ផ្ដន្ទាទោស​ឧត្ដមសេនីយ៍ទោ​កងទ័ព​ម្នាក់​​ ​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ភរិយា​លោក​ដុំ ហាក់

ផ្ដន្ទាទោស​ឧត្ដមសេនីយ៍ទោ​កងទ័ព​ម្នាក់​​ ​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ភរិយា​លោក​ដុំ ហាក់



ភ្នំពេញ ​៖​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​កក្កដា ឆ្នាំ​២០១៦ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក​ឧត្ដមសេនីយ៍​ កែវ មាស ពិន័យ​ជា​ប្រាក់​៥​លាន​រៀល​បង់​ចូល​ថវិកា​រដ្ឋ​ និង​បង្គាប់​ឲ្យ​ជនជាប់ចោទ​សងជំងឺចិត្ត​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ លោក​ស្រី​ជា គង្គា ​ចំនួន​២០​លាន​រៀល ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។

សាលក្រម​នេះ ​ប្រកាស​កំបាំងមុខ​ជនជាប់ចោទ ​លោក​កែវ មាស តែ​ចាត់ទុកជា​ចំពោះ​មុខ ​​ហើយ​បើក​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

គួរ​រំលឹក​ថា លោក​កែវ មាស ​នាយការិយាល័យ​ទី​២ នៃ​បញ្ជា​ករដ្ផាន​កងទ័ពជើងគោក ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​តុលាការ​ក្រុងភ្នំពេញ​កោះហៅ​ឲ្យ​ចូល​ខ្លួន​មក​អយ្យការ​អម​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ​ខែ​មេសា ឆ្នាំ​២០១៦ ដើម្បី​សាកសួរ​ករណី​បរិហារកេរ្តិ៍​ភរិយា​លោក​ឧត្ដមសេនីយ៍ ដុម ហាក់។

ចុង​ចម្លើយ លោក កែវ មាស និង​អ្នក​អម​ដំណើរ​៣​នាក់​ទៀត​បាន​ចូលខ្លួន​មក​តុលាការ​តាម​ដីកា​កោះហៅ​របស់​តំណាង​អយ្យការ ហើយ​ក្រោយពី​សាកសួរ​រួច លោក​ព្រះរាជអាជ្ញា​បាន​អនុញ្ញាត​ឲ្យ​លោក កែវ មាស​ទៅ​លំនៅឋាន​វិញ។ ក្រោយមក​សំណុំ​រឿង​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ហើយ​បញ្ជូន​មក​តុលាការ​ធ្វើការ​ជំនុំជម្រះ​នៅ​ចំពោះ​មុខ​ជនជាប់ចោទ និង​លើក​មក​ប្រកាស​សាលក្រម​នា​ថ្ងៃ​ទី​០៥ ​ខែ​កក្កដា ឆ្នាំ​២០១៦​នេះ។

ពាក់ព័ន្ធ​ករណី​នេះ បើ​តាម​ពាក្យបណ្ដឹង​របស់​លោក​ស្រី ជា គង្គា ភរិយា​លោក​ឧ​ត្ត​ម​សេនីយ ដុម ហាក់ ដែល​ដាក់​ចូល​តុលាការ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២១ ​​​ខែមីនា ឆ្នាំ ២០១៦ លោក កែវ មាស បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ BT-NEWS ហើយ​អ្នក​សារព័ត៌មាន​បាន​យក​ការ​សម្ភាសន៍​នោះ​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅក្នុង​គេហទំព័រ Bt-news.com នៅ​ថ្ងៃទី ២៣ ​ខែ​មីនា​ ឆ្នាំ ២០១៦ មាន​ខ្លឹមសារ​បរិហារកេរ្តិ៍​ លោកស្រី ជា គង្គា យ៉ាងខ្លាំង ដូចជា​ប្រើ​ពាក្យ​ចោទ​ប្រកាន់​ថា ១ ~​ឯកឧត្ដម ដុម ហាក់ គាត់​ឲ្យ​ប្រពន្ធក្រោយ​រុញ​មក​ចាប់​យក​ដី ២​ហិកតា​នៅ​បន្ទាយ​ស្រី​លក់​បាត់​ទៅ ! ២~ ឯកឧត្តម​ដុម ហាក់ ហ្នឹង​ណា​គឺ​ប្រពន្ធចុង​រុញ​ចាប់​យក​ដី​គ្រប់កន្លែង មិនមែន​មួយ​ហ្នឹង​ទេ នៅតាម​ព្រំដែន​ឲ្យ​តែ​ដី​ណា​មិន​ច្បាស់លាស់​ចាប់យក​បាត់។ ៣~ ជំទាវ​ចំតិត មិន​ដឹង​យ៉ាង​​ម៉េច​ទេ ឲ្យ​គេ​ថត​សំឡេង​ខ្ញុំ​យក​ទៅ​ប្ដឹង។

ពាក្យពេចន៍​ទាំង​អស់​ខាង​លើ​នេះ​ លោកស្រី ជា គង្គា ​ចាត់ទុកជា​អំពើ​បរិហារកេរ្តិ៍ ព្រោះ​ជា​ការ​និយាយ​បំផ្លើស​ការពិត មាន​ចរិត​មួលបង្កាច់ ​ដោយ​គ្មាន​ភស្តុតាង និង​ប្រមាថ​ស្ត្រីភេទ​យ៉ាង​ធ្ងន់ធ្ងរ​មិន​អាច​ទទួលយក​បាន​ឡើយ៕