សំណួរចម្លើយ​សុខភាព​៖ តើ​ការ​រៀបចំខ្លួន ឬ ការ​រួមភេទ​ដូចម្តេច​ដើម្បីឱ្យ​ឆាប់​មានកូន​?​

6 Videos


សំណួរ
នាងខ្ញុំរៀបការអស់រយៈពេលចំនួនជាង ៣ ឆ្នាំហើយ ប៉ុន្តែនៅមិនទាន់មានដំណឹងល្អល្ហិចល្ហៀងណាមួយថាមានឱកាសមានគភភ៌ដូចអ្នកដទៃឡើយ ។ កាលពីរៀបការហើយថ្មីៗ ពួកយើងគិតថាមិនទាន់ចង់បានកូនទេប៉ុន្តែពេលនេះរស់នៅតែពីរនាក់ស្វាមីហាក់កណ្តោចកណ្តែង… ចង់មានកូនតូចនឹងគេគ្រាន់ប្រលែងលេង តែពីមួយថ្ងៃទៅមួយថ្ងៃហាក់គ្មានសង្ឃឹមសោះ ។

នាងខ្ញុំចង់ដឹងថា តើការរៀបចំខ្លួន ឬ ការរួមភេទដូចម្តេចដើម្បីឱ្យឆាប់មានកូន ពីព្រោះពេលនេះនាងខ្ញុំពិតជាចង់បានកូនខ្លាំងណាស់ ។ សូមជួយណែនាំដល់នាងខ្ញុំក៏ដូចជាមិត្តអ្នកអានដទៃផងចុះ ។

ចម្លើយ
តាមធម្មតាក្រោយពីរៀបការរួចស្ត្រីមួយចំនួនតែងចង់បានកូន ឯខ្លះមិនដូច្នេះទេ គិតថាចង់ឱ្យការកសាងគ្រួសារមួយរឹងដៃរឹងជើងសិនទើបយកកូនជាក្រោយ ។ ទោះបីយ៉ាងណា អ្នកខ្លះក៏មានគភ៌ដូចបំណង ឯអ្នកខ្លះទៀតមិនដូច្នេះទេ គឺអត់ឱកាសមានគភ៌តែម្តង ។

តាមក្បួនវេជ្ចសាស្ត្រហើយ បានឱ្យដឹងថា ចំពោះស្ត្រីដែលត្រៀមចង់មានគភ៌ចាំបាច់ត្រូវតែពិនិត្យសុខភាពជាមុនសិន ។ ក្នុងនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រើថ្នាំវីតាមីនត្រៀមមានផ្ទៃពោះដូចជា អាស៊ីតហ្វូលិក ដែលវានឹងទៅធ្វើឱ្យទារកកើតមានការប្រឈមទាបទៅនឹងការខូចប្រព័ន្ធសរសៃប្រសាទដូចជាបញ្ហាខួរឆ្អឹងខ្នង។ ក្រៅពីនេះស្ត្រីត្រូវតែដឹងពីពេលវេលានៃការមករដូវរបស់អ្នកដែលជាឱកាសមានគភ៌ខ្ពស់ ។ ត្រូវដឹងពីពេលវេលានៃការបញ្ចេញអូវុលគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ស្ត្រីក្នុងការមានគភ៌ ។

ហេតុនេះការរួមភេទក្នុងអំឡុងពេលនេះជាឱកាសល្អបំផុតសម្រាប់ជួយបង្កើនឱ្យអត្រាមានគភ៌ខ្ពស់ ។ ជាមួយគ្នានេះអ្នកក៏ត្រូវបោះបង់ចោលនូវជំនឿផ្សេងៗដែលថាជាកត្តាជួយឱ្យមានគភ៌ដែរ ។ ពិសេសមិនត្រូវជឿរឿងការប្រើក្បាច់រួមភេទ ការដេកនៅស្ងៀមក្រោយបុរសបញ្ចេញទឹកកាមពីព្រោះថានឹងផ្តល់ឱកាសមានគភ៌ខ្ពស់ ។ ជំនឿទាំងអស់នេះគ្រាន់តែជាការជឿជាក់មិនតាមវិទ្យាសាស្ត្រវេជ្ជសាស្ត្រនោះឡើយ ។

ដោយឡែកចំពោះការស្រាវជ្រាវខ្លះយល់ឃើញថា ការរួមភេទញឹគញាប់ជួយឱ្យឱកាសមានគភ៌មានខ្ពស់នោះ ប៉ុន្តែអ្នកវេជ្ជសាស្ត្របានយល់ឃើញផ្ទុយពីនេះវិញ ដោយពួកគេបញ្ចាក់ថាការរួមភេទញឹកញាប់ពេកមេជីវិតរបស់មនុស្សប្រុសមួយចំនួននឹងត្រូវថយ ទៅវិញទេ។ទោះបីយ៉ាងណាពួកគេបានប្រាប់ដែរថា ប្រការល្អបំផុតសម្រាប់ឱកាមានគភ៌ខ្ពស់នោះគឺ ការរួមភេទមួយថ្ងៃរំលងមួយថ្ងៃព្រោះថា អាចជួយឱ្យ ឱកាសមានគភ៌ច្រើន ។

ក្រៅពីនេះចំពោះកត្តាមួយចំនួនដែលជួយឱ្យឱកាសមានគភ៌បានដែរនោះគឺត្រូវបំបាត់អារម្មណ៍តានតឹងចេញពីខ្លួនឱ្យអស់ ព្រោះថា អារម្មណ៍តានតឹងនេះបង្កឱ្យរាំងស្ទះដល់ការបញ្ចេញអូវុល ព្រោះវាក៏អាចបង្កឱ្យប៉ះពាល់ដល់មុខងារដល់ការរួមភេទ ក៏ដូចជាប៉ះពាល់ដល់ផ្លូវអារម្មណ៍បានទាំងអស់ ។

ត្រូវចងចាំថាបើកាលណាអនុវត្តវិធីទាំងអស់នេះហើយពុំមានឱកាសមានគភ៌បានទៀតនោះអ្នកគប្បីទៅធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បិរកមូលហេតុហើយងាយស្រួលក្នុងការដោះស្រាយឱ្យទាន់ពេលវេលា ៕