អ៊ឺរ៉ូ២០១៦៖ បែក​ធ្លាយ​ជម្លោះ​ផ្ទៃ​ក្នុង​ក្រុម​បីសាច​ក្រហម បន្ទាប់​ពី​ហាវអាវ

ផ្ទៃក្នុង នៃក្រុមជម្រើសជាតិប៊ែលហ្សិក ឬក្រុមបីសាចក្រហម បានរងការរង្គោះរង្គើខ្លាំងក្លា បន្ទាប់ពី​ក្រុម​នេះ​បាន​«ហាល​អាវ» ព្រោះ​ប្រកួត​ចាញ់​ក្រុម វៀល្ស៍ (Wales) នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ កាលពីសប្ដាហ៍មុន។ នោះគឺជម្លោះ​ពាក្យ​សំដី​ដ៏​ខ្លាំងក្លា បាន​កើត​ឡើង​រវាង​កីឡាករ​ចាំទី ទីប៊ូ គួរត័ស្ស៍ (Thibaut Courtois) និង​គ្រូ​បង្វឹក ម៉ាក វីលម៉ូត៍ (Marc Wilmots) ក្រោយ​ពីអាជ្ញា​កណ្ដាល បាន​ផ្លំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត ហើយ​ទាំង​កីឡាករ ទាំង​គ្រូ​បង្វឹក បាន​ត្រឡប់​ចូល​ក្នុង​បន្ទប់​ផ្លាស់​​សម្លៀក​បំពាក់​វិញ​។ នេះបើតាមរបាយការណ៍ ​ដ៏​រំជើប​រំជួល​មួយ របស់​សារព័ត៌មាន​ប៊ែលហ្សិក «Het Laatste Nieuws»។
អ៊ឺរ៉ូ២០១៦៖ បែក​ធ្លាយ​ជម្លោះ​ផ្ទៃ​ក្នុង​ក្រុម​បីសាច​ក្រហម បន្ទាប់​ពី​ហាវអាវ

ពីឆ្វេងទៅស្ដាំ៖ កីឡាករ ទីប៊ូ គ័រត័ស្ស៍ និងគ្រូបង្វឹក ម៉ាក វីលម៉ូត៍ នៃក្រុមជម្រើសជាតិប៊ែលហ្សិក ឬក្រុមបីសាចក្រហម។ (រូបថត UEFA)

ក្រុមជម្រើសជាតិ ប៊ែលហ្សិក ដែលឈរនៅលេខពីរ នៅក្នុងតារាង​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក របស់​សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បែរជាបានប្រកួតចាញ់ ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ប្រជាជាតិមួយ​ស្ថិតនៅភាគខាងលិច ក្នុងចក្រភពអង់គ្លេស) ដែលមានចំណាត់ថ្នាក់ ដល់ទៅ​លេខ​២៦ និង​ដែលខាន​ចូលមកប្រកួត ជាលក្ខណៈអន្តរជាតិរបៀបនេះ អស់រយៈពេល៤៨ឆ្នាំមកហើយ។ សម្រាប់​បណ្ដា​​អ្នក​​គាំទ្រ និង​ជាពិសេសកីឡាករ​​ប៊ែលហ្សិក​ខ្លួនឯង វាពិតជាមិនធម្មតា និងមានរឿងអ្វីមួយ ដែល​មិន​ស្រួល។

ដោយសារតែហេតុនេះហើយ ទើបនៅយប់ថ្ងៃទី១ ខែកក្កដាកន្លងមក កីឡាករចាំទី ទីប៊ូ គួរត័ស្ស៍ (Thibaut Courtois) ដែលបានវិលត្រឡប់​ពី​ទី​លាន​ប្រកួត មកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់វិញ បាននិយាយ​ដោយ​សំដី​ខ្លាំងៗ​ថា៖ «យុទ្ធសាស្ត្រ​នៃ​ការ​រៀប​ក្បួន​ប្រកួត មានលក្ខណៈអាក្រក់ទាំងស្រុង។ លើកនេះម្ដងទៀត ពួកយើង​បាន​លង់​ខ្លួន ដូច​កាល​ពេល​​យើង​​ទៅ​​​ជួប ជាមួយ​ក្រុមអ៊ីតាលីអញ្ចឹង។»

ក្នុងសភាពគ្រប់គ្រងខ្លួនឯងលែងបាន កីឡាករ ទីប៊ូ គួរត័ស្ស៍ ដែលកំពុងលេងជាអាជីព ឲ្យក្រុម ឆែលស៊ី (Chelsea) របស់​អង់គ្លេសនោះ បានទម្លាក់កំហុសទាំងប៉ុន្មាន ទៅលើលោក ម៉ាក វីលម៉ូត៍ (Marc Wilmots) គ្រូ​បង្វឹក​​របស់​ក្រុម​ជម្រើស​ជាតិ។ យ៉ាងណា គ្រូបង្វឹកប៊ែលហ្សិក ដែលធ្លាប់រងការរិះគន់រូបនេះ នៅតែ​​ព្យាយាម​​ស្វែង​​រក​ភាព​ស្ងប់ស្ងៀម ឲ្យត្រឡប់​មក​វិញ។ លោក វីលម៉ូត៍ បានថ្លែងទៅកាន់​កីឡាករចាំទី​របស់ខ្លួនថា៖ «អ្នក​មិន​​ត្រូវ​និយាយ​អញ្ចឹង ជាមួយ​នឹង​ខ្ញុំ​នោះ​ទេ។ តោះ... យើងចេញទៅនិយាយគ្នា នៅខាងណោះ។»។

អ្នកទាំងពីរបានចេញទៅជជែកគ្នា នៅក្នុងបន្ទប់មួយទៀត ដែលស្ថិតនៅក្បែរនោះ អស់មួយសន្ទុះ។

បន្ទាប់មកទៀត នៅពេលដែលលោក ម៉ាក វីលម៉ូត៍ បានចេញទៅធ្វើសន្និសីទកាសែត ភាពស្ងប់ស្ងៀម​ដ៏​ល្ហិត​ល្ហៃ បានចូលមកសណ្ឋិត នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ រំពេចនោះ កីឡាករ វ៉ាំងសង់ កំប៉ានី (Vincent Kompany) ដែលជាកីឡាករ​ប្រធានក្រុម​​ជម្រើស​ជាតិ ប៊ែលហ្សិក (និងជាកីឡាករប្រធានក្រុម «Manchester City» ដែរនោះ) បានស្នើសុំ ទៅកីឡាករនៅទីនោះទាំងអស់គ្នា ឲ្យសាមគ្គីគ្នាឡើង ជាពិសេស ឲ្យត្រៀមខ្លួន​ក្នុងការប្រឈមមុខ ទល់នឹងប្រព័ន្ធផ្សព្វផ្សាយ ដែលតែងរិះគន់ក្រុមបីសាចក្រហមយ៉ាងខ្លាំងក្លា នៅ​ក្នុង​រយៈ​ពេល​​ចុង​ក្រោយ។ កីឡាករប្រធានក្រុម ថែមទាំងបានស្នើ មិនឲ្យចង្អុលទម្លាក់កំហុស ទៅលើ​នរណា​ម្នាក់​ឡើយ។

ប៉ុន្តែកីឡាករចាំទី ទីប៊ូ គួរត័ស្ស៍ នៅតែប្រកាន់ជំហររបស់ខ្លួន ជាពិសេសបានថ្លែងបរិហារ ចាក់ចំកន្លែង​​ដែល​ត្រូវ​​ឈឺ សម្រាប់ក្រុមជម្រើសជាតិ៖ នោះគឺយុទ្ធសាស្ត្រដ៏អាក្រក់ នៃការរៀបចំទម្រង់លេងបាល់ កំណត់​​ដោយ​លោក ម៉ាក វីលម៉ូត៍។ កីឡាករចាំទី បានថ្លែងឡើងប្រាប់សារព័ត៌មានថា៖ «ខ្ញុំបាននិយាយពីអ្វី ដែល​ខ្ញុំមាន​សម្រាប់​​និយាយ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយគ្មាននរណាម្នាក់ បានបញ្ឈប់ខ្ញុំនោះទេ»។

«កីឡាករទាំង២៣រូប គាំទ្រគ្រូបង្វឹក»

ទំនាស់សំដី​ជាមួយគ្រូបង្វឹក ពីសំណាក់កីឡាករចាំទី ទីប៊ូ គួរត័ស្ស៍ របៀបនេះ មិនមែនទើបនឹង​កើត​មាន ជាលើកទីមួយទេ។ តែនៅចំពោះបញ្ហានេះ កីឡាករប៊ែលហ្សិកមួយរូបទៀត កីឡាករ អេដេន អាហ្សា (Eden Hazard) បែរជាបានថ្លែងអះអាង ​ពី​សាមគ្គី​ភាព​ខ្លាំង​ក្លា ជាមួយគ្រូបង្វឹករបស់ខ្លួនទៅវិញ។ កីឡាករ អេដេន  អាហ្សា បានថ្លែងប្រាប់សារព័ត៌មានថា៖ «យើង​ទាំង​អស់គ្នា គាំទ្រគាត់។ គាត់បានរងការរិះគន់ច្រើនណាស់​ហើយ។ ប៉ុន្តែខ្ញុំគិតថា កីឡាករទាំង២៣នាក់ នៃ​ក្រុម​ជម្រើស​ជាតិ បានសម្ដែងការគាំទ្រ ចំពោះគាត់។»។

អេដេន អាហ្សា ដែលជាកីឡាករខ្សែបម្រើ​ដ៏សំខាន់ នៅក្នុងក្រុមជម្រើសជាតិ បានថ្លែងបន្ត ទាក់ទងនឹង​អនាគត​របស់​លោក វីលម៉ូត៍ ថា៖ «យើង​បាន​ធំធាត់​ជាមួយគាត់ តាំងពីច្រើន​ឆ្នាំ​មក​ហើយ។ យើងបាន​ឆ្លង​កាត់​ពេល​វេលា​ល្អៗ ជាមួយគាត់។ នៅ​ថ្ងៃ​នេះ ភាព​បរាជ័យ​​បាន​បង្កឲ្យមាន​ការ​ខក​ចិត្ត​មួយ ប៉ុន្តែ​យើង​សង្ឃឹម​ថា គាត់​នឹង​បន្ត​កិច្ចការ​នេះ​ទៅ​មុខ​ទៀត ខណៈ​ឯការ​​សម្រេច​ចិត្ត វាស្ថិតនៅ​លើ​រូប​គាត់ តែ​ម្នាក់​ប៉ុណ្ណោះ។ យើង​នឹង​គោរព ការ​សម្រេច​​ចិត្ត​នោះ។ បើ​គាត់​​នៅ​​ធ្វើ​​បន្ត​ទៀត វាជារឿងប្រសើរ។»៕