ប្រទះឃើញ​សត្វ​ខ្ទីង​ជាប់អន្ទាក់ ​ស្លាប់​ទាំង​មេ ទាំង​កូន លើ​ភ្នំ​រមៀត​

ប្រទះឃើញ​សត្វ​ខ្ទីង​ជាប់អន្ទាក់ ​ស្លាប់​ទាំង​មេ ទាំង​កូន លើ​ភ្នំ​រមៀត​



បាត់ដំបង ​៖​ សត្វ​ខ្ទីង ដែល​ជា​ប្រភេទ​សត្វ​កម្រ ត្រូវ​បាន​កម្លាំង​ចម្រុះ​ ដែល​ធ្វើការ​ដើរ​ល្បាត​តាម​ជួរ​ភ្នំ ប្រទះឃើញ​ដេក​ស្លាប់​ទាំង​មេ ទាំង​កូន ដែល​ទំនង​មកពី​ការ​អត់​អាហារ អត់​ទឹក​ និង​ការ​រើ​បម្រាស់​ខ្លាំង​ដោយសារតែ​ជើង​របស់​វា​ត្រូវ​ជាប់អន្ទាក់​របស់​ព្រានព្រៃ។

ការ​ប្រទះ​ឃើញ​នេះ គឺ​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្បែរ​អូរ​ស្លេវ​ លើ​ជួរ​ភ្នំ​រមៀត ស្ថិត​ក្នុង​ភូមិ​ក្រចាប់​លើ សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ខណៈ​ដែល​កម្លាំង​ចម្រុះ ​ក្នុង​នោះ​រួមមាន អង្គការ​ការពារ​បរិស្ថាន ( MJP ) មន្ត្រី​ឧទ្យាន​នុរក្ស​សំឡូត ប៉ៃលិន កម្លាំង​វរៈការពារ​ព្រំដែន​គោក​បាត់ដំបង ប៉ៃលិន បាន​ចុះ​ប្រតិបត្តិការ​ល្បាត​តាម​ព្រំដែន និង​តាម​តំបន់​ជួរ​ភ្នំ​ដើម្បី​ពិនិត្យ​លើ​បទល្មើស​ផ្សេងៗ។

លោក ប៊ូ ស៊ីណា ប្រធាន​អង្គការ ( MJP ) បាន​មានប្រសាសន៍ថា នៅ​ពេល​ដែល​កម្លាំង​កំពុង​ធ្វើការ​ល្បាត​តាម​ដងព្រៃ ក៏បាន​ប្រទះឃើញ​សត្វ​ខ្ទីង​ចំនួន​២​ក្បាល គឺ​មេ​ និង​កូន ត្រូវ​បាន​ជាប់​នឹង​អន្ទាក់​ខ្សែកាប​របស់​ព្រានព្រៃ ហើយក៏​ទំនងជា​អាច​ជាប់​មក​ក្នុង​រយៈពេល​២​ថ្ងៃ​មក​ហើយ ព្រោះ​ស្ថានភាព​នៃ​ការ​រើ​បម្រាស់​ គឺ​មាន​ភាព​ទន់ខ្សោយ​ណាស់​ទៅ​ហើយ។

លោក​បាន​បន្ត​ទៀត​ថា នៅ​ពេល​នោះ​ដែរ ​លោក​បាន​រាយការណ៍​ទៅ​មន្ត្រី​ផ្នែក​សង្គ្រោះ​សត្វ​ព្រៃ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ​បញ្ហា​នេះ​ជាបន្ទាន់ ព្រមទាំង​បាន​ដាក់​កម្លាំង​ឲ្យ​លាក់ខ្លួន​ដើម្បី​ឃ្លាំមើល​ក្រែងលោ​ព្រានព្រៃ​ដែល​ជា​អ្នក​ដាក់​ពង្រាយ​អន្ទាក់​នេះ​ឡើង​មក​យក​សត្វ​ខ្ទីង​នេះ គឺ​ត្រូវតែ​ឃាត់ខ្លួន​តែម្ដង។ ប៉ុន្តែ នៅពេលដែល​កម្លាំង​ផ្នែក​សង្គ្រោះ​សត្វព្រៃ​រៀបចំ​ចេញដំណើរ គឺ​សត្វ​ខ្ទីង​ដ៏​កម្រ​នេះ​បាន​ងាប់​ទាំង​មេ ទាំង​កូន​បាត់ទៅហើយ ដូច្នេះហើយ​ទើប​លោក​សម្រេច​ដុតចោល​នៅ​នឹង​កន្លែង​តែម្ដង ព្រោះ​យើង​មិនអាច​នាំយក​ចុះមក​ពីលើ​ភ្នំ​ដើម្បី​យក​មក​ធ្វើជា​អាហារ​បានទេ​ វា​អាច​ខុស​នឹង​ច្បាប់។

លោក​បាន​សង្កត់​ធ្ងន់​ថា នៅ​ត្រង់​ចំណុច​ខាង​លើ​នេះ គឺ​ព្រានព្រៃ​បាន​ដាក់​ពង្រាយ​អន្ទាក់​ដើម្បី​ចាប់​សត្វព្រៃ​ជា​ខ្សែ​ៗ ហើយ​ក៏​មាន​អន្ទាក់​ច្រើន​ណាស់​ដែរ ដោយ​គេ​បាន​យក​ខ្សែកាប​មក​ច្នៃ​ធ្វើជា​អន្ទាក់វាត់ ដើម្បី​ចាប់​យក​សត្វ​ទាំងនេះ​ទៅ​លក់​ធ្វើជា​ម្ហូបអាហារ​តាម​អាហារដ្ឋាន​នានា ទាំង​ទឹកដី​ស្រុក​សំឡូត ក៏ដូចជា​ក្នុង​ខេត្ត​ប៉ៃលិន​ផង​ដែរ។

បច្ចុប្បន្ន​ លោក​នៅតែ​បន្ត​ដាក់​កម្លាំង​ដើម្បី​ពិនិត្យ និង​តាមដាន​ឃ្លាំ​មើល​ថា តើ​អ្នកណា​ជា​ព្រានព្រៃ ដែល​តែងតែ​ដើរ​ដាក់​អន្ទាក់​យក​សត្វព្រៃ​នៅ​ក្នុង​តំបន់​នេះ និង​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តាម​នីតិ​វិធី​ច្បាប់៕
ប្រទះឃើញ​សត្វ​ខ្ទីង​ជាប់អន្ទាក់ ​ស្លាប់​ទាំង​មេ ទាំង​កូន លើ​ភ្នំ​រមៀត​

ប្រទះឃើញ​សត្វ​ខ្ទីង​ជាប់អន្ទាក់ ​ស្លាប់​ទាំង​មេ ទាំង​កូន លើ​ភ្នំ​រមៀត​

ប្រទះឃើញ​សត្វ​ខ្ទីង​ជាប់អន្ទាក់ ​ស្លាប់​ទាំង​មេ ទាំង​កូន លើ​ភ្នំ​រមៀត​

ប្រទះឃើញ​សត្វ​ខ្ទីង​ជាប់អន្ទាក់ ​ស្លាប់​ទាំង​មេ ទាំង​កូន លើ​ភ្នំ​រមៀត​