ព្យុះ​ភ្លៀង​សម្លាប់​មនុស្ស​ច្រើន​រយ​នាក់​នៅ​ចិន ឥណ្ឌា និង​ប៉ា​គី​ស្ថាន

ព្យុះ​ភ្លៀង​សម្លាប់​មនុស្ស​ជា​ច្រើន​រយ​នាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​ប្រទេស​ចិន ឥណ្ឌា និង​ប៉ា​គី​ស្ថាន ។

ទឹកជំនន់​នៅ​ភាគ​កណ្តាល​ងាក​ទៅ​ខាងកើត និង​ភាគ​ខាងត្បូង​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១៨០​នាក់ ។ ចំណែក​មនុស្ស​ប្រមាណ​ជា​៥០​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន ខណៈ​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ទៀត ។ ការ​ប្រកាស​អាសន្ន​ពណ៌​ទឹកក្រូច​នៅ​តែ​រក្សា​ទុក​នា​ថ្ងៃ​ទី​៤ កក្កដា នៅ​ភាគ​ខាងត្បូង​ចិន ។ ព្យុះ​ទី​ហ្វុ​ង​ដំបូង​គេ​ប្រចាំឆ្នាំ​ត្រូវ​បោកបក់​មក​ដល់​ភាគ​ខាងកើត​ចិន​នា​ស​ប្តា​ហ៍​នេះ ។ ខេត្ត​ហ៊ូ​បី អាន​ហ្វី និង​បណ្តា​តំបន់​ភ្នំ​នៅ​ខេត្ត GUIZHOU ជា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយ​ទឹកជំនន់​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ។ សរុប​មនុស្ស​ជិត​១​លាន​នាក់​កន្លះ​ត្រូវ​បាន​ជួយ​សង្គ្រោះ ឬ​ជម្លៀស​ចេញ ។ ការ​ខូចខាត​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ដល់​ជាង​៦,៥​ពាន់​លាន​អឺ​រ៉ូ ។

នៅ​ភាគ​ខាងជើង​ប៉ា​គី​ស្ថាន មនុស្ស​៣០​នាក់​ស្លាប់ បន្ទាប់​ពី​ភូមិឋាន​របស់​ពួក​គេ​រង​គ្រោះ​ដោយសារ​ការ​បាក់​ដី​នានា​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ ចំណែក​មនុស្ស​៤០​នាក់​ស្លាប់​នៅ​ភាគ​ខាងជើង​ឥណ្ឌា ។ ធាតុអាកាស​អាក្រក់​រារាំង​ដល់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ហើយ​តុល្យការ​អ្នក​ស្លាប់​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ៕