វីដេអូ​បង្វិល​ស៊ីឡាំង​នៅ​មុខ​កញ្ចក់ បែរ​ចេញ​រូបរាង​ខុសគ្នា កំពុង​ធ្វើ​ឲ្យ​អ្នកទស្សនា​ជាង​៣លាន​នាក់​ក្រញាញ់​ខួរ

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​ឃ្លិប​មួយ​ខ្សែ បង្ហាញ​ពី​ការ​បង្វិល​ស៊ីឡាំង​នៅ​មុខ​កញ្ចក់ តែ​បែរ​ជា​ចាំង​ចេញ​រូបរាង​ស៊ីឡាំង​ខុសគ្នា កំពុង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជាង​៣​លាន​នាក់​ក្រញាញ់​ខួរ ខណៈ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ច្រើន បាន​និង​កំពុងតែ​ព្យាយាម​រក​គន្លឹះ​ដើម្បី​បកស្រាយ​វា។

 

វីដេអូ​បង្វិល​ស៊ីឡាំង​នៅ​មុខ​កញ្ចក់ បែរ​ចេញ​រូបរាង​ខុសគ្នា កំពុង​ធ្វើ​ឲ្យ​អ្នកទស្សនា​ជាង​៣លាន​នាក់​ក្រញាញ់​ខួរ

 

វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ពី​បច្ចេកទេស​ដ៏​អស្ចារ្យ​នេះ ត្រូវ​បាន​បង្ហោះ​ទៅ​លើ​គេហទំព័រ YouTube កាលពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ ក្រោម​ចំណង​ជើង​ថា «Ambiguous Cylinder illusion» និង​ទទួល​បាន​ចំនួន​ទស្សនា រហូត​ដល់​ទៅ​ជាង​៣លាន​ដង​ឯណោះ។ បច្ចេកទេស​បង្វិល​ស៊ីឡាំង​នៅ​មុខ​កញ្ចក់ ឲ្យ​ចេញ​រូបរាង​ខុស​គ្នា​ដ៏​អស្ចារ្យ​នេះ បាន​បង្កើត​ឡើង​ដោយ​វិចិត្រករ​ជប៉ុន លោក Kokichi Sugihara ដែល​ជា​បេក្ខជន​ជាប់​ឈ្មោះ​ទៅ​ប្រលង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ការ​ប្រកួត «Best Illusion of the Year Contest 2016» មក​ពី​សកលវិទ្យាល័យ Meiji University ក្នុង​ប្រទេស​ជប៉ុន។

 

 

បើ​តាម​វីដេអូ​ឃ្លិប​ខាង​លើ​នេះ​​បាន​បង្ហាញ​ឲ្យ​ឃើញ លោក Kokichi យក​វត្ថុ​ដែល​មាន​រូបរាង​ជ្រុង និង​មាន​មុំកែង ដាក់​នៅ​ចំ​ពី​មុខ​កញ្ចក់ ប៉ុន្តែ​ចំណាំង​ប្លាត​ចេញ​ពី​កញ្ចក់ បែរ​ជា​បង្ហាញ​ឲ្យ​ឃើញ​វត្ថុ​នោះ មាន​រូបរាង​មូល​ដូច​ស៊ីឡាំង​ទៅ​វិញ។ ជា​មួយ​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​លោក Kokichi បង្វិល​វត្ថុ​នោះ វា​ក៏​បាន​ប្រែ​រូបរាង​ទៅ​ជា​រាង​មូល​ដូច​ស៊ីឡាំង ខណៈ​ចំណាំង​ប្លាត​ចេញ​ពី​កញ្ចប់​បង្ហាញ​ឲ្យ​ឃើញ​ថា វា​មាន​រូបរាង​ជ្រុង​ទៅ​វិញ។ មូល​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន ងឿងឆ្ងល់ និង​កំពុង​តែ​ក្រញាញ់​ខួរ គិត​មិន​ចេញ​ថា​មក​ពី​អ្វី។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រយៈ​ពេល​ត្រឹម​តែ​២ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​វីដេអូ​ខាង​លើ​បាន​បង្ហោះ​រួច ក៏​លេច​ចេញ​ជើង​ខ្លាំង​ម្នាក់ បាន​បង្ហោះ​វីដេអូ​ឃ្លិប​បកស្រាយ​ពី​រឿង​នេះ​តែម្ដង។ វីដេអូ​បកស្រាយ​នេះ​ត្រូវ​បាន​បង្ហោះ​ទៅ​លើ​គេហទំព័រ YouTube កាលពី​ថ្ងៃទី០១ ខែ​កក្កដា កន្លង​ទៅ​នេះ ក្រោម​ចំណង​ជើង​ថា «Ambiguous Cylinder Illusion // How it Works» ដោយ​ទទួល​បាន​ចំនួន​អ្នក​ទស្សនា​រហូត​ដល់​ទៅ ជាង​២លាន​ដង៕

 

ចង់​ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

 

 

ប្រែ​សម្រួល ៖ សេង ឡុង
ប្រភព ៖ RT