សាលាក្រុង ហៅ​លោក ម៉ម សូណង់ដូ ជួប​រឿង​ធ្វើបាតុកម្ម នៅ​ថ្ងៃទី​៩​កក្កដា​

ភ្នំពេញ:
សាលា​រាជធានី​ភ្នំពេញ បានចេញ​លិខិតអញ្ជើញ លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ស្តីពី​សំណើសុំ​ធ្វើបាតុកម្ម នៅ​ថ្ងៃទី​៩ ខែកក្កដា នៅ​ទីលាន​ប្រជាធិបតេយ្យ ទាមទារ​ឲ្យ​ដោះលែង មន្ត្រី​សង្គម​ស៊ីវិល ចំនួន​៤​រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប​. មួយរូប​។​

​កិច្ចប្រជុំ គឺមាន​ការចូលរួម​ពី សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ មានដូចជា ស្នងការ​នគរបាល រាជធានី​ភ្នំពេញ មេ​ប៉េអឹម​ក្រុងភ្នំពេញ រួមទាំង​អភិបាល ខណ្ឌដូនពេញ និង​មន្ត្រី​មួយចំនួនទៀត​។​

​សូមជម្រាបថា លោក​ម៉ម សូណង់ដូ  កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ បានដាក់​លិខិត​ជូន​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ធ្វើបាតុកម្ម​អហិង្សា នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៦ ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន​អ្នកចូលរួម ប្រមាណ ២០០ នាក់ ដើម្បី​សំណូមពរ អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដក​ពាក្យបណ្តឹង និង​ការចោទប្រកាន់ ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អគ្គលេខាធិការរង គ​.​ជ​.​ប​. ចំនួន​មួយរូប ដែល​កំពុង​ជាប់ឃុំ​៕N​/S