ជប៉ុន​ផ្តល់​ជាង ២៥ ម៉ឺន​ដុល្លារ សម្រាប់​លើកកម្ពស់ ការអប់រំ​បញ្ចូល​គ្នា នៅ​កម្ពុជា​

ភ្នំពេញ:
ក្រោម​គ្រោងការណ៍ នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​របស់ អង្គការ ក្រៅរដ្ឋាភិបាល​ជប៉ុន រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ចំនួន ២៥៦.៣១៧ ដុល្លារ​អាមេរិក ដល់​អង្គការ​សមាគម សម្រាប់​ជំនួយ និង​សង្គ្រោះ​នៃ​ប្រទេស​ជប៉ុន (​អង្គការ AAR ជប៉ុន​) ដើម្បី​អនុវត្ត “​គម្រោង​លើកកម្ពស់ ការអប់រំ​បញ្ចូល​គ្នា សម្រាប់​កុមារ​ពិការ នៅ​ខេ​ត្ត្ក​កណ្តាល ដំណាក់កាល​ទី​២”  ។​

​កិច្ចសន្យា​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​៤ ខែ​កក្ត​ដា  ឆ្នាំ​២០១៦ ដោយ​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកស្រី សូ​ណូ​ដា តូ​ម៉ូ​កូ នាយិការ​អង្គការ AAR ជប៉ុន នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន បាន​មានប្រសាសន៍ថា អង្គការ AAR ជប៉ុន នឹង​ជួយ​លើកកម្ពស់ ការអប់រំ​បញ្ចូល​គ្នា តាមរយៈ​ការបង្កើត​ឲ្យ​មាន ជម្រាល​សម្រាប់​កុមារ​ពិការ នៅក្នុង​សាលារៀន និង​ការរៀបចំ​អោយមាន ការបណ្តុះបណ្តាល​គ្រូបង្រៀន សម្រាប់​កុមារ​ពិការ ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ជាមួយនឹង​គម្រោង​នេះ សិស្សានុសិស្ស និង​លោកគ្រូ​-​អ្នកគ្រូ ព្រមទាំង​ប្រជា​សហគមន៍ ប្រមាណ​ជា ៣.៣០០ នាក់ នឹង​ទទួលបាន​ចំណេះដឹង អំពី​ពិការភាព ហើយ​គម្រោង​នេះ រំពឹងថា នឹង​នាំអោយ​អត្រា នៃ​ការចុះឈ្មោះ​ចូលរៀន របស់​កុមារ​ពិការ មាន​ចំនួន​កើនឡើង​។​

​លោក​ទូត​ជប៉ុន បានបញ្ជាក់​បន្ថែមថា កម្មវិធី​ជំនួយឥតសំណង សម្រាប់​គម្រោង​របស់ អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន បានចាប់ផ្តើម នៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់ អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា ឡើងវិញ នៅតាម​កំរិត​មូលដ្ឋាន​។ ចាប់តាំងពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជាង ២៦,១ លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​ចំនួន ៩៤​គម្រោង ដែល​ផ្ដោត​សំខាន់ ទៅលើ​វិស័យ​អប់រំ នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសំអាត​មីន​។ គម្រោង​នេះ គឺជា​គម្រោង​ទី​១ តាមរយៈ​គ្រោងការណ៍ នៃ​ជំនួយ​នេះ សម្រាប់​ឆ្នាំសារពើពន្ធ ឆ្នាំ​២០១៦ របស់​ជប៉ុន (​មេសា ២០១៦ ដល់​មិនា ២០១៧)៕N​/S