បុរស​ម្នាក់​ប្រើ​ចង្កឹះ​គាស់​គំរប​ដប​ស្រា​បៀរ​ផឹក ចៃដន្យ ត្រូវ​ចាក់​លិច​កប់​ក្នុង​ដៃ​ខ្លួនឯង ដក​អត់​ដឹង​នៅសល់​១​បំណែក​ទៀត​ជាង​១​ខែ ព្រោះ​ស្រវឹង​ពេក​

បុរសម្នាក់នៅក្នុងប្រទេសចិន បានទៅឲ្យគ្រូពេទ្យពិនិត្យ បន្ទាប់ពីគាត់មានអារម្មណ៍ថា ចេះតែឈឺក្តូកៗ និងក្លាយជាដំបៅ នៅដៃរបស់គាត់ ដែលជួបគ្រោះថ្នាក់ផឹកស៊ី កាលពីដើមខែនេះ ។ លទ្ធផល គ្រូពេទ្យនៅ Xiamen បានរកឃើញបំណែកឈើចង្កឹះនៅដោតជាប់ក្នុងដៃរបស់គាត់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Zeng និយាយថា បំណែកឈើចង្កឹះបានកប់ក្នុងដៃរបស់គាត់ អស់រយពេលជាង១ខែ ក្រោយជួបហេតុការណ៍ព្យាយាមបរាជ័យ ក្នុងការគាស់គំរបដបស្រាបៀរផឹក ។

Zeng ពន្យល់ថា គាត់បានរងរបួសមិននឹកស្មាននេះ ខណៈចូលរួមផឹកស៊ីជាមួយមិត្តភក្តិ ។ ខណៈពេលដែលស្រវឹងធ្លាក់ភ្នែក គាត់ក៏ត្រូវការថែមស្រាបៀរ១ដបទៀត និងប្រើចង្កឹះចាប់សាច់ក្លែម ដើម្បីគាស់គំរបដបស្រា ។ ទោះយ៉ាងណា ចៃដន្យ គាត់ក៏ចាក់ខ្លួនឯងជាមួយឈើចង្កឹះនោះតែម្តង ។ Zeng និយាយថា ខណៈពេលនោះ គាត់ដកឈើដែលបុកទម្លុះស្បែកគាត់១បំណែកចេញផងដែរ, ប៉ុន្តែ គាត់មិនបានដឹងថា បំណែកឈើចង្កឹះស្ថិតនៅក្នុងដៃទៀតឡើយ ។

ទោះជាយ៉ាងណា ក្រោយលាងរបួសរួចរាល់, Zeng បានមានអារម្មណ៍ល្អឡើងវិញ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ដៃរបស់គាត់ចាប់ផ្តើមហើម និងចេញខ្ទុះ ។

ខណៈពេលដែលស្ថានភាពរបួសនេះកាន់តែអាក្រក់, ជាចុងក្រោយ គាត់បានសម្រេចចិត្តទៅកាន់មន្ទីពេទ្យ, ទីកន្លែងដែលគ្រូពេទ្យបានប្រើដង្កាប់ដកឈើចង្កឹះនោះចេញពីក្នុងដៃរបស់គាត់ ។

គ្រូពេទ្យនិយាយថា បំណែកឈើចង្កឹះនេះ មានប្រវែង ៨ សង់ទីម៉ែត្រ ៕