ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស UN ដាក់​កម្ពុជា​ស្ថិត​ក្នុង​ការ​កត់​សម្គាល់​អវិជ្ជមាន

កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៣២ កាលពីថ្ងៃទី ១កក្កដា បានសម្រេចដាក់ប្រទេសកម្ពុជា ស្ថិតក្នុងការកត់សម្គាល់អវិជ្ជមាន បន្ទាប់ពីសង្គមស៊ីវិល និងមន្រ្តីគណបក្សប្រឆាំងមួយចំនួនកំពុងរងការរុកគួន។ យោងតាមកំណត់ហេតុចេញថ្ងៃទី ៤កក្កដា ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំងផងដែរ។

កិច្ចប្រជុំលើកទី ៣២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងសឺណែវប្រទេសស្វីស បានសម្រេចដាក់ប្រទេសកម្ពុជាស្ថិតនៅក្នុងការកត់សម្គាល់អវិជ្ជមាន បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រទេសជប៉ុន បារាំង អាមេរិក និងអង់គ្លេស រួមទាំងសហភាពអ៊ឺរ៉ុបផង បានសម្តែងក្តីព្រួយបារម្ភម្នាក់ម្តង ចំពោះការរីករាលដាលនៃការវាយប្រហារមកលើសង្គមស៊ីវិល និងគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។

ការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិនេះ គឺបន្ទាប់ពីការចាប់ឃុំខ្លួនសកម្មជនសិទ្ធិមនុស្សអង្គការអាដហុក៤នាក់កាលពីខែមេសា និងសមាជិកគណបក្សប្រឆាំង រួមទាំងមន្ត្រីរបស់ គ.ជ.ប និងការអនុម័តច្បាប់ស្តីពី សមាគម-អង្គការមិនមែនរដ្ឋាភិបាលកាលពីខែសីហាឆ្នាំ២០១៥ផង។ នេះបើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៤កក្កដា ពីទីក្រុងសឺណែវប្រទេសស្វីស ហើយត្រូវបានចុះហត្ថលេខាគាំទ្រ ដោយអង្គការជាតិ និងអន្តរជាតិធំៗចំនួន៧ រួមមាន Forum-Asia, មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (Licadho), អង្គការការពារសិទ្ធិជនស៊ីវិល (Civil Rights Defenders), គណៈកម្មាធិការអន្តរជាតិសម្រាប់យុត្តិធម៌ (ICJ), សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (FIDH) និងអង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT) ជាដើម។

សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយដ៏ធំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីដំណោះស្រាយលើស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងពីក្តីព្រួយបារម្ភចំពោះជម្លោះនយោបាយតានតឹងនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យលំហសង្គមស៊ីវិលរួមតូច ស្របពេលដែលសកម្មភាពរបស់គណបក្សប្រឆាំងត្រូវបានរិតត្បិតជាដើម។ ជាមួយគ្នានេះ ប្រធានបេសកម្មជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្ស ក៏បានលើកឡើងថា ការចាប់ខ្លួនសមាជិកបក្សប្រឆាំង និងសង្គមស៊ីវិលនាពេលថ្មីៗនេះ គឺជាការធ្វើឱ្យលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារួមតូច ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសប៊ែលហ្ស៊ីក និងប្រទេសស្វីស ក៏បានបង្ហាញការព្រួយបារម្ភដូចគ្នានេះដែរ។ លោក ស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្ស (CCHR) បានចាត់ទុក សេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៣២មានន័យថា ពួកគេមិនបានបិទភ្នែកចំពោះស្ថានការណ៍នៅកម្ពុជានោះទេ ហើយថា សេចក្តីព្រួយបារម្ភរបស់ស្ថាប័នកំពូលមួយនេះ នឹងស្តែងចេញជាសកម្មភាពនៅពេលខាងមុខ៕

ប្រភពៈ RFI