អភិបាលខេត្ត​បាត់ដំបង ចេញមុខ​កាង​អភិបាលស្រុក​ថ្មគោល ដែលមាន​រឿងអាស្រូវ​ពុករលួយ​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង កំពុង​ត្រូវ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ រិះគន់​យ៉ាងខ្លាំង​បន្ទាប់ពី​លោក​ចេញមុខ​ការពារ​លោក គង់ លី អភិបាលស្រុក​ថ្មគោល ដែល​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ ហើយ​ត្រូវគេ​បាច​ខិតប័ណ្ណ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​រិះគន់​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ផងដែរ ដោយសារតែ​អភិបាលខេត្ត​រូបនេះ មិន​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​ករណី​អភិបាលស្រុក​ថ្មគោល កេងប្រវ័ញ្ច​ថវិការដ្ឋ​រាប់ម៉ឺន​ដុល្លារ​។ ទោះជា​យ៉ាងណា​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​របស់លោក គង់ លី ប្រកបដោយ​តម្លាភាព​។

បញ្ហា​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​នោះ គឺ​លោក ច័ន្ទ សុផល បញ្ជាក់ថា​លោក​នឹង​មើល​ខុសត្រូវ​ផ្ទាល់​ចំពោះ​លោក គង់ លី អភិបាលស្រុក​ថ្មគោល ទាក់ទិន​នឹង​ការចោទប្រកាន់​កេងប្រវ័ញ្ច​ថវិកា​៧០​លាន​រៀល​(១៧៥០០​ដុល្លារ​) ដែល​ទុក​សម្រាប់​សាងសង់​ផ្លូវ​២​ខ្សែ ហើយ​មិន​បញ្ជូន​រឿងនេះ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។ ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញថា លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង កំពុង​ចេញមុខ​កាង​លោក គង់ លី ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់ ហើយ​ថែមទាំង​រារាំង​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថែមទៀត​។ ដូច្នេះ​ក្រសួងមហាផ្ទៃ គួរ​ពិនិត្យ​ទង្វើ​មិន​ប្រក្រតី​របស់លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ជាបន្ទាន់ កុំ​ឲ្យ​អភិបាលខេត្ត​រូបនេះ​យក​អំណាច​របស់ខ្លួន​ទៅ​កាង​អភិបាលស្រុក​ថ្មគោល ដែល​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រិះគន់ថា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង កំពុង​ធ្វើ​ហួស​ព្រំដែន​របស់លោក​។ លោក ឱម យ៉ិនទៀង បានបញ្ជាក់​ទៀតថា ជា​អភិបាលខេត្ត​ពុំមាន​សិទ្ធិ​ស៊ើបអង្កេត​ឬ​សម្រុះសម្រួល​ករណី​ពុករលួយ​បានទេ ព្រោះ​បទល្មើស​គឺជា​បទល្មើស​ឧក្រិដ្ឋ ដូច្នេះ​គេ​ត្រូវតែ​បញ្ជូន​របាយការណ៍​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាមច្បាប់​។ លោក ឱម យ៉ិនទៀង បាន​សង្កត់ធ្ងន់ថា​អភិបាលខេត្ត​មិនអាច​បញ្ចប់​ករណី​ពុករលួយ​បានទេ បើទោះបី​អភិបាលស្រុក​ថ្មគោល សង​ប្រាក់​វិញ​ក៏ដោយ​ក៏​គាត់​មិនអាច​គេចផុត​ពី​សំណាញ់​ច្បាប់​បានដែរ​។ សំដី​របស់លោក ឱម យ៉ិនទៀង បែបនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រង់​ចាំមើល​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅលើ​លោក គង់ លី អភិបាលស្រុក​ថ្មគោល បើទោះបី​លោក ច័ន្ទ សុផល ខំ​ចេញមុខ​កាង​យ៉ាងណាក៏ដោយ​៕

2320162259bbaលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង  76d94470-3e94-4a1b-99c6-48f527141556លោក គង់ លី អភិបាលស្រុកថ្មគោល