ធី សុវណ្ណ​ថា ប្រកាស​ទិញ​ចេក​ដែល​សមត្ថកិច្ច​កោះកុង​ឃាត់​រក​ឈើ​ប្រណីត

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​ទិញ​ចេក​ទាំង​២០០០​ស្និត​ដែល​សមត្ថកិច្ច​ខេត្តកោះកុង​ឃាត់​រថយន្ត​ឆែក​រក​ឈើ​ប្រណីត តែ​រក​មិនឃើញ​ធ្វើ​ឲ្យ​ចេក​ខូច​ដោយសារ​តែ​សមត្ថកិច្ច​អូស​និង​បោះ​ទម្លាក់ ។

គួរ​រំលឹក​ថា នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ កក្កដា ២០១៦ ត្រង់​ចំណុច​លើ​កំណាត់​ផ្លូវ​លេខ​២៩៧ ចន្លោះ​ព្រំប្រទល់​នៃ​ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ ឬ​ចំណុច​ចំណោទ​ចិន កម្លាំង​ពិសេស​ដឹកនាំ​ដោយ​លោក យឹ​ម ផេង ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​ចេក​មួយ​គ្រឿង ដែល​តែងតែ​ដឹក​ចេក​ជា​រឿយ​ៗ​ចេញពី​ស្រុក​វាល​វែង ឆ្លងកាត់​ខេត្តកោះកុង ទៅ​លក់​នៅ​ក្រុងព្រះសីហនុ ដោយ​ចោទ​រថយន្ត​ដឹក​ចេក​ខាងលើ​ថា មាន​បង្កប់​ទំនិញ​ខុសច្បាប់ តែ​ឆែក​មិនឃើញ​។

ម្ចាស់​រថយន្ត​ដឹក​ចេក​ឈ្មោះ​លោក​សុខ រតនា ហៅ​វិត អាយុ​២៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​គង់ វ៉ា​ន់​លី អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​២ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​(Facebook)​ដោយ​ស្នើ​ឲ្យ​សមត្ថកិច្ច​កោះកុង​បញ្ឈប់​សកម្មភាព​បែប​នេះ និង​ត្រូវ​ធ្វើការ​ដោយ​មានការ​ទទួលខុសត្រូវ​ខ្ពស់​នោះ​ថែម​ទៀត ៕