សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​នីតិ​វិធី​តុលាការ​ការងារ​ នឹង​បញ្ចប់​នៅ​ឆ្នាំ ២០១៧

ដើម្បីចូលរួមចំណែក ដោះស្រាយ វិវាទការងាររបស់និយោជិត និងនិយោជក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការណ៍ជាមួយអង្គការ ពលកម្មអន្តរជាតិ គ្រោងនឹងបញ្ចប់សេចក្តីព្រាងច្បាប់នៃតុលាការការងារ នៅឆ្នាំ ២០១៧ ខាងមុខនេះ។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ រំពឹងថា ការបង្កើតតុលាការការងារនេះឡើង នឹងជួយដោះស្រាយវិវាទការងារ ឲ្យកាន់តែមានប្រសិទ្ធខ្ពស់ និងកាត់បន្ថយកូដកម្មខុសនីតិវិធីច្បាប់ផងដែរ។

អត្តបទដោយ សរ ពិសី

នៅក្នុងឱកាសបើកសន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៧ នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៖ ភាពចាស់ទុំ និងការប្តេជ្ញាដើម្បីរីកចម្រើន លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបង្កើតតុលាការការងារនេះ នឹងអាចធានាបានការថយចុះនូវកូដកម្មនានា ដែលមិនស្របនីតិវិធីច្បាប់។

លោករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ដើម្បីបង្កើតតុលាការការងារនេះ ក្រុមការងារនៃក្រសួងការងារ ក៏បានបំពេញទស្សនកិច្ចសិក្សា នៅបណ្តាប្រទេសអភិវឌ្ឍន៍នានា ដើម្បីដកស្រង់បទពិសោធនៃការប្រព្រឹត្តិទៅនៃតុលាការការងារនេះ។

ជុំវិញការបង្កើតតុលាការការងារ ដែលសហជីពជាច្រើន បានធ្វើការទាមទារអស់រយៈពេលជាច្រើនឆ្នាំនេះ ត្រូវបានលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ធ្វើការសាទរ។ សាទរ ក្នុងករណីដែលតុលាការមួយនេះ បង្កើតឡើងដោយ ឈរលើមូលដ្ឋាន ឯករាជ្យ តម្លាភាព និងដោះស្រាយបញ្ហាដោយមិនបម្រើផលប្រយោជន៍ភាគីណាមួយ។

ដោយឡែក បើទោះបីជា វត្តមានតុលាការការងារមិនទាន់លេចចេញជារូបរាងពេញលេញក៏ដោយ កាលពីពេលកន្លងទៅ លោក ស៊ុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង ធ្លាប់បានបញ្ជាក់ថា តុលាការមួយនេះ នឹងអាចមានអំណាចក្នុងការដោះស្រាយវិវាទការងារ ក៏ដូចជាព្រម កាត់បន្ថយវិវាទការងារជាអតិបរមា។

ក្រៅពីការបង្កើតតុលាការការងារ ដើម្បីដោះស្រាយវិវាទការងាររវាងថៅកែរោងចក្រ និងកម្មករ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏បានធ្វើការងារយ៉ាងជិតស្និត ដើម្បីឆ្ពោះទៅរកប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈសម្រាប់ភាគីទាំងពីផងដែរ។

ក្រុមប្រឹក្សាអាជ្ញាកណ្តាល មានតួនាទី សម្រុះសម្រួល ដោះស្រាយវិវាទការងារ នៅកន្លែងធ្វើការ ដោយប្រើប្រាស់នីតិវិធីក្រៅប្រព័ន្ធតុលាការ រវាងភាគីទំាងពីរ ប៉ុន្តែក្នុងករណី ដែលភាគីនិយោជិត និងនិយោជក មិនព្រមអនុវត្តតាមនោះទេ ពួកគេអាចបន្តនីតិវិធី ទៅតុលាការអាជ្ញាគតិបន្តទៀត។

បើតាមលោកស្រី ឈីវ ភិរម្យ តំណាងក្រុមអាជ្ញាកណ្តាល និងជាប្រធានក្រុមប្រឹក្សានៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានទទួលសំណុំរឿងវិវាទ ចំនួនជាង ២៥០០ ករណី ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្មករនិយោជិតជាង ៧០ ម៉ឺននាក់ ដោយនៅក្នុងនោះទទួលបានផលជាវិជ្ជមានប្រមាណជា ៧៥% ក្នុងចំណោមសំណុំរឿងវិវាទដែលបានដោះស្រាយទាំងអស់ តាមរយៈការផ្សះផ្សា៕

ប្រភពៈ RFI