​បើមាន​ផ្ទះសមរម្យ​ នឹង​​នាំ​​​​ទៅ​​​នៅ​​​ជាមួយម្តាយ​ខ្ញុំ​​ហើយ!

​​រាជធានីភ្នំពេញ ៖ ប្រធាន​​​សមាគម​សិ​ល្ប​​ករ​​ខ្មែរ ​លោក​សុះ ម៉ាច បាន​​និយាយ​អះអាង​ដោយ​ស្មោះ​ថា បើ​លោក​មាន​ផ្ទះ​សម្បែង​សម​រម្យ ​លោក​នឹង​យក​លោក​យាយ​ភរិយា​កវីនិពន្ធ ​ស្វាយ សំ​អឿ ទៅ​នៅ​ជាមួយ​​ម្តាយ​លោក​លុះដល់​ថ្ងៃ​អ​វ​សាន្ត ​។

ការ​អះអាង​របស់​លោក​សុះ ម៉ាច ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី០៤ កក្កដា ២០១៦ ក្នុង​ពេល​ដែល​លោក ​​បាន​ដឹកនាំ​សមាជិក​ នៅ​ក្នុង​សមា​គម​សិ​ល្ប​​ករ​ខ្មែរ​ចុះ​ទៅ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ទៅ​ជូន​​លោកយាយ ដុំ សុ​ផា​នី ​អាយុ​៧២​ឆ្នាំ​ ​​ភរិយា​របស់​​កវី​និពន្ធ​បទ​ភ្លេង ​និង​ទំនុកច្រៀង​ដ៏​ល្បាញ​ល្បី​ និង​មាន​ស្នាដៃ​ជា​ច្រើន​ រាប់​មិន​អស់​នៅ​ក្នុង​ទស្សវត្ស​​ឆ្នាំ​១៩៦០​ លោក​ស្វាយ សំ​អឿ​ ​។

ក្នុង​​ឱកាស​នោះ ​លោក​សុះ ម៉ាច បាន​ឱ្យ​​ដឹង​​ថា លោក​ស្វាយ សំ​អឿ ជាវ​រ​កវីនិពន្ធ​ទំនុកច្រៀង​បទ​ភ្លេង ​និង​ដឹកនាំ​រឿងភាពយន្ត​ដែល​បាន​បន្សល់​ទុក​ស្នាដៃ​ដ៏​ច្រើន ​ស្ទើរតែ​រាប់​មិន​អស់ ​រហូត​ដល់​សព្វថ្ងៃ ​ដែល​ត្រូវ​បាន​ផលិតកម្ម​ជា​ច្រើន ​យក​ទៅ​ធ្វើ​អាជីវកម្ម​អ្នក​ចម្រៀង​ភាគច្រើន​​ច្រៀង ​និង​ខ្លះ​យក​ទៅ​កាឡៃ​ ។

លោក​បញ្ជាក់​ថា លោក​ស្វាយ សំ​អឿ បាន​ស្លាប់​ដោយ​ត្រូវ​​ប៉ុ​ល ​ពត ​សម្លាប់​ជាមួយ​កូនប្រុស​​តែ​មួយ ​​បន្សល់​ទុក​​ភរិយា​អាយុ​៧២​ឆ្នាំ​ដ៏​កម្សត់​ទុរគត​ឯកោ​ គ្មាន​ផ្ទះសម្បែង​ដល់សព្វថ្ងៃ​ ដោយ​ផ្ញើខ្លួន​ជាមួយ​ក្មួយ ។ សព្វថ្ងៃលោក​យាយ​​​កំពុង​ញ៉ាំ​ញី​​ដោយ​ជំងឺ​ក្អក​ និង​ខ្លាញ់​រុំ​បេះដូង​ រកតែ​លុយ​ព្យាបាល​មិន​បាន​ ។​ ពេល​ជួប​លោកយាយ​ ពួក​យើង​ទាំងអស់​គ្នា ​មាន​អារ​ម្ម​ណ៍​​ក្តុកក្តួល ​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​បាន ​នៅ​ពេល​លោកយាយ​និយាយ​រៀបរាប់​ពី​ទុក្ខ​លំបាក ​និង​ខំ​រក្សា​កាត​ និង​រូបថត​ប្តី​ រ​ហូត​ដល់​សព្វថ្ងៃ​ ព្រមទាំង​ប្រគល់​រូបថត​​ឱ្យ​រូប​លោក​ ជួយ​ថែរក្សា​​ឱ្យ​ផង ដោយ​លោកយាយ​មិនដឹង​ស្លាប់​ថ្ងៃ​ណា​​នោះ​ទេ​ ​។

លោក​សុះ ម៉ាច បាន​និយាយ​ថា ហេតុ​អ្វី​ឱ្យ​​តម្លៃ​ និង​អាណិត​មនុស្ស​តែ​នៅ​រស់​ប្រើ​បាន​​អ៊ីចឹង? ​ខ្ញុំ​នៅ​ចាំ​បាន ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​​បុរស​ចំណាស់​ម្នាក់​ ដែល​មិនមែន​ជាវ​រ​​កវី​ វ៉ោ​យ ហូរ ចេញ​មុខ​តាម​ទូរ​ទស្ស​ន៍​តាំងខ្លួន​ជា​លោក​វ៉ោ​យ ហូរ​ មាន​សប្បុរសជន​ជា​ច្រើន​​ជួយ​ឧបត្ថម្ភ​ព្រោងព្រាត ។

ដោយឡែក​ អភ័ព្វ​តែ​វ​រ​​កវីនិពន្ធ​ ស្វាយ សំ​អឿ​ លោក​បាត់បង់​ជីវិត​​ទៅ​ហើយ តែ​បាន​បន្សល់​ស្នាដៃ​ដ៏​ច្រើន តែ​ប្រពន្ធ​អត់អីហូប​ ​គ្មាន​អ្នក​នឹក​នា​សោះឡើយ​ បើ​ទោះជា​ដឹង​ហើយ​ឮហើយ​​ក្តី ​។

លោក​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល បណ្តា​ផលិតកម្ម អ្នក​សិ​ល្បៈ​ចម្រៀង សូម​មានទឹក​ចិន្ត​​អាណិតអាសូរ​ដល់​លោកយាយ​​ចំណាស់​ដ៏​កម្សត់​ទុរគត​ម្នាក់​នេះ​ផង ​ដើម្បី​ជា​ការ​​សម្តែង​នូវ​គុណ​បំណាច់​ចំពោះ​ប្តី​របស់​គាត់​ ។

បើ​តាម​លោក​សុះ ម៉ាច ក្រោយ​ពី​ការ​​អំពាវនាវ​របស់​លោកតាមរយៈ​បណ្តាញ​សង្គម​​ហ្វេ​ស​ប៊ុ​ក ​ព្រមទាំង​សារ​ព័​ត៌​មាន​កោះសន្តិភាព​ជួយ​ផ្សព្វផ្សាយ ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ ហាក់​ពុំ​មាន​សប្បុរសជន​ច្រើន​ ជួយ​ឧ​ប​ត្ថ​ម​ ក្រៅពី​សមាគម​សិល្បករ​ខ្មែរ​ចំនួន​១០០$, លោក​ឧកញ៉ា​ ទុំ​ សា​រុត (​នាយ​ឃ្លោក​៥០$),  លោកស្រី​ថុ​ង សៀវ​ទៀង (អង្ករ មី ទឹកត្រី ទឹកបរិ​សុទ្ធ) និង​​លោក​អ៊ុ​ក ណា​រី​ម និង ភរិយា​​ចំនួន​​១០០$ ៕