ម៉ូតូ​និង​រ៉ឺ​ម៉ក​ម៉ូតូ​បុក​គ្នា​នៅ​ត្បូងឃ្មុំ​ស្លាប់​ម្នាក់

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​របួសធ្ងន់​ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រ៉ឺ​ម៉ក​ម៉ូតូ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ចន្លោះ​បង្គោល​ភ្លើង​លេខ (១៧៨-១៧៩) ស្ថិត​នៅ​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​មុន​កើតហេតុ​រ៉ឺ​មក​ម៉ូតូ​បាន​បើក​ចេញ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​តាម​បណ្តោយ​ផ្លូវជាតិ ដោយ​ពុំ​មាន​ដឹក​អ្វី​នោះ​ទេ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ភាគី​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ចាម 1A-1368 បើកបរ​ដោយ​ឈ្មោះ នួន ណាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​អង្គ្រង ឃុំ​ក្រែក ស្រុក​ពញាក្រែក បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ។ ចំណែក​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​រហូត​មក​ដល់​រសៀល​ថ្ង​ទី​៥​កក្កដា​នេះ គេ​នូវ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​បាន​រត់​គេច​ខ្លួន​បាត់​ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​វត្ថុ​តាង​ទាំង​២ ទាំង​ម៉ូតូ​ទាំង​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើ​ម្បើ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​៕