Barcelona ព្រមព្រៀងទិញខ្សែការពារ Lyon ក្នុងតម្លៃ ២៤.៦លានផោន

កីឡាករ Samuel Umtiti ទំនងត្រៀមក្នុងការទៅចូលរួមជាមួយក្លិបយក្សអេស្បាញ Barcelona ពីក្លិប Lyon បន្ទាប់ពីប្រធានក្លិបបារាំងនេះបានអះអាងថា រូបលោកបានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរខ្សែការពាររូបនេះ ទៅលេងលីក La Liga វិញ។

Samuel-Umtiti

កីឡាករវ័យ ២២ឆ្នាំនេះ ធ្លាប់ត្រូវបានក្រុមរបស់លោក Luis Enrique សម្លឹងឃើញជាច្រើនដងមកហើយ ក្រោយពីពួកគេបរាជ័យក្នុងចុះហត្ថលេខាជាមួយកីឡាករ Marquinhos របស់ក្លិប Paris Saint-Germain។

ការចរចារវាងក្លិបទាំងពីរកំពុងបន្តធ្វើ ខណៈលោក Jean-Michel Aulas ប្រធានក្លិប Lyon បានបញ្ជាក់ថា តម្លៃខ្លួនសម្រាប់ការផ្ទេរនេះ មានចំនួន ៣០លានអឺរ៉ូ (២៤លានផោន) ត្រូវបានព្រមព្រៀងគ្នារួចហើយ។

លោកបានថ្លែងប្រាប់សារព័ត៌មានកីឡា RMC Sport ថា «ពួកយើងបានចូលរួមការចាកចេញរបស់ Umtiti។ កីឡាករនេះមានកិច្ចព្រមព្រៀងដាច់ដោយឡែក ដើម្បីផ្ទេរទៅកាន់ Barcelona»៕