អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​អភិរក្ស​ធនធាន​ជលផល​នៅ​រដូវ​បិទ​នេសាទ

អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ស្ទឹងត្រែង ជំរុញ​ឲ្យ​ប្រជា​នេសាទ អាជ្ញាធរ និង​មន្ត្រី​ជំនាញ បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ជលផល និង​រក​មធ្យោបាយ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​រដូវ​ត្រី​ពង​កូន ដើម្បី​ធានា​ការ​បង្ក​កំណើត​ត្រី​មេ​ពូជ​នៅ​រដូវ​វស្សា​នេះ។ ការ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ទិវា​មច្ឆជាតិ ១ កក្កដា ដែល​ប្រារព្ធ​នៅ​ទ្រនប់​ពួក នៃ​ឃុំ​កំភុន ស្រុក​សេសាន នៅ​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា។

សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​កាន់​អំណាច និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ស្ទឹងត្រែង លោក ឡូយ សូផាត សម្ដែង​ការ​បារម្ភ​ពី​វាសនា​ជលផល​តាម​ដង​ទន្លេ​មេគង្គ ទន្លេ​សេសាន ទន្លេ​សេកុង និង​ទន្លេ​ស្រែពក បន្ទាប់​ពី​ពលរដ្ឋ​បាន​សម្រុក​នេសាទ​ច្រើន​ស្អេកស្កះ​នៅ​រដូវ​ត្រី​ពង​កូន ដែល​អាច​ធ្វើ​ឲ្យ​ត្រី​ជាច្រើន​ប្រភេទ​ប្រឈម​នឹង​ការ​ដាច់​ពូជ។ បញ្ហា​នេះ លោក​ជំរុញ​ឲ្យ​ប្រជា​នេសាទ អភិបាល​ខេត្ត អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ និង​មន្ត្រី​ពាក់ព័ន្ធ បន្ត​ការ​ជជែក​ពិភាក្សា​រក​មធ្យោបាយ​សង្គ្រោះ​ធនធាន​ជលផល​ទាំង​នោះ​ដែល​កំពុង​រង​ហានិភ័យ​ខ្ពស់។

លោក ឡូយ សូផាត បារម្ភ​ទៀត​ថា ការ​បាត់បង់​ធនធាន​ជលផល​តាម​ដង​ទន្លេ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​កូន​ចៅ​ជំនាន់​ក្រោយ៖ «គឺ​ខាត​ប្រជាជន​យើង​ក្នុង​ខេត្ត​ស្ទឹងត្រែង។ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​មាន​ពេលវេលា​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ចាត់ការ​នានា​ទៅ​តាម​ការ​ដាក់​ផែនការ​របស់​ឯកឧត្តម​អភិបាល​ខេត្ត ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ»

ឆ្លើយ​តប​រឿង​នេះ នាយ​ខណ្ឌ​ស្តីទី​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង លោក ទុំ នីរ៉ូ ទទួល​ស្គាល់​ថា ការ​លួច​ឆ្មក់​នេសាទ​នៅ​រដូវ​ត្រី​ពង​កូន​នៅ​តែ​បន្ត​កើត​មាន ដូចជា​ការ​ដាក់​មង​លើស​ពី ១០០​ម៉ែត្រ ប្រើ​ឧបករណ៍​ឆក់ និង​ឧបករណ៍​ផ្សេង​ទៀត​ល្មើស​ច្បាប់។ ទោះ​ជា​យ៉ាង​ណា លោក​រំពឹង​ថា ទិវា​នេះ​គឺ​ជា​ផ្នែក​មួយ​បំផុស​គំនិត​ពលរដ្ឋ ប្រជា​នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ចូលរួម​ថែ​រក្សា​ធនធាន​ដែល​មាន​ស្រាប់ និង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​និរន្តរភាព​ត្រី​តាម​ដង​ទន្លេ។ លោក​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ធំ​ដែល​មន្ត្រី​ជំនាញ​កំពុង​ខ្វល់ខ្វាយ មាន​ជាអាទិ៍ ដែន​នេសាទ​ធំធេង ខ្វះខាត​សម្ភារៈ ខ្វះខាត​ធនធាន​មនុស្ស ដែល​មិន​អាច​បំពេញ​តម្រូវ​ការ​អភិរក្ស​នៃ​វិសាលភាព​ជលផល​បាន​នោះ​ទេ៖ «ការ​ធ្វើ​នេះ​មិន​ធានា​បាន​ការ​កើន​ឡើង​ក្នុង​មួយ​ថ្ងៃ​ទេ។ ជា​សារ​មួយ​សម្រាប់​ដាស់​តឿន​ឲ្យ​ពួក​គាត់​ចូលរួម​ទាំងអស់​គ្នា។ ប្រសិន​ជា​គ្មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​គឺ​ប្រជា​នេសាទ​ផ្ទាល់​ហ្នឹង គឺ​ការ​គ្រប់គ្រង​ធនធាន​ជលផល​មិន​អាច​គ្រប់គ្រង​ប្រសិទ្ធភាព​បាន​ប្រសើរ»

យុវ​សិស្ស​សិក្សា​នៅ​វិទ្យាល័យ​សេសាន​សុវត្ថិភាព កញ្ញា ផែង ណាំងសាន ឲ្យ​ដឹង​ថា ការ​ចូលរួម​ទិវា​នេះ គឺ​ជា​ផ្នែក​មួយ​អាច​ស្វែង​យល់​បន្ថែម​ទៀត​ពី​ប្រយោជន៍​ជលផល ដែល​មាន​ស្រាប់​ក្នុង​តំបន់ ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ការពារ​ឲ្យ​បាន​ហ្មត់ចត់​ពី​យើង​ទាំងអស់​គ្នា ដើម្បី​បម្រើ​ឲ្យ​សេចក្តី​ត្រូវ​ការ​ពលរដ្ឋ និង​ទ្រទ្រង់​ជីវភាព​គ្រួសារ​អ្នក​ភូមិ៖ «យើង​ត្រូវ​រួម​គ្នា​ដើម្បី​ការពារ​ត្រី ដោយ​យើង​ពន្យល់​ប្រាប់​ប្រជាជន​ថា​មិន​ត្រូវ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ទៅ​នេសាទ​ត្រី​ទេ»

ដូច​គ្នា​នេះ​ដែរ មន្ត្រី​គម្រោង​នៃ​អង្គការ​សេប៉ា លោក ហូ ពិសិដ្ឋ កត់​សម្គាល់​ថា ការ​យល់​ដឹង​របស់​ពលរដ្ឋ​ពី​ការ​អភិរក្ស​ជលផល​នៅ​មាន​កម្រិត ហើយ​វិសាលភាព​ផ្សព្វផ្សាយ​ស្ដីពី​ច្បាប់​ជលផល អនុក្រឹត្យ និង​សេចក្តី​ជូន​ដំណឹង​ផ្សេងៗ​របស់​មន្ត្រី​ជំនាញ ហាក់​មិន​ជ្រាប​ដល់​ពលរដ្ឋ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ លោក​បន្ត​ថា អង្គការ​លោក​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ រក​យុទ្ធសាស្ត្រ​អភិរក្ស​បន្ថែម ដោយ​បង្កើន​អន្លង់​អភិរក្ស​ថ្មី ដើម្បី​ធានា​ការ​បង្ក​កំណើត​ត្រី​កម្រ​ក្នុង​តំបន់។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​ចំនួន ១០​ភូមិ រយៈពេល​មួយ​ខែ​អាច​ចាប់​ត្រី​នៅ​រដូវ​បិទ​នេសាទ​បាន​ចំនួន ៥​តោន​នៅ​រដូវ​វស្សា​នេះ៖ «យើង​បារម្ភ​ថា ប្រសិន​ជា​មាន​ការ​នេសាទ​អនាធិបតេយ្យ​នៅ​រដូវ​បិទ​នេសាទ​នេះ ត្រី​មួយ​ចំនួន​នឹង​មាន​ការ​បាត់បង់​ច្រើន។ ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​យើង​គិត​ថា​អាច​នឹង​បាត់បង់ ឥឡូវ​ដូច​ត្រី​កូរាំង​លែង​ឃើញ​ហើយ។ ផ្សោត​ឥឡូវ​ងាប់ ៣ ទៅ ៤​ផ្សោត​ងាប់​ហើយ​ដោយ​ការ​ដាក់​មង។ ចឹង​យើង​មាន​ការ​បារម្ភ​នៃ​រដូវ​បិទ​នេសាទ​នេះ»

របាយការណ៍​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០១៦ មន្ត្រី​ជំនាញ​រឹប​អូស​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ចំនួន ១០​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ ១៦​នាក់ ហើយ​អប់រំ​ពលរដ្ឋ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ចំនួន ២៧០​ទូក។

មន្ត្រី​ជំនាញ​បរិស្ថាន រក​ឃើញ​ថា មាន​ឧបសគ្គ​ច្រើន​នាំ​ឲ្យ​ចំនួន​ត្រី​កម្រ​ថយ​ចុះ គឺ​កត្តា​ជីវភាព ខ្វះ​ការ​យល់​ដឹង ស្ថានភាព​ទឹក​មិន​ទៀងទាត់ ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ការ​នេសាទ​ខុស​ច្បាប់ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទិន​ការ​អភិរក្ស​នៅ​រដូវ​បិទ​នេសាទ និង​អន្លង់​អភិរក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។