ADB គាំទ្រ​ដល់​សង្គម​ស៊ី​វិល​ដើម្បី​ជួយ​សហគមន៍​ឆ្លើយតប​ចំពោះ​ការ​ប្រែប្រួលអាកាសធាតុ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១ កក្កដា ២០១៦ ៖ អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ប្រទេស​កម្ពុជា នឹង​ទទួល​បានការ​គាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ជួយ​ដល់​សហគមន៍ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ តាម​រយៈ​គម្រោង​គាំទ្រ​ដល់​សង្គម​ស៊ី​វិល ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ ។

គម្រោង​ដែល​ទទួល​បាន​ថវិកា​គាំទ្រ​ពី​កម្មវិធី​សាកល្បង​សម្រាប់​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ ក្រោម​មូលនិធិ​វិនិយោគ​អាកាសធាតុ​នេះ នឹង​ផ្តល់​ថវិកា​ចំនួន​១,៤​លាន​ដុល្លារ ក្នុង​ទម្រង់​ជា​ជំនួយ​ខ្នាត​តូច​ៗ​សម្រាប់​គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​១៩ ដើម្បី​បញ្ជ្រាប​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​ក្នុង​ប្រតិបត្តិការ​ការងារ​របស់​ពួក​គេ​។ អង្គការ​ទាំងនេះ​នឹង​អនុវត្ត​គម្រោង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​តាម​សហគមន៍ ក្នុង​វិស័យ​ជា​ច្រើន ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការ​គ្រប់គ្រង​ធនធានទឹក ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនាម័យ អប់រំ និង​សុខភាព ក៏​ដូច​ជា​លើកកម្ពស់​ការ​ការពារ​បរិស្ថាន​ក្នុង​ខេត្ត​ចំនួន ១៧ ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក Ancha Srinivasan អ្នកឯកទេស​ខាង​ការ​ប្រែប្រួល​អាកាសធាតុ​នៃ​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍​របស់ ADB មាន​ប្រសាសន៍​ថា ៖ « គម្រោង​គាំទ្រ​ដល់​សង្គម​ស៊ី​វិល​នេះ នឹង​ជួយ​ដល់​អង្គការ​សង្គម​ស៊ី​វិល​ទាំងនេះ​ឲ្យ​បំពេញ​តួនាទី​កាន់តែ​ធំ​ជាង​មុន ដើម្បី​លើកកម្ពស់​សហគមន៍​នានា​ក្នុង​ប្រទេស​កម្ពុជា ឆ្លើយ​តប​ចំពោះ​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ » ។

លោក​បន្ត​ថា ៖ « ចូលរួម​ក្នុង​កម្រិត​ខ្ពស់​ពី​សហគមន៍​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ធ្វើ​ឲ្យ​សហគមន៍​កាន់តែ​ចូលរួម​អនុវត្ត​សកម្មភាព​ទាំងនេះ និង​ធានា​ឲ្យ​មាន​និរន្តរភាព ដោយសារ​តែ​វា​ផ្តល់​ឲ្យ​សហគមន៍​នូវ​ភាព​ជា​ម្ចាស់​ក្នុង​កម្រិត​ខ្ពស់ » ។

អង្គការ​សង្គម​ស៊ី​វិល​ទាំងនេះ​នឹង​ធ្វើការ​សិក្សា​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ជួយ​សហគមន៍​ឲ្យ​យល់​ពី​ប្រភព​សំខាន់​ៗ​ដែល​នាំ​ឲ្យ​មាន​ភាព​ងាយ​រង​គ្រោះ និង​ឱកាស ដើម្បី​ឲ្យ​មានការ​បន្ស៊ាំប្រកបដោយ​ប្រសិទ្ធភាព​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​បង្កើត​ចំណេះដឹង​អំពី​វិធីសាស្ត្រ ដែល​គេ​អាចយ​កមក​ប្រើប្រាស់​សម្រាប់​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។

គេ​រំពឹង​ថា គម្រោង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង​១១២.០០០​នាក់​មក​ពី​ជាង​២១.០០០​គ្រួសារ រួម​នឹង​ក្រុម​ងាយ​រង​គ្រោះ​ផ្សេង​ៗ​ដូច​ជា កសិករ ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ទីក្រុង ស្ត្រី កុមារ ក្រុម​បាត់បង់​ឱកាស និង​ជនជាតិ​ដើម​ភាគតិច​មក​ពី​ខេត្ត​ទាំង​១៧ ។ គម្រោង​នេះ​នឹង​ចាត់ចែង​អនុវត្ត​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ គឺ​អង្គការ Plan International Cambodia ក្រោម​ការ​ណែនាំ​ពី​ក្រសួងបរិស្ថាន និង ADB ។

ប្រទេស​កម្ពុជា គឺជា​ប្រទេស​នៅ​តំបន់​មេគង្គ​តែ​មួយ​គត់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​សាកល្បង​សម្រាប់​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ ដែល​មាន​ថវិកា​១,២​ពាន់​លាន​ដុល្លារ ក្នុង​គោលបំណង​បញ្ជ្រាប​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​ទៅ​ក្នុង​ការ​រៀបចំ​ផែនការ​អភិវឌ្ឍ ។ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ កាលពី​ឆ្នាំ​២០១១ ADB បាន​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​កម្មវិធី​យុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ ដោយ​មាន​ថវិកា​៥៨៥​លាន​ដុល្លារ ដែល​មាន​គម្រោង​វិនិយោគ​ចំនួន​៨ និង​គម្រោង​ជំនួយ​បច្ចេកទេស​ចំនួន​១ ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​បង្កើន​ឱកាស​ដើម្បី​បញ្ជ្រាប​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ ទៅ​ក្នុង​វិស័យ​កសិកម្ម គ្រប់គ្រង​ធនធានទឹក ផ្គត់ផ្គង់​ទឹក​និង​អនាម័យ និង​ដឹក​ជញ្ជូន​/​គមនាគមន៍ ។

មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក តាម​រយៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​ភាព កំណើន​ដែល​ធានា​ដល់​ចីរភាព​បរិស្ថាន និង​សមាហរណកម្ម​តំបន់ ។ បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៦ ក្នុង​ខែធ្នូ ឆ្នាំ​២០១៦​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ប្រារព្ធ​ខួប​ទី​៥០​នៃ​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​ក្នុង​តំបន់​នេះ ។ ធនាគារ​នេះ​ជា​កម្មសិទ្ធិ​របស់​សមាជិក​ចំនួន​៦៧​ប្រទេស ដែល​ក្នុង​នោះ​៤៨​ប្រទេស​មក​ពី​តំបន់​នេះ ។ ក្នុង​ឆ្នាំ​២០១៥ ជំនួយ​សរុប​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី មាន​ទឹកប្រាក់​ចំនួន​២៧,២​ពាន់​លាន​ដុល្លារ ក្នុង​នោះ​មាន​សហ​ហិរញ្ញប្បទាន​ចំនួន​១០,៧​ពាន់​លាន​ដុល្លារ ៕