លោក កែប កត់ ធ្វើ​មិនដឹងមិនឮ​រឿង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​យួន​ឆ្លងកាត់​ស្រុក​អូ​រយ៉ា​ដាវ​

បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ទឹកដី​ស្រុក​អូរ​យ៉ា​ដាវ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​មន្ត្រីក្រោមឱវាទ មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ជាក់ស្តែង​ថ្មីៗ​នេះ​ឈើ​សុ​ក្រំ​ជាច្រើន​កំណាត់​ដែល​ឈ្មួញ​កាប់​ដឹក​ចេញពី​តំបន់​ព្រៃ​សហគមន៍ និង​ព្រៃ​ដែន​ជម្រក​សត្វ​លំផាត់ តាម​គោយន្ត​កែច្នៃ​ត្រូវបាន​ឈ្មួញ​ទម្លាក់ចោល​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​៧២ ម៉ែន សារុន នៅ​ភូមិ​ស៊ូ​ស ឃុំ​យ៉ាង​ទុង ស្រុក​អូរ​យ៉ា​ដាវ​។ ការដែល​ឈ្មួញ​ទម្លាក់​ឈើ​ចោល​បែបនេះ​កើតឡើង​ក្រោយពេល​អ្នកភូមិ​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រឿង​ឈ្មួញ​ដឹកឈើ​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦ មាន​គោយន្ត​កែច្នៃ​៤​គ្រឿង​ដឹកឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ​ចេញទៅ​ស្រុក​យួន ហើយ​ប្រជា​សហគមន៍​ក៏​រាយការណ៍​ទៅ​អ្នកសារព័ត៌មាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​បង្ក្រាប​ទាំងយប់​។ នៅពេលនោះ​ឈ្មួញ​ដឹកឈើ​ភ័យ​ស្លន់ស្លោ​ក៏​បើក​គោយន្ត​ចូលទៅ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​៧២ ម៉ែន សារុន ហើយ​ទម្លាក់​ឈើ​ចោល​១១៦​ដុំ​មាន​មុខកាត់​៣០X៤០​សង់ទីម៉ែត្រ និង​មាន​បណ្ដោយ​២​ម៉ែត្រ​ទៅ​៤​ម៉ែត្រ​។ ប្រជា​សហគមន៍​មួយរូប​បាន​ឲ្យ​ដឹងថា ឈ្មួញ​ម្ចាស់​គោយន្ត​ដឹកឈើ​ទាំង​៤​គ្រឿង​នោះ ទី​១​ឈ្មោះ ធី​ន ទី​២​ឈ្មោះ ម៉ៅ ទី​៣​ឈ្មោះ ទី និង​ទី​៤​ឈ្មោះ ម៉ាប់ ហើយ​ឈ្មួញ​ទាំង​៤​នាក់​នេះ​តែងតែ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ជាច្រើន​ឆ្នាំ​មកហើយ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ប្រសិនបើ​បទល្មើស​ដឹកឈើ​នោះ មិនដឹង​ដល់​អ្នកសារព័ត៌មាន​ទេ គឺ​ឈ្មួញ​ទាំង​៤​នាក់​អាច​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន ប៉ុន្តែ​ដោយសារ​ប្រជា​សហគមន៍​រាយការណ៍​ទៅ​អ្នកសារព័ត៌មាន និង​សមត្ថកិច្ច​មួយចំនួនទៀត ទើប​ឈ្មួញ​គេចខ្លួន​ចោល​ឈើ​តែម្តង​។ មានការ​រិះគន់​ចំៗ​ថា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ទើប​បទល្មើស​បន្ត​កើតមាន​ឥតឈប់ឈរ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ឈ្មួញ​ឈើ​មួយចំនួន​ត្រូវបាន​គេ​ដឹងថា ជា​សាច់ញាតិ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត​រន​ត​គិរី​ទៀតផង​៕

d9cd0014-32a7-4228-bf3f-feaff24566ab f7f3cf1f-e15e-4ef8-ab37-9914b7c7b55d aae4393c-1d58-4dae-ba0e-84a7740aa4ce 9c83b778-a674-4bf6-a498-a8af31fe195c