ប្រទេសហុងគ្រី ចាប់អារម្មណ៍លើការកែច្នៃផលិតផលកសិកម្ម ទៅជាម្ហូបអាហារនៅកម្ពុជា

ប្រទេសហុងគ្រី ចាប់អារម្មណ៍លើការកែច្នៃផលិតផលកសិកម្ម ទៅជាម្ហូបអាហារនៅកម្ពុជា



ភ្នំពេញ៖ លោក Balint Tombor នាយក​ខុទ្ទកាល័យ​ក្រសួងការបរទេស​ប្រទេស​ហុង​គ្រី មានប្រសាសន៍ថា រដ្ឋាភិបាល​ប្រទេស​ហុង​គ្រី មានបំណង​សហការ​ជាមួយ​ប្រទេស​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​ទៅជា​ម្ហូបអាហារ  នៅក្នុង​ឱកាស​ដែលលោកចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​លោក​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៦ នៅ​ទីស្ដីការក្រសួង ។

លោក Balint Tombor បាន​មាន​បន្តថា លោក​មាន​ចាប់អារម្មណ៍​លើ​ការពង្រឹង​ការកែច្នៃ​ផលិតផល​កសិកម្ម​ទៅជា​ម្ហូបអាហារ និង​ការលើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ។ បច្ចុប្បន្ននេះ​ក្រុមការងារ​របស់លោក កំពុងធ្វើការ​សិក្សា​អំពី​ការរៀបចំ​កែច្នៃ​ម្ហូបអាហារ។ ជំហាន​បន្ទាប់ លោក​នឹង​ពិនិត្យមើល​ពី​នីតិវិធី និង​ក្របខណ្ឌ​នៃ​កិច្ចដំណើរការ ផលិតកម្ម​ចំណីអាហារ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ប្រទេសហុងគ្រី ចាប់អារម្មណ៍លើការកែច្នៃផលិតផលកសិកម្ម ទៅជាម្ហូបអាហារនៅកម្ពុជា

លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ចំណាប់អារម្មណ៍​របស់រ​ដ្ឋា​ភិ​បាល​ហុង​គ្រី ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា។ លោក​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​កម្ពុជា បាននិងកំពុង​នាំចូល​ផលិតផល​កសិកម្ម ជាពិសេស​ចំណីអាហារ ពី​ប្រទេសជិតខាង​ប្រមាណ ២០០ លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ។ ដូច្នេះ​កម្ពុជា​សូម​បើកទ្វារ​ស្វាគមន៍ ចំពោះ​វិនិយោគទុន​ក្នុង​វិស័យ​កសិកម្ម ដើម្បី​កាត់បន្ថយ​ការនាំ​ចូល និង​ពង្រីក​ការដាំដុះ​ក្នុងស្រុក។

លោក​រដ្ឋមន្ដ្រី បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេសរ​ប​ស់លោក Balint Tombor បន្ត​សហការ​ជាមួយ​ក្រុមបច្ចេកទេសរ​បស់​ក្រសួង​ដើម្បី​ពិនិត្យមើល ពី​លក្ខណៈ​បច្ចេកទេស និង​នីតិវិធី​ក្នុងការ​រៀបចំ​ដំណើរការ​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​ចំណីអាហារ​កសិកម្ម​នាពេល​ខាងមុខ៕