អតីត​អ្នក​បឹង​កក់ប្តូរ​មក​ស្លៀក​ពាក់​សទាម​ទារ​ឲ្យ​ដោះ​លែង​មន្រ្តី​សិទ្ធិ​មនុស្ស​

នៅថ្ងៃទីចន្ទ ទី០៤ ខែកក្កដានេះ អតីតអ្នករស់នៅសហគមន៍បឹងកក់ បានប្តូរមកស្លៀកពាក់ស ទាមទារឲ្យមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សទាំង៤នាក់ និងមន្ត្រីគ.ជ.បម្នាក់ និងទាមទារសំណងបន្ថែម។ ក្នុងថ្ងៃជាមួយគ្នានេះ ក្រុមសហគមន៍បឹងកក់បច្ចុប្បន្ន ដែលប្រើប្រាស់ពណ៌ខ្មៅ ក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅឯណោះវិញ បានប៉ះទង្គិចគ្នារវាងក្រុមអាជ្ញាធរបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស។

អតីតអ្នករស់នៅបឹងកក់ បានចូលរួមទាមទារឲ្យមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីគ.ជ.ប ម្នាក់ ដំណាលគ្នានឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលរៀបចំដោយក្រុមអ្នករស់នៅបឹងកក់បច្ចុប្បន្ន និងក្រុមសង្គមស៊ីវិលមួយចំនួនទៀត។ អ្វីដែលជាការកក់សម្គាល់ចំពោះក្រុមអតីតអ្នករស់នៅបឹងកក់ និងអ្នករស់នៅបឹងកក់បច្ចុប្បន្ន គឺពួកគេបានប្រើប្រាស់ពណ៌ផ្ទុយគ្នាក្នុងយុទ្ធនាការតែមួយ ពោលគឺអ្នករស់នៅបឹងកក់បច្ចុប្បន្នប្រើពណ៌ខ្មៅ ហើយអ្នកអតីតបឹងកក់ប្រើពណ៌ស។

តំណាងអតីតអ្នករស់នៅបឹងកក់ កញ្ញាអ៊ីម ស្រីទូច បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថាមូលហេតុដែលយុទ្ធនាការរបស់ក្រុមកញ្ញា ដូរមកប្រើអាវស ឬពណ៌សវិញនេះ ដោយសារតែការប្រើប្រាស់ពណ៌ខ្មៅកន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ភ័យខ្លាចថាក្រុមរបស់កញ្ញា និងក្រុមអ្នកបឹងកក់បច្ចុប្បន្ន ធ្វើបដិវត្តពណ៌។ ដូច្នេះ ទើបក្រុមកញ្ញាប្តូរពីពណ៌ខ្មៅ មកពណ៌សវិញ ហើយនេះបញ្ជាក់ថាក្រុមរបស់កញ្ញា មិនមែនធ្វើបដិវត្តពណ៌ទេ តែចង់បញ្ហាពីគោលបំណងទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សទាំង៤រូប និងមន្ត្រី គ.ជ.ប មួយរូប។

បើតាមគំរោងនៅព្រឹកថ្ងៃទី០៤ កក្កដានេះ អតីតអ្នករស់នៅបឹងកក់ប្រមាណ៥០នាក់ នឹងធ្វើដំណើរមកផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប៉ុន្តែពួកគាត់ត្រូវបានអាជ្ញាធរហាមឃាត់ ហើយបានហែកបដារបស់ពួកគាត់នៅបូរីសន្តិភាពពីរដំណាក់ត្រយឹងក្បែរគុកព្រៃស ក្រោយពេលពួកគាត់ប្រមូលផ្តុំគ្នា។ នេះបើតាមកញ្ញាអ៊ីម ស្រីទូច។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានឲ្យឈ្មោះក្រុម ដែលមានការចាត់តាំងជាប្រព័ន្ធ ឬជាបណ្តាញ ហើយបះបោរប្រឆាំងនឹងតុលាការ ឬរដ្ឋាភិបាល គឺជាក្រុមបដិវត្តពណ៌ ពោលគឺមិនថាជាពណ៌អ្វីទេ។ លោកបន្ថែមថា ការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរគ្រប់រូប រដ្ឋាភិបាលទទួលស្គាល់ ប៉ុន្តែការបញ្ចេញមតិដែលមានការចាត់តាំងជាបណ្តាញ ជាអត្តសញ្ញាណ នោះលោកចាត់ទុកថាជាក្រុមខ្សែរយៈបដិវត្តពណ៌។

ចំណែកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដែលរៀបចំដោយអ្នករស់នៅបឹងកក់បច្ចុប្បន្ន បានឈានទៅជាអំពើហិង្សារវាងអាជ្ញាធរ និងអ្នកបឹងកក់ បណ្ដាលឲ្យស្ត្រីបឹងកក់បួននាក់ និងបុរសម្នាក់រងរបួសបន្ទាប់ពីពួកគេបានជួបជុំដូចរៀងរាល់សប្ដាហ៍នៅសហគមន៍ពួកគេ។ លោកស្រីទេព វណ្ណី តំណាងសហគមន៍បឹងកក់បានប្រាប់វិទ្យុបារាំងថា មូលហេតុដែលឈានទៅដល់ការប្រើហិង្សា បន្ទាប់ពីអាជ្ញាធរព្យាយាមទៅឃាត់ការជួបជុំស្រែកទាមទាររបស់ពួកគាត់ ដើម្បីដោះលែងមន្ត្រីអង្គការអាដហុក៤នាក់និងមន្ត្រីគ.ជ.ប។

គួររំលឹកជូនថាមន្ត្រី៤រូបរបស់សមាគមន៍អាដហុករួមមាន រួមមាន លោក នី សុខា ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៅសមាគមន៍អាដហុក និងអនុប្រធានពីររូបរបស់លោកគឺ លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ ដា។ ចំណែកលោកស្រី លឹម មុនី្នជាអ្នកស៊ើបអង្កេតជាន់ខ្ពស់នៅអាដហុក។ លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប៕

ប្រភពៈ RFI