អាត អូនតូច ត្រូវបានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិកម្ពុជា

កីឡាករមានមាឌតូចល្អិត អាត អូនតូច ដែលបានធ្វើឲ្យអ្នកទស្សនាស្គាល់ និងពេញចិត្ត តាមរយៈការបង្ហាញពីទម្រងលេងយ៉ាងល្អរបស់គេ នៅក្នុងពានរង្វាន់ AFF U-16 Championship 2015 កន្លងមកនោះ នឹងមិនត្រូវបានដាក់ឲ្យលេងក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមU16ជម្រើសជាតិកម្ពុជា និងក្រុមU16ជម្រើសជាតិមីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៧ ថ្ងៃពុធស្អែកនោះឡើយ ហើយឈ្មោះរវបស់ អាត អូនតូច ក៏ត្រូវបានដកចេញពីក្រុមU16ជម្រើសជាតិកម្ពុជា ផងដែរ។

mm1

លោក INOUE KAZUNORI គ្រូបង្វឹកក្រុមU16ជម្រើសជាតិកម្ពុជា បាននិយាយក្នុងសន្និសីទកាសែត នៅក្នុងពហុកីឡដ្ឋានជាតិ កាលពីព្រឹកមិញនេះថា៖«កីឡាករ អាត អូនតូច នឹងគ្មានវត្តមាននៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃស្អែកនេះឡើយ ព្រោះទម្រង់លេងរបស់គេមានការធ្លាក់ចេញ បន្ទាប់ពីរូបគេមានរបួសកន្លងមក»។

នៅពេលសួរបញ្ជាក់ថា តើ អាត អូនតូច មានឈ្មោះនៅក្នុងក្រុមU16ជម្រើសជាតិកម្ពុជាទៀត ឬក៏អត់នោះ? គ្រូបង្វឹកជនជាតិជប៉ុនលោក INOUE KAZUNORI បានបញ្ជាក់ថា យើងបានដកឈ្មោះ អា អូនតូច ចាញ់ពីក្រុមជម្រើសជាតិហើយ ហេតុនេះរូបគេក៏គ្មានឈ្មោះនៅក្នុងការប្រកួតពាន AFF U16 Championship 2016 នាពេលខាងមុខនេះដែរ។

យ៉ាងណាក៏ដោយ គ្រូបង្វឹកជប៉ុន ដែលទើបមកដឹកនាំក្រុមU16ជម្រើសជាតិកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លោក INOUE KAZUNORI បានគូសបង្ហាញថា ក្រុមU16ជម្រើសជាតិកម្ពុជា នៅពេលនេះមានទម្រង់លេងរីករាយជាងមុន បន្ទាប់ពីពួកគេបានទៅលេងនៅជប៉ុន ថៃ និងវៀតណាម ព្រមទាំងបានខិតខំហ្វឹកហាត់ជាមួយលោកយ៉ាងយកចិត្តទុកដាក់ នៅក្នុងរយៈពេលជាង៣ខែកន្លងមកនេះ៕