​លោក កឹម សុខា បញ្ជាក់ថា​ស្ថានភាព​នយោបាយ​កម្ពុជា​នៅតែមាន​ភាព​តានតឹង​នៅឡើយ​

​បើទោះជា​មន្ត្រី​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​បំភ្លៃ​ការពិត​ដោយ​ថ្លែងប្រាប់​មតិសាធារណ​ជាតិ និង​អន្តរជាតិ​ថា​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាពប្រក្រតី​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​លោក កឹម សុខា ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​ជាថ្មី​ថា​ស្ថានភាព​នយោបាយ​កម្ពុជា​នៅតែមាន​ភាព​តានតឹង​នៅឡើយ​។ ការបញ្ជាក់​របស់លោក កឹម សុខា យ៉ាង​ដូច្នេះ​គឺ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​អង្គប្រជុំ​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមជាមួយ​គណៈកម្មាធិកា​រ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​កណ្ដាល កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៦​។​

ក្នុងឱកាស​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​ការវិវត្តន៍​នៃ​ស្ថានភាព​នយោបាយ និង​ផែនការ​សកម្មភាព​ដែល​គណបក្ស​ត្រូវធ្វើ​ចំពោះមុខ​។ លោក កឹម សុខា បាន​បញ្ជាក់ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នៅតែមាន​ភាព​តានតឹង​នៅឡើយ សូម្បីតែ​សហគមន៍​អន្ដរជាតិ ក៏​ដូច​ប្រជាពលរដ្ឋ​ខ្មែ​ភាគច្រើន ក៏មាន​ការព្រួយបារម្ភ​ដូច្នេះ​ដែរ​។ លោក កឹម សុខា បាន​បន្តថា ផែនការ​សកម្មភាព​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​ចំពោះមុខ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ដ​អនុវត្តន៍​នូវ​អ្វី​ដែលជា​សេចក្ដីសម្រេច​របស់ គណៈកម្មាធិការ​អចិន្ដ្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក ដូចជា​៖ ការតស៊ូ​មតិ​តាមរយៈ​សកម្មជន ប្រជាពលរដ្ឋ​ខ្មែរ និង​ការតស៊ូ​មតិ​តាមរយៈ​សហគមន៍​អន្ដរជាតិ​។​

​ជាមួយគ្នា​នឹង​មធ្យោបាយ​ដោះស្រាយ​បញ្ហានយោបាយ​ខាងលើនេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នៅតែ​ទាមទារ ឲ្យ​មានការ​ជួបចរចា​គ្នា រវាង​គណបក្ស​ធំៗ​ទាំងពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​រដ្ឋសភា​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ករណីនេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បោះដៃ​ទំនាក់ទំនង​ទៅកាន់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​រួចហើយ ក៏ប៉ុន្ដែ​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​ទទួលបាន​ចម្លើយ​ជា​វិជ្ជមាន​នៅឡើយ​ទេ​។ គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ  និង​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​តែ​ពីរ​គត់​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​កម្ពុជា​នៅតែ​មិនអាច​ផ្តើម​ការចរចា​ជាថ្មី​តាមរយៈ​វប្បធម៌​សន្ទនា​នៅឡើយ​៕

13557820_1396906586993303_1879847124297290755_n 13567265_1396906596993302_3865058636614787393_n