុធា ត្រូវបាន​ក្រុម​អ្នករត់​តាក់ស៊ី អ្នកបើក​រថយន្តឈ្នួល​ដឹកទំនិញ លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​លោក គុណ ញឹម ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​ការរិះគន់​នោះ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​បក្ខពួក​ក្រោម​ឱវាទ ជាពិសេស​គយ​ចល័ត​បង្កើត​កុងត្រូលជជុះ​លើផ្លូវ​ជាតិ​លេខ​៥ ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ជំរិត​យកលុយ​ពី​អ្នករត់​តាក់ស៊ី និង​អ្នកបើក​រថយន្តឈ្នួល​តា​ម​អំពើ​ចិត្ត​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​រិះគន់ថា​បន្ទាប់ពី​លោក ឆែ សុធា មក​ធ្វើជា​មេ​គយ​ប្រចាំខេត្ត​នេះ គឺ​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ តាម​ការអះអាង​របស់​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក ឆែ សុធា មាន​លោក គុណ ញឹម ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​នៅ​ខាងលើ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ការបើក​ដៃ​ឲ្យ​មន្ត្រី​គយ​ក្រុង​ប៉ោយប៉ែត ជំរិត​យកលុយ​ពី​អ្នករត់​តាក់ស៊ី និង​អ្នកបើក​រថយន្តឈ្នួល​ទាំងយប់​ទាំង​ថ្ងៃ​។

ប្រភពពី​ឈ្មួញ អាជីវករ និង​អ្នករត់​តាក់ស៊ី​មួយចំនួន​បាន​ឲ្យ​ដឹងថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​ឲ្យ​សមត្ថកិច្ច​គយ​នៅ​ច្រកព្រំដែន​តាមច្បាប់​យ៉ាងណាក៏ដោយ ក៏​ក្រុម​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​៥​នៅតែ​គាបសង្កត់​ឲ្យ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​ទើប​គ្មាន​ការរំខាន​។ ឈ្មួញ​ខ្លះ​បាន​ឲ្យ​ដឹងថា ចាប់ពី​ច្រកព្រំដែន​ប៉ោយប៉ែត ទៅដល់​ទី​រួម​ខេត្តបន្ទាយមានជ័យ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​គយ​៣​កន្លែង គឺ​នៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នៅ​សាលា​ក្រហម​ស្រុក​អូរជ្រៅ និង​នៅក្បែរ​មន្ទីរ​សាធារណការ​ខេត្ត​។ កុងត្រូលជជុះ​របស់​គ​យ​ខេត្តបន្ទាយមានជ័យ​ទាំង​៣​កន្លែង​នេះ កំពុង​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ព្រោះ​មន្ត្រី​គយ​ជំរិត​យកលុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​៕

hong-06893-1លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ khmeryouthnews_2016-05-22_10-12-49-660x500