វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ស្នើ​ឲ្យ​ឯកឧត្ដម លី អាន ​ពន្លឿន​កិច្ចសហការ​គ្នា​ពី​គម្រោង​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរ​ពេទ្យ​ខេត្ត​ត្បូងឃ្មុំ​

វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ស្នើ​ឲ្យ​ឯកឧត្ដម លី អាន ​ពន្លឿន​កិច្ចសហការ​គ្នា​ពី​គម្រោង​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរ​ពេទ្យ​ខេត្ត​ត្បូងឃ្មុំ​



ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ទទួល​ជួប​សវនាការ និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម លី អាន (H.E. Mr. Li An) ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មានការ​ពន្លឿន កិច្ចសហការ​គ្នា​អំពី​គម្រោង​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ និង​គម្រោង​ប្រយុទ្ធ​ និង​ជំងឺ​ឆ្លង​សម្រាប់​ឆ្នាំ​២០១៧ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ស្វាគមន៍​ចំពោះ​ការ​ចូល​កាន់​តំណែង​ថ្មី​របស់​ឯកឧត្ដម លី អាន និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​មិត្ត​ចិន ដែល​បាន​ឧបត្ថម្ភ​គាំទ្រ វិស័យ​សុខាភិបាល​កម្ពុជា ដែល​កន្លងមក​បាន​ផ្តល់​រថយន្ត​គិលាន​សង្គ្រោះ​ចំនួន​២០០​គ្រឿង និង​ម៉ាស៊ីន​អេកូសាស្ត្រ​ចំនួន​២០០​គ្រឿង ដែល​កំពុងតែ​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​ស្នើ និង​ជំរុញ​ឲ្យ មានការ​ពន្លឿ​ន​កិច្ច​សហការ​គ្នា​អំពី​គម្រោង​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ​។ ជា​ការ​ឆ្លើយ​តប ​ឯកឧត្ដម លី អាន បាន​បញ្ជាក់​ជូន​ថា ចំពោះ​គម្រោង​មន្ទីរពេទ្យ​ទាំងពីរ​នេះ ភាគី​ចិន​បាន​និង​កំពុង​ពិភាក្សា​ផ្ទៃក្នុង​របស់​ខ្លួន ហើយ​សង្ឃឹម​ថា​នឹង​ទទួល​បានការ​អនុម័ត​នៅ​ឆ្នាំ​២០១៦​នេះ។ ប៉ុន្តែ​ឯកឧត្ដម​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន​នៅ​កម្ពុជា ក៏បាន​លើក​ជា​សំណួរ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ​មក​ក្រសួងសុខាភិបាល ដូចជា​ ការរុករក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការ​សំអាត​ព្រៃ កា​រត​បណ្ដាញ​អគ្គិសនី និង​កា​រត​បណ្តាញ​ទឹកស្អាត​ប្រើប្រាស់ ក៏ដូចជា​ការ​ត្រៀម​ធនធាន​មនុស្ស​សម្រាប់​បម្រើ​ការងារ​ក្នុង​មន្ទីរពេទ្យ​ដែល​ត្រូវ​សាងសង់។

លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ភាគី​មិត្ត​ចិន​ថា អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បាន​និង​កំពុង​ធ្វើការ​ទាំង​អស់​នេះ​ហើយ។ ដោយឡែក ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ ក៏បាន​ត្រៀម​ធនធានមនុស្ស​សម្រាប់​បម្រើការ​ឲ្យ​មន្ទីរពេទ្យ​នោះ​រួចរាល់​ហើយ​ដែរ។

ចំណែក​ឯកឧត្ដម​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​វិញ​ថា គម្រោង​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សម្រាប់​ឆ្នាំ​២០១៧ ដែល​ក្រសួង​សុខាភិបាល បាន​ស្នើ​សុំ​នោះ ភាគី​ចិន​កំពុងតែ​ពិភាក្សា​ជា​បន្តបន្ទាប់​នៅ​ឆ្នាំនេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា ឯកឧត្ដម លី អាន នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ត្បូងឃ្មុំ​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នៅ​ទីនោះ និង​រឹតចំណង​មិត្តភាព​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត៕
វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ស្នើ​ឲ្យ​ឯកឧត្ដម លី អាន ​ពន្លឿន​កិច្ចសហការ​គ្នា​ពី​គម្រោង​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរ​ពេទ្យ​ខេត្ត​ត្បូងឃ្មុំ​

វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ស្នើ​ឲ្យ​ឯកឧត្ដម លី អាន ​ពន្លឿន​កិច្ចសហការ​គ្នា​ពី​គម្រោង​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរ​ពេទ្យ​ខេត្ត​ត្បូងឃ្មុំ​