ខេត្តបាត់ដំបង​​ល្បី​លក់​សាច់​ជ្រូក​ងាប់​នាំ​ចូល​ពីថៃ​

ខេត្តបាត់ដំបង ៖ ​​​ជ្រូក​​ដែល​ឈ្មួញ​ខ្មែរ​​នាំ​ចូល​ពី​ប្រទេស​​ថៃ​ក្នុង​មួយ​ថ្ងៃ​ៗ​​រាប់រយ​ក្បាល តាម​ច្រក​តំបន់ ​«​ភ្នំ​ដី​» ក្នុងស្រុក​សំពៅ​លូន ត្រូវ​គេ​​ទម្លាយឱ្យ​​ដឹង​ថា ឈ្មួញ​ខ្មែរ​បាន​ទ​ទូល​ទិញ​ជ្រូក​ងាប់​​ពី​ឈ្មួញ​ថៃ ក្នុង​តម្លៃ​១​ក្បាល​១០០០​បាត ឬ​ជាង​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដើម្បី​យក​កាប់​សាច់​លក់​ចែកចាយ​បន្ត នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តបាត់ដំបង បើ​ទោះជា​ច្បាប់​មិន​អនុញ្ញាត​ឱ្យ​​ខ្មែរ​ទិញ​ជ្រូក​ងាប់​បែប​នេះ​​ពី​ថៃ​ក្ដី​ ។

ព័​ត៌​មាន​នេះ​ បាន​បែកធ្លាយ​ចេញពី​ក្រុម​កម្មករ​លើក​ជ្រូក នៅ​តាម​ស្ដង់​នានា​ក្នុងស្រុក​សំពៅ​លូន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ។ ពួក​គេ​បាន​និយាយ​ថា នៅ​ក្នុងស្រុក​សំពៅ​លូន មាន​ស្ដង់​សំរាប់​ស្ដុក​ជ្រូក​ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃចំនួន​៣​កន្លែង ​ដែល​ស្ដង់​នីមួយ​ៗ
​ទ​ទួល​​ស្ដុក​ជ្រូក​ងាប់​រាប់​រយ​​ក្បាល​​ក្នុង​មួយ​ថ្ងៃ​ៗ ​។

ប្រភព​​ដដែល​បន្ត​ថា ជ្រូក​ដែល​ដឹក​ចូល​ដល់​ដី​ខ្មែរ ហើយ​បើ​មាន​ងាប់​ភាគី​ថៃ មិន​ដឹក​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញទេ គឺ​លក់​ឱ្យ​ឈ្មួញ​ខ្មែរ​តែ​ម្ដង ដើម្បី​កាប់​​សាច់​លក់ ព្រោះ​មាន​តម្លៃ​ថោក​ត្រឹម​​១០០០​បាត ​ឬ​ជាង​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​១​ក្បាល​ ។ 

ប៉ុន្តែ​បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ស្ដង់​ជ្រូក​មួយ​កន្លែង​នៅ​ក្បែរ​ផ្សារ ​«​បូ​រី​» ​ស្រុក​សំពៅ​លូន តែ​មិន​ប្រាប់​ឈ្មោះ បាន​បដិសេធ​​ចំពោះ​ការ​ទម្លាយ​របស់​កម្មករ​លើក​ជ្រូក​ ។ បុរស​នេះ​និយាយ​ថា សត្វ​ជ្រូក​ដែល​ងាប់​​ពេល​ដឹក​ចូល​ពី​ប្រទេស​ថៃ ភាគី​ថៃ​ត្រូវ​តែ​ដឹក​ត្រឡប់​ទៅ​វិញ ខាង​ខ្មែរ​មិន​អាច​ទិញ​ជ្រូក​ងាប់​​នោះ​ឡើយ​ ។ ជ្រូក​ដែល​ដឹក​ចូល​ខ្មែរ​ត្រូវ​មានការ​ត្រូ​ត​ពិនិត្យ និង​មាន​លិ​ខិ​ត​បញ្ជាក់​ពី​ពេទ្យសត្វ​ថៃ​ត្រឹម​ត្រូវ​ ។

ម្យ៉ាង​ទៀត ពេល​ដឹក​ចូល​ដល់​ស្ដង់​ខាង​ដី​ខ្មែរ មន្ត្រី​កសិកម្ម​ស្រុក ក៏​បាន​ចុះ​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ មុន​នឹង​ដឹក​ចេញ​បន្ត​ទៅ​កាន់​ទី​សត្ត​ឃាត​តាម​បណ្ដា​ខេត្ត​នានា​ ។ ប៉ុន្តែ​ ការ​បកស្រាយ​របស់​មេការ​ស្ដង់​ជ្រូក​ខាងលើ​នេះ នៅ​តែ​ផ្ទុយ​ស្រឡះ​ពី​ការ​ទម្លាយ​របស់​ក្រុម​កម្ម​ករ​​លើក​ជ្រូក ​។ ក្រុម​កម្មករ​ដែល​ភាគច្រើន ​ជា​ជន​ចំណាកស្រុក​បាន​រៀបរាប់​ប្រាប់​កោះ​​​សន្តិភាព​​នៅ​កន្លែង ​ដែល​ពួក​គេ​ស្នាក់​នៅ​ថា តាម​ផ្លូវច្បាប់​ជ្រូក​ ដែល​ងាប់​​ត្រូវ​ដឹក​ត្រឡប់​ទៅ​ថៃ​វិញ ហើយ​ដុត​កម្ទេច​​ចោល​តែ​ម្ដង ​។

ដូច្នេះ​ហើយ ​ទើប​ថៃ​លក់​ជ្រូក​ងាប់​ទាំងនោះ​ឱ្យ​​ខ្មែរ យ៉ាង​ហោច​ណាស់​ ក៏​បាន​១​ក្បាល​ថ្លៃ​១០០០​បាត​ដែរ ជា​ជាង​ដុត​ចោល​ទទេ​ ។ ពួក​គេ​និយាយ​​ថា គ្រប់​ស្ដង់​ទាំងអស់​ខាង​ភាគី​ខ្មែរ​សុទ្ធតែ​ប្រ​ព្រឹ​ត្ត​ល្មើសច្បាប់​បែប​នេះ ។ រីឯ​មន្ត្រី​ជំនាញ​កម្រ​ឃើញ​ចុះ​ពិនិត្យ​តាម​ស្ដង់​ជ្រូក​ណាស់ គឺ​បង់​តែ​លុយ​ជា​ការ​ស្រេច ​។ ជ្រូក​ងាប់​​ទាំងនោះ ត្រូវ​គេ​កាប់​យក​តែ​សាច់ ដឹក​តាម​ម៉ូតូ ឬ​ឡាន​ទៅ​លក់​ចែកចាយ​លើ​ទីផ្សារ​​នានា​ គ្មាន​អ្នកណា​ដឹងទេ ។

ប្រភព​នេះ​បញ្ជាក់​​ថា បើ​ជ្រូក​ងាប់​​ត្រឹម​​១ ​ឬ​២​ក្បាល គឺ​មេការ​កាប់​យក​តែ​សាច់ បេះដូង និង​ថ្លើម លក់​បន្ត​ឲ្យ​អ្នក​ដឹក​តាម​ម៉ូតូ​លក់​តាម​ចំការ​ក្បែរ​ព្រំដែន ។ តែបើ​មាន​ជ្រូក​ងាប់ច្រើន ​លើស​ពី​២​ក្បាល គឺ​កាប់​យក​សាច់​ដឹក​តាម​រថយន្ត​តូច​ៗ ទៅ​ចែកចាយ​តាម​ទីផ្សារ​នានា ក្នុង​ខេត្តបាត់ដំបង ។ រីឯ​គ្រឿងក្នុង​ប្រគល់​ឲ្យ​ក្រុម​កម្មករ​ធ្វើ​ម្ហូប ​។ កម្មករ​មា្ន​ក់​និយាយ​បណ្ដើរ បើក​គម្រប​ឆ្នាំ​បណ្ដើរ ដើម្បី​បង្ហាញ​គ្រឿងក្នុង​ជ្រូក​ ដែល​សល់​ពី​ថៅកែ ហើយ​ប្រាប់​ថា​«​ពួក​ខ្ញុំ​ហូប​គ្រឿងក្នុង​ជ្រូក​ទាំងនេះ​រាល់ថ្ងៃ​​ឡើង​ធំ​ទៅ​ហើយ​ ។

ពេល​ខ្លះ​ធុំ​​ខ្លិ​ន​មិន​អាច​ហូប​បាន​ទេ ព្រោះ​ទំនង​ជ្រូក​ទាំងនោះ​ង៉ា​ប់​ស្រាប់​តាំងពី​កន្លែង​ក​សិ​ដ្ឋាន​​នៅ​ស្រុក​ថៃ​ម្ល៉េះ តែ​វា​កុហក​ថា ងាប់​​តាម​ផ្លូវ​»​។ កម្មករ​រូប​នេះ​បញ្ជាក់​ថា ស្ដង់​ណា​ក៏​ដូច​ស្ដង់​ណា​ដែរ សុទ្ធតែ​ទិញ​ជ្រូក​ងាប់​ពី​ថៃ យក​ទៅ​កាប់​សាច់​លក់​បន្ត​តាម​ទីផ្សារ​នានា​ដូច​គ្នា ​ដែល​អាច​ធ្វើ​ឱ្យ​​ប៉ះពាល់​បំផុត​ ដល់​សុខភាព​ ។

ទាក់ទិន​នឹង​ភាព​មិន​ប្រក្រតី​នេះ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​ប៉ែន ស៊ី​ថា ប្រធាន​ការិយាល័យ​បសុ​ពេទ្យ​​នៃ​មន្ទីរ​កសិ​កម្ម​ខេត្តបាន​ទេ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ កក្កដា ដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទំនាក់ទំនង​​បាន ។ រីឯ​លោក​ឈឹ​ម វិ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ក៏​មិន​អាច​ទំនាក់​បាន​ដែរ ក្នុង​ថ្ងៃ​ដដែល​នេះ ​។