ម្តាយស្លុតយ៉ាងណា កូនស្រី​ចេញពីរៀនជួប​អកុសល​

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​ប្រុស​-​ស្រី​២​នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអា​​ធ័ម ដោយ​​ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​កិន​​ចំ​ក្បាល និង​ខ្លួន​ខ្ទេច ខណៈ​ទាំង​ម៉ូតូនិង​រថយន្ត​ជិះ​ស្រប​ទិស​គ្នា ​។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១១ និង​១០​ព្រឹក​ថ្ងៃ​ទី​០៥ កក្កដា ២០១៦ នេះ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​២០១១ ក្នុង​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុ​ខ ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​ស្លាប់​ឈ្មោះ​វី​ន ស្រី​ណា អាយុ​១៥​ឆ្នាំ ជា​សិស្សសាលា​ឯកជន​ម្តុំ​ពោ​អិ៍​ចិន​តុ​​ង មាន​ទីលំនៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្មេង​ប្រុស​រង​របួស​ឈ្មោះ​សឿង សាយ​ឃាង អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​ស្គូ​ពី ពាក់​ស្លាក​លេខ​ភ្នំពេញ 1DG-5985 ។ រីឯ​ម្ចាស់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ មិន​ស្គាល់​អត្តសញ្ញាណ​ រត់គេច​បាត់ បន្សល់​ទុក​រថយន្ត​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-0863 ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ភាគី​ខាង​ម៉ូតូ​ទើប​ចេញពី​រៀន ដោយ​​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​រៀន​គួរ​បន្ថែម​ នៅ​ម្តុំ​សាលា​ឯកជន​ក្បែរ​ផ្សារ​ឈូក​មាស ។ លុះ​មក​ដល់​ចំណុច​កើតហេតុ មាន​រថយន្ត​ខាងលើ​បើក​ស្រប​ទិស​ជាមួយ​ម៉ូតូដែរ​ តែ​មិនដឹងយ៉ាង​​ម៉េច ស្រាប់តែ​ម៉ូតូ​ទាក់​ដៃចង្កូត​​ជាមួយ​រថយន្តដួល​ ក៏​ត្រូវ​រថយន្ត​កិន​អ្នក​ជិះ​ម៉ូតូ​ខាងក្រោយ​ស្លាប់​យ៉ាង​រន្ធត់​តែ​ម្តង ។