ប្រមូល​ជន​អនាថា​ក្នុងខណ្ឌដូន​ពេញ​ឱ្យ​មន្ទីរ​សង្គម​កិច្ច​ចិញ្ចឹម​

រាជធានីភ្នំពេញ ៖ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​កឹ​ម វុ​ត្ថា បើក​យុទ្ធនាការ​ប្រមូល​ជនអនាថា​ ដែល​ស្នាក់​នៅ​តាម​ផ្លូវ​សា​ធារ​ណះ សួនច្បារ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៦​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណ​:តាម​មូល​ដ្ឋាន និង​ជា​ពិសេស​ គឺ​សតិអារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​បរទេស ​ដែល​ចូល​មក​ទស្សនា​នៅ​រាជធានី​ភ្នំពេញ ។

លោក​កឹ​ម វុ​ត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ យោង​តាម​ការ​ចង្អុលបង្ហាញ​ពី​លោក​គួ​ច ចំរើន អភិបាល​ខណ្ឌ​ដូនពេញ​ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​បាន​​យុទ្ធនាការ​ប្រមូល​ជនអនាថា​ដែល​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​សា​ធារ​ណះ​ដូច​ជា​ផ្លូវ​លេខ​១០៦,១០៨,១៣០, ១៣៦​និង​តាម​សួនច្បារ​មាត់ទន្លេ​និង​សួនច្បារ​ផ្សារ​ចាស់ ។ ពួក​គេ​នាំ​គ្នា​ស្នាក់​នៅ​បែប​នេះ​វា​បាន​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ សា​ធារ​ណះ​យ៉ាង​ធ្ងន់ធ្ងរ​ហើយ​នេះ​ក៏​មិនមែន​ជា​លើក​ទី​មួយ​ដែរ ដែល​សាលា​ខណ្ឌដូនពេញ​ប្រមូល​ជន​អនា​ថា អ្នក​សុំទាន ស្ត្រី​រក​ស៊ី​ផ្លូវភេទ​នោះ​ទេ​គឺ​អនុវត្ត​ដូច​ភ្លៀងរលឹម ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៥​និង​២៦​ខែមិថុនា​ឆ្នាំ​២០១៦​កន្លង​មកនេះ​សាលា​ខណ្ឌដូនពេញ​បើក​យុទ្ធនាការ​ប្រមូល​ជនអនាថា អ្នក​សុំទាន​និង​ជន​ប្រើប្រាស់​ថ្នាំញៀន​សរុប​ចំនួន​៣៧​នាក់​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ ។ ដោយឡែក​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​​ កក្កដា​ឆ្នាំ​២០១៦​ នេះ ​យើង​ប្រមូល​បាន​ជនអនាថា​​ចំនួន​៣៣​នាក់ ​ក្នុង​នោះ​មាន​ស្រី​ចំនួន​១០​នាក់ ។

មុន​បញ្ជូន​ក្រុម​អនាថា​ទាំង​៣៣​នាក់​ ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​លោក​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​បាន​ជួប​សំណេះសំណាល​និង​ធ្វើការ​ណែរ​នាំ​ដល់​បងប្អូន​ជនអនាថា​ទាំង​៣៣​នាក់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ​នូវ​ជំនាញ​ណាមួយ​ឲ្យ​ពិតប្រាកដ​នៅ​ពេល​ពួក​គេ​ត្រូវ​បាន​មន្ទីរ​សង្គមកិច្ច​បង្រៀន​ក្នុង​​មជ្ឈមណ្ឌល ។

លោក​អភិបាល​ខណ្ឌ​ក៏​បាន​ចែក​នំ​បុ័ង​និង​ទឹក​សុទ្ធ​ផង​ដែរ ។ លោក​កឹ​ម វុ​ត្ថា ប្រធាន​ប្រជា​ការពារ​បាន​រំលឹក​ថា ​រយៈ​​ពេល​មួយ​ឆមាស​​ដើមឆ្នាំ​២០១៦​នេះ ​សាលា​ខណ្ឌដូនពេញ​បាន​ប្រមូល​ជនអនាថា អ្នក​សុំទានជន​ប្រើប្រាស់​ថ្នាំ​ញៀន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​បាន​សរុប​ជាង​៣០០​នាក់ហើយ ។