ចាប់រំលោភ​នាង​ជា​សង្សារក្នុង​សណ្ឋាគារ ​ព្រឹក​ឡើង​ក្លាយជា​អ្នកទោស

ចាប់រំលោភ​នាង​ជា​សង្សារក្នុង​សណ្ឋាគារ ​ព្រឹក​ឡើង​ក្លាយជា​អ្នកទោស



ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ត្រូវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែកក្កដា នៅ​ឃុំ​គា ស្រុក​មោងឫស្សី ក្រោយ​ពី​មាន​បណ្ដឹង​ចោទ​ថា​បាន​ល្បួង​នាង​ក្រមុំ​ជា​សង្សារ
ទៅ​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ ក្នុង​ក្រុង​បាត់ដំបង ។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា យុវជន​រូប​នេះ​ឈ្មោះ ជុំ ប៉ាវ អាយុ​២១​ឆ្នាំ ជា​អ្នក​កាប់​ជ្រូក បាន​ត្រូវ​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី​ឃាត់ខ្លួន​ក្នុង​ករណី​សង្ស័យ​ថា បាន​ល្បួង​នាង​ក្រមុំ​អាយុ​១៧​ឆ្នាំ នៅ​ស្រុក​មោងឫស្សី យក​ទៅ​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ «​វិច​តូ​រី​យ៉ា​» ក្នុង​ក្រុង​បាត់ដំបង កាលពី​យប់​ថ្ងៃ​ទី​២​ខែកក្កដា ។ មន្ត្រី​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​គឺ​ជនសង្ស័យ​បាន​ចាប់​ចងដៃ​នាង រួច​វាយ​ធ្វើ​ទារុណកម្ម​ផង មុន​ពេល​ចាប់​នាង​រំលោភ ។ នេះ​បើ​យោង​តាម​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ ។

នារី​រង​គ្រោះ​និយាយ​ថា នាង​បាន​ស្គាល់​និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឈ្មោះ ជុំ ប៉ាវ តែ​មិនសូវ​ស្និទ្ធស្នាល​ទេ តែ​នាង​បាន​ស្គាល់​ស្និទ្ធ​ជាមួយ​ម្ដាយ​របស់​ជន​នេះ ។ សមត្ថកិច្ច​បាន​ស្រង់​សម្ដី​ថា ឈ្មោះ​ប៉ាវ បាន​បបួល​នាង​ទៅ​ដើរ​លេង​នៅ​ក្រុង​បាត់ដំបង ដោយ​សន្យា​វិល​ទៅ​ផ្ទះ​វិញ​នៅ​វេលា​ល្ងាច តែ​គេ​មិន​បាន​គោរព​ពាក្យ​សន្យា​ឡើយ លុះ​យប់​ជ្រៅ​ក៏​បបួល​នាង​ចូល​ស្នាក់​ក្នុង​បន្ទប់​សណ្ឋាគារ​ខាងលើ​តែ​ម្ដង ។

នាង​រៀបរាប់​ទៀត​ថា គ្រានោះ​ឈ្មោះ ប៉ាវ បាន​ព្យាយាម​លួងលោម​សុំ​រួមមេត្រី​ជាមួយ​នាង តែ​នាង​មិន​ព្រមស្រាប់តែ​ប្រើ​ហិង្សា​យក​អាវ​ចងដៃ​នាង​ជាប់ វាយ​ដើមទ្រូង​នាង រួច​ចាប់បង្ខំ​រំលោភ​នាង​រហូត​បាន​សម្រេច ។ លុះ​ព្រឹក​ឡើង​ពេល​ត្រឡប់​ដល់​ផ្ទះ​វិញ នាង​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​សង្សា​ហេងស៊យ​រូប​នេះ ។

មិន​ទាន់​មាន​ចម្លើយ​បែប​ណា​ពី​ជនជាប់ចោទ​ឈ្មោះ ជុំ ប៉ាវ នេះ​ទេ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ ។ ប៉ុន្តែ​បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ប្រាប់​ថា ជនសង្ស័យ​បាន​សារភាព​ទទួលស្គាល់​កំហុស​ហើយ តែ​ជន​នេះ​ហាក់​បាន​បដិសេធ​អំពី​ការ​ប្រើ​អំពើ​ហិង្សា ។ ទោះជា​យ៉ាងណា មន្ត្រី​ដដែល​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​អ្នកទោស​ស្នេហា​រូប​នេះ ទៅ​កាន់​សាលាដំបូង​ហើយ ៕