រថយន្ត​បែន​ដឹក​ដី​បុក អ្នកជិះ​ម៉ូតូ​របួសធ្ងន់ និង​ស្រាល​២​នាក់ ហើយ​បើក​រត់​ទៅបុក​របង​ផ្ទះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ម្នាក់​បាក់​ខ្ទេច​អស់​១៤​ម៉ែត្រ​ទៀត​

ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​១​គ្រឿង បាន​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​បណ្តាលអោយ​រងរបួស​​ធ្ងន់ និង​ស្រាល រួចមក​បាន​បើក​រត់គេច​ពី​កន្លែងកើតហេតុ ហើយ​បានមក​បុក​របង​ផ្ទះ សមាជិក​ក្រុម​​ប្រឹក្សា​ខេត្ត​ម្នាក់​ម្តងទៀត ទើប​រថយន្ត​ជាប់​ទៅមុខ​លែងរួច ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ១១ និង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី​០៣ ខែ កក្កដា ឆ្នាំ​២០១៦ នៅ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​ផ្សារ​ជ្រៃ​បាក់ ស្ថិតក្នុង​ភូមិ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ និង​បន្ត​បុក​របង​ផ្ទះ​ម្តងទៀត នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

លោក ទឹម ច​ន្ឋី អធិការនគរបាល ស្រុក​រលាប្អៀរ បានអោយដឹងថា​៖ រថយន្ត​បង្ក​ខាងលើ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A.1916 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ​។ ចំណែក​ជនរងគ្រោះ រងរបួស​ធ្ងន់​មានឈ្មោះ ទិន សាយ ៤៩​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ និង​អ្នកជិះ​ពីក្រោយ​ឈ្មោះ​យិន ឡូត អាយុ​៤២​ឆ្នាំ រងរបួស​ស្រាល ទាំង​ព​២​នាក់​ពួកគេ មាន​ទីលំនៅ ភូមិ​បំពង់​ផ្ចឹក ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​បាន​ជិះ ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ តាម​បណ្តោយ ផ្លូវជាតិ ក្នុង​ដំណើរ​ពី​ត្បូង មក​ជើង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត ដឹក​ដី​ខាងលើ បាន​បើក​ជែង​វ៉ា​ម៉ូតូ ជនរងគ្រោះ​មិន​ផុត ក៏​បុក​ពីក្រោយ បណ្តាលអោយ​ជនរងគ្រោះ​ទាំង​២​នាក់ រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល ម្នាក់​។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក មិនបាន​ឈប់​រថយន្ត​ទេ គឺ​បាន​បើក​រត់​ចូលមកក្នុង​ក្រុង​កំពង់ឆ្នាំង​ទាំង​ភ័យ​ស្លន់ស្លោរ​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ ក៏​ជ្រុល​ទៅបុក​របង​ផ្ទះ​សមាជិក ក្រុម ប្រឹក្សា​ខេត្ត​ម្នាក់ នៅក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង បណ្តាលអោយ​ធ្លាយ​បាក់​ពី​ម្ខាង​ទៅ​ម្ខាង ជាង​១០​ម៉ែត្រ​ទៅមុខ​លែងរួច ហើយ​អ្នកបើកបរ​រថយន្ត​នោះបាន​រត់គេចខ្លួន​បាត់ ។​ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ តែដោយសារ​របួសធ្ងន់​ពេក ជនរងគ្រោះ​របួសធ្ងន់ ត្រូវបាន​មន្ទី​ពេទ្យ​ខេត្ត ដឹក​យកទៅ​សង្គ្រោះ​បន្តទៀត​នៅ​មន្ទីរពេទ្យ ក្រុងភ្នំពេញ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ របង​ផ្ទះ លោក ម៉ែន ធឿន សមាជិក ក្រុមប្រឹក្សា​ខេត្ត បាន​បាក់​អស់​១៤​ម៉ែត្រ និង​បាក់​ដើម​ស្លា អស់​៣​ដើម ។ ចំណែក​រថយន្ត​បង្ក​ខាងលើ ត្រូវ បាន​សមត្ថកិច្ច យកទៅ​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​រលាប្អៀរ ដើម្បី​រង់ចាំ​ការ​ដោះ ស្រាយ ជាមួយ​ជនរងគ្រោះ និង​ម្ចាស់ផ្ទះ​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-04-07-2016-23JPG KA-04-07-2016-24. KA-04-07-2016-24