ក្រុមហ៊ុន​ទេសចរណ៍​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់ រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ និពន្ធដោយ : ថ្មីៗ       July-05-2016, 3:26 pm         65

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុមហ៊ុន​ទេសចរណ៍​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់ រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​​ខេត្តសៀមរាប​៖ ក្រុមហ៊ុន​ទេសចរណ៍​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ១៤ ខែសីហា​ខាងមុខនេះ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទី​ពេទ្យ​កុមារ​អង្គរ ។​

​ក្រុមហ៊ុន​ទេសចរណ៍ Cambodia Cycling និង ក្រុមហ៊ុន Asian Square Group រួម​ជាមួយនឹង​ក្រុមហ៊ុន​ទេសចរណ៍  Travel Loops បានរួម​សហការ​ជាមួយនឹង​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ប្រចាំឆ្នាំ ២០១៦​នេះ ក្រោម​ប្រធានបទ «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​»​។​

​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍ «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​» តម្រូវអោយ​ចុះឈ្មោះ និង​បង់ប្រាក់ ១៥​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​នាក់ ប៉ុន្តែ​អ្នកចូលរួម នឹង​ទទួលបាន កង់​សម្រាប់​ជិះ​ក្នុង​ព្រឹត្តិការណ៍​នេះ ចំនួន​១ អាវយឺត​១ អាហារសំរន់ ទឹក​សុទ្ធ និង​អាហារ​ថ្ងៃត្រង់ ដែល​រៀបចំ​ដោយ​ភោជនីយដ្ឋាន Asian Square​។ ការទទួល​ពាក្យ​ចុះឈ្មោះ​អ្នកចូលរួម ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៦ នៅ​ភោជនីយដ្ឋាន Asian Square មន្ទីរពេទ្យ​កុមារ​អង្គរ ការិយាល័យ​ក្រុមហ៊ុន​ទេសចរណ៍  Travel Loops និង​ហាង​កង់​ហោះ ខេត្តសៀមរាប​។​

​កម្មវិធី​ជិះ​កង់​នេះ នឹង​ចាប់ផ្តើម​ចេញដំណើរ​ពី Siem Reap Art Center (​អតីត​អាង​ក្រពើ​ចាស់​) រួច​កាត់​តាមផ្លូវ​ជាស៊ីម ឡើង​តាមផ្លូវ ៦០​ម៉ែត្រ និង​បញ្ចប់​នៅ​ស្រះស្រង់ ដោយមាន​ឆ្លងកាត់​ទីក្រុង ផ្លូវថ្នល់​ក្រាល​កៅស៊ូ ផ្លូវលំ​កាត់​តាម​ភូមិតូចៗ នៅ​ជាយក្រុង​សៀមរាប ខេត្តសៀមរាប ដែលមាន​ចំងាយ​សរុប​ជាង ១៧​គីឡូម៉ែត្រ​។​

​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​គឺជា​លើក​ទី ៣​ហើយ ដោយ​ក្នុង​គោលបំណង​រៃអង្គាស​ថវិកា​ជួយឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​។ អ្នករៀបចំ​កម្មវិធី​រំពឹងទុក​ថា ព្រឹត្តិការណ៍​នៅ​ឆ្នាំនេះ នឹងមាន​អ្នកចូលរួម​ជាង ៦៥០​នាក់ ។ ចំណែក​ព្រឹត្តិការណ៍​លើក​ទី​១ មាន​អ្នកចូលរួម​ប្រមាណ ៤៥០​នាក់ និង​លើក​ទី​២ មាន​ប្រមាណ ៥៧០​នាក់​៕