បរិក្ខា​រកឃើញ​ជំងឺគ្រុនចាញ់​ប្រើពេល​ត្រឹម ៥ វិនាទី​

គេហទំព័រ CNN Money ចុះផ្សាយព័ត៌មានឲ្យដឹងថា បរិក្ខារកឃើញជំងឺគ្រុនចាញ់របស់ John Lewandowski អាយុ ២៦ ឆ្នាំ ជានិស្សិតស្រាវជ្រាវថ្នាក់បណ្ឌិតនៃវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (អាមេរិក) ច្នៃប្រឌិតឡើងមានឈ្មោះថា RAM (Rapid Assessment of Malaria – វាយតម្លៃជំងឺគ្រុនចាញ់លឿន) ។ Ram អាចរកឃើញជំងឺគ្រុនចាញ់ក្នុងអំឡុងពេលតែ ៥ វិនាទី ជាមួយឈាម១តំណក់ ។ RAM ប្រតិបត្តិការដោយថ្មពិល ហើយមានតម្លៃប្រមាណ ១០០ ទៅ ១២០ ដុល្លារអាមេរិក ប៉ុណ្ណោះ ។

ម្ចាស់ផលិតផលនវ បានពោលថាៈ ប្រទេសនីមួយនៅអាហ្វ្រិក និងអាស៊ី ភាគច្រើនពុំមានបរិក្ខាសុខាភិបាលគ្រប់គ្រាន់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធងាយស្រួល សំរាប់ការរកឃើញឆាប់រហ័សនូវជំងឺគ្រុនចាញ់ដ៏កាចសាហាវនេះ ពិសេសគឺការរកឃើញទាន់ពេល ដែលជាកក្តាអាចជួយសង្គ្រោះជីវិតរបស់អ្នកជំងឺបានយ៉ាងមានប្រសិទ្ធភាព ។

RAM មានទំហំប្រហែល 10 x 10 cm ផ្ទាំងសៀគ្វី១ មេដែកប៉ុន្មានដុំ និង Laser ១ នៅខាងក្នុង ។ ខាងក្រៅ មានអេក្រង់ LCD ច្រកដោត SD និង cuvette ជ័រប្រើម្តងបោះចោល ។ លោក Lewandowski ឲ្យដឹងថា មេរោគគ្រុនចាញ់ក្នុងឈាមរបស់មនុស្ស វាបង្កើតឡើងនូវគ្រីស្តាល់ដែក ។ អ្នកត្រូវការវិភាគ គ្រាន់តែចាក់យកឈាមម្រាមដៃដាក់ក្នុង cuvette ។ ប្រសិនបើវិជ្ជមានជាមួយជំងឺគ្រុនចាញ់ នោះដុំមេដែកនឹងស្រូបយកបណ្តាគ្រីស្តាល់ដែក តាមទិសដៅ បណ្តោយ ទទឹង ឬ ក៏អង្កត់ខ្វែង ។ កាំរស្មី Laser ជួយសន្និដ្ឋានទម្រង់ និងវិនិច្ឆ័យជំងឺ ។ ប្រសិនអវិជ្ជមាននោះ ពុំមានកកើតគ្រីស្តាល់ដែកទេ ។

បរិក្ខា​រកឃើញ​ជំងឺគ្រុនចាញ់​ប្រើពេល​ត្រឹម ៥ វិនាទី​

បច្ចុប្បន្ន RAM ត្រូវបាននាំយកទៅសាកល្បងនៅឥណ្ឌា លើអ្នកជំងឺ ២៥០ នាក់ ហើយផ្តល់លទ្ធផលត្រឹមត្រូវរហូត ៩៧% ។ ជំហានបន្ទាប់ គេនឹងយកនៅសាកល្បងនៅ Nigeria លើអ្នកជំងឺ ៥០០០ នាក់ ។

ជំងឺគ្រុនចាញ់បានឥទ្ធិពលអ្នកជំងឺ ២០០ លាននាក់ ក្នុង១ឆ្នាំៗ និងបណ្តាលឲ្យមនុស្សប្រមាណកន្លះលាននាក់ស្លាប់ ៕