កសិករ​មី​យ៉ា​ន់​ម៉ា​ព្រួយបារម្ភ​ចំពោះ​កាលបរិច្ឆេទ​កំណត់​ពាណិជ្ជកម្ម​សេរី

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កសិករ​មី​យ៉ា​ន់​ម៉ា កំពុង​ព្រួយបារម្ភ​ថា នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​ពាណិជ្ជកម្ម​សេរី​នៃ​ប្រទេស​សមាជិក​អាស៊ាន​មក​ដល់​នៅ​ឆ្នាំ​២០១៨ ។

ភាគច្រើន​នៃ​សមាជិក​របស់​ខ្លួន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៣១ ធ្នូ កាលពី​ឆ្នាំ​មុន ដែល​អនុញ្ញាត​ឱ្យ​មាន​ចលនា​សេរី​នៃ​ទំនិញ និង​សេវាកម្ម​នៅ​ទូ​ទាំង​ព្រំដែន​នៃ​បណ្តា​ប្រទេស ដែល​ចូលរួម​ដោយ​គ្មាន​ការ​គិត​ពន្ធ ។

ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ត្រូវ​បាន​គេ​ផ្តល់​បន្ថែម​រយៈពេល​បី​ឆ្នាំ សម្រាប់​រៀបចំ​សេដ្ឋកិច្ចជាតិ​របស់​ខ្លួន ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា សេដ្ឋកិច្ច​ក្នុង​ប្រទេស​ទាំងនេះ​មិន​ទាន់​មាន​ស្ថានភាព​នឹងនរ​នៅឡើយ​។ ថ្ងៃ​កំណត់​សម្រាប់​ការ​លុប​បំបាត់​របាំង​ពន្ធគយ​ទាំងអស់ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ប្រទេស​អាស៊ាន គឺ​នៅ​ឆ្នាំ​២០១៨ ។ កសិករ​មួយ​ចំនួន​ព្រួយបារម្ភ​ថា អាច​នឹង​គ្មាន​ពេលវេលា​គ្រប់គ្រាន់ ។

លោក Myint San នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មី​យ៉ា​ន់​ម៉ា សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច បានឱ្យ​ដឹង​ថា មី​យ៉ា​ន់​ម៉ា​នៅ​មាន​សិទ្ធិ​ដកហូត​កាតព្វកិច្ច និង​អនុវត្ត​ការ​រឹត​បន្តឹង​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​បឋម​ដូច​ជា ស្រូវ អង្ករ សណ្តែក និង​ផលិតផល​ជលផល ។

ប៉ុន្តែ​ប្រជាជន​មានការ​ភ័យ​ខ្លាច​រួច​ទៅ​ហើយ ចំពោះ​ការ​ប្រកួតប្រជែង​ពី​បរទេស នៅ​ពេល​ដែល​មនុស្ស​រស់នៅ​ក្នុង​ទីក្រុង Myeik តំបន់ Tanintharyi បរិភោគ​អង្ករ​របស់​ប្រទេស​ថៃ ដែល​មាន​តម្លៃ​ថោក​ជាង និង​មានគុណ​ភាពល្អ​ប្រសើរ​ជាង​ផលិតផល​ក្នុងស្រុក ។

លោក Myint San បាន​ថ្លែង​ថា ៖ « យើង​ត្រូវ​រៀន​ពី​របៀប​ប្រកួតប្រជែង​ជាមួយ​ផលិតផល​កសិកម្ម​នាំ​ចូល ។ កសិករ​នឹង​ប្រឈម​មុខការ​លំបាក ប្រសិនបើ​ពួក​គេ​មិន​អាច​សម្រេច​នូវ​គុណភាព និង​តម្លៃ​ដូច​ទំនិញ​នាំ​ចូល ។ ការ​នាំ​ចូល​ដែល​មានគុណ​ភាព​ខ្ពស់ គឺជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់ ប៉ុន្តែ​មិនមែន​សម្រាប់​ផលិតករ​ក្នុងស្រុក​ទេ ។ ឥឡូវនេះ​យើង​អាច​ប្រមូល​ពន្ធ​ពី​ការ​នាំ​ចូល​បាន​រហូត​ដល់​៥​ភាគរយ ប៉ុន្តែ​វា​នឹង​ធ្លាក់​ចុះ​ដល់​សូន្យ​នៅ​ឆ្នាំ​២០១៨​។ យើង​នឹង​មាន​បញ្ហា ប្រសិនបើ​យើង​មិន​អាច​ប្រកួតប្រជែង​ជាមួយ​អង្ករ​របស់​ថៃ និង​វៀតណាម » ។

លោក Soe Htun អនុប្រធាន​សហព័ន្ធ​អង្ករ បានឱ្យ​ដឹង​ថា សហព័ន្ធ​បាន​និង​កំពុង​យកចិត្តទុកដាក់​ទៅ​លើ​ស្ថានភាព​នេះ ប៉ុន្តែ​លោក​មិន​រំពឹង​ថា នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ការ​អភិវឌ្ឍ​ទេ ព្រោះ​អង្ករ​ពី​បរទេស​ត្រូវ​បាន​នាំ​ចូល លុះត្រាតែ​មានការ​ខ្វះខាត​ក្នុងស្រុក ។ លោក​ថ្លែង​ថា ៖ « ខ្ញុំ​មិន​បាន​មើលឃើញ​ថា មានការ​ហូរ​ចូល​អង្ករ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ត្រង់​ចំណុច​នេះ​ទេ » ។

អ្នក​ដែល​រស់នៅ​ក្នុង​ទីក្រុង Myeik ម្នាក់​បាន​និយាយ​ថា អង្ករ​របស់​ថៃ ដែល​មនុស្ស​ភាគច្រើន​នៅ​ក្នុង​តំបន់ Tanintharyi បរិភោគ ត្រូវ​បាន​នាំ​ចូល​ដោយ​ខុសច្បាប់ និង​ទិញ​បាន​យ៉ាង​ងាយស្រួល​ដោយសារ​តែ​តំបន់​នេះ​នៅ​ជិត​ព្រំដែន ។ សម្លៀក​បំពាក់​ថៃ និង​ទំនិញ​អេ​ឡិច​ត្រូ​និក ដែល​នាំ​ចូល​ដោយ​ខុសច្បាប់​មានការ​ពេញ​និយម​សម្រាប់​ហេតុផល​ដូច​គ្នា ។

លោក Myint San និយាយ​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​តែ​អាច​បញ្ឈប់​លំហូរ​ចូល​ដោយ​សេរី​នៃ​ទំនិញ​កសិកម្ម រួម​ទាំង​អង្ករ​របស់​ថៃ​ចូល​ទៅ​ក្នុង​តំបន់​ផ្សេង​ទៀត ។

នៅ​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន មក​ដល់​ក្នុង​រយៈពេល​មិនយូរ​ទៀត ប្រទេស​មី​យ៉ា​ន់​ម៉ា​នឹង​កាន់តែ​មានការ​លំបាក​ក្នុង​ការ​ប្រណាំងប្រជែង​ទាំង​គុណភាព និង​តម្លៃ ។
តាម​របាយការណ៍​ពិនិត្យ​តាមដាន​សេដ្ឋកិច្ច​របស់​ធនាគារពិភពលោក ដែល​បាន​ចេញផ្សាយ​នៅ​ខែឧសភា បាន​កត់​សម្គាល់ថា ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​នៃ​ផ្នែក​ឧស្សាហកម្ម​កែ​ច្នៃ​ចំណីអាហារ ក៏​កំពុង​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ផង​ដែរ​ពី​ការ​នាំ​ចូល​ដែល​មាន​តម្លៃ​ថោក​ជាង ។

របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ថា ផលិតភាព និង​ការ​ប្រកួតប្រជែង​របស់​ពួក​គេ​ត្រូវ​បាន​រំខាន​ដោយ​សង្វា​ក់​ផ្គត់ផ្គង់​ក្នុងស្រុក​ទន់ខ្សោយ និង​កង្វះ​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​ដែល​មាន​តម្លៃ​សមរម្យ ។

យោង​តាម​ធនាគារពិភពលោក ភាគច្រើន​នៃ​សារធាតុ​សម្រាប់​ការ​កែ​ច្នៃ​អាហារ​ក្នុងស្រុក​ដូច​ជា ម្សៅ សារធាតុ​រក្សា​ចំណីអាហារ​កុំ​ឲ្យ​ខូចគុណភាព និង​សម្ភារ​វេច​ខ្ចប់ សុទ្ធតែ​ត្រូវ​បាន​នាំ​ចូល ៕