សង្គម​ស៊ីវិល​និង​សហគមន៍​នឹង​ដាំ​ដើម​ឈើ​ជាង​២​ពាន់​ដើម​នៅ​តំបន់​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ

សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន ធ្វើ​យុទ្ធនាការ​បោះ​ជំរំ​ក្នុង​ព្រៃ​ដើម្បី​ដាំ​កូន​ឈើ​ប្រណិត​ជាង ២​ពាន់​ដើម និង​ដើម​ឈើ​ហូប​ផ្លែ​មួយ​ចំនួន​នៅ​ព្រៃ​សហគមន៍​ក្បាល​ខ្លា ក្នុង​តំបន់​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់ធំ។ យុទ្ធនាការ​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ កក្កដា ក្នុង​គោល​បំណង​ដើម្បី​បណ្ដុះ​ស្មារតី​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​ការពារ និង​ស្ដារ​ឡើង​វិញ​នូវ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ព្រៃ​មួយ​នេះ។

ប្រភេទ​កូន​ឈើ​ប្រណិត​មាន​ដូចជា ដើម​បេង គ្រញូង ធ្នង់ គគីរ នាង​នួន និង​ឈើ​ទាល ព្រម​ទាំង​កូន​ឈើ​ហូប​ផ្លែ​មួយ​ចំនួន ដូចជា ស្វាយ ខ្នុរ ព្រីង ជាដើម​នោះ នឹង​ត្រូវ​យក​ទៅ​ដាំ​នៅ​តំបន់​ព្រៃ​សហគមន៍​មួយ​ឈ្មោះ «សហគមន៍​ព្រៃ​ក្បាល​ខ្លា» ស្ថិត​នៅ​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់។ គម្រោង​ដាំ​កូន​ឈើ​នេះ ដឹក​នាំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ «ស្ពាន​សន្តិភាព» និង​អង្គការ​ជា​ដៃគូ​មួយ​ចំនួន​ទៀត។ យុទ្ធនាការ​ដាំ​កូន​ឈើ​ឆ្នាំ​២០១៦ នេះ ក្រោម​ប្រធានបទ «សន្តិភាព និង​បរិស្ថាន​ចាប់​ផ្ដើម​ពី​ខ្ញុំ» ដោយ​គ្រោង​មាន​អ្នក​ចូលរួម​ជិត ២០០​នាក់។

ប្រធាន​កម្មវិធី​ការងារ​កសាង​ដៃគូ​នៃ​អង្គការ​ស្ពាន​សន្តិភាព លោក ណុប សុខា មាន​ប្រសាសន៍​ថា គោល​បំណង​សំខាន់​ក្នុង​ការ​ដឹក​នាំ​យុទ្ធនាការ​បោះ​ជំរំ​ដាំ​កូន​ឈើ​ឆ្នាំ​នេះ គឺ​ដើម្បី​ផ្សារភ្ជាប់​សន្តិភាព​រវាង​មនុស្ស និង​ធម្មជាតិ។ លោក​បន្ត​ថា សន្តិភាព​ពិត​ប្រាកដ គឺ​សន្តិភាព​សម្រាប់​ខ្លួន​ឯង សន្តិភាព​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន និង​សន្តិភាព​ជាមួយ​បរិស្ថាន។ ក្រៅ​ពី​នេះ​លោក​ថា ដើម្បី​ជា​ការ​រួម​ចំណែក​ដាស់​ស្មារតី​ដល់​ប្រជា​សហគមន៍​តាម​មូលដ្ឋាន អាជ្ញាធរ និង​ពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​ការពារ និង​ថែ​រក្សា​បរិស្ថាន​ឲ្យ​បាន​គង់វង្ស និង​ស្ដារ​ឡើង​វិញ​ចំពោះ​ព្រៃ​ឈើ​ដែល​បាន​បាត់បង់៖ «យើង​មាន​ចូលរួម​អបអរ​សាទរ​រុក្ខទិវា​ជាតិ ៩ កក្កដា។ គាំទ្រ ថែ​រក្សា និង​អភិរក្ស​ព្រៃ​ឈើ​ដែល​សហគមន៍​កំពុង​ការពារ។ ថែ​រក្សា​ព្រៃ​ឈើ​របស់​សហគមន៍ និង​រៀបចំ​ផែនការ​ថែ​រក្សា​ព្រៃ​ឈើ​ផ្ទាល់​ខ្លួន»

យុទ្ធនាការ​ដាំ​កូន​ឈើ​នៅ​តំបន់​ទ្រនាប់​ព្រៃ​ឡង់​ក្នុង​ព្រៃ​សហគមន៍​ក្បាល​ខ្លា ដែល​ដឹក​នាំ​ដោយ​អង្គការ​ស្ពាន​សន្តិភាព គឺ​ធ្វើ​ឡើង​ជា​លើក​ទី​ពីរ​ហើយ បន្ទាប់​ពី​លើក​ទី​១ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៥។ គម្រោង​នេះ ផ្ដោត​ទៅ​លើ​តំបន់​ដែល​មាន​កិច្ច​ការពារ​ពី​សហគមន៍ និង​ជា​តំបន់​មួយ​ដែល​រង​ការ​កាប់​បំផ្លាញ​ឈើ​ធំៗ ឬ​រុក​រាន​ព្រៃ​យក​ដី​ដាំ​ដំណាំ​ជាដើម។

លោក ណុប សុខា ឲ្យ​ដឹង​ទៀត​ថា គម្រោង​ដាំ​កូន​ឈើ​កាល​ពី​ឆ្នាំ​២០១៥ គឺ​ទទួល​បាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​សំណាក់​ប្រជា​សហគមន៍ និង​អាជ្ញាធរ​នៅ​ទីនោះ។ មិន​តែ​ប៉ុណ្ណោះ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ចាប់​អារម្មណ៍​ចំពោះ​ការ​ថែ​រក្សា​បរិស្ថាន ពិសេស​ធនធាន​ព្រៃ​ឈើ​តែ​ម្តង។ យុទ្ធនាការ​ដាំ​កូន​ឈើ​ប្រណិត និង​ឈើ​ហូប​ផ្លែ គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៥ កក្កដា ដល់​ថ្ងៃ​ទី​៨ កក្កដា។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក ជុំ យីន យល់​ថា ការ​ចូលរួម​ដាំ​កូន​ឈើ​ឡើង​វិញ ព្រម​ទាំង​ការពារ​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ​មួយ​នេះ គឺ​រួម​ចំណែក​យ៉ាង​ធំ​ក្នុង​កិច្ច​ការពារ​បរិស្ថាន។ ជាង​នេះ​ទៀត ការ​ដាំ​កូន​ឈើ​ឡើង​វិញ គឺ​អាច​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​នា​ពេល​បច្ចុប្បន្ន​ទៀត​ផង៖ «ខ្ញុំ​គិត​ថា សកម្មភាព​ដាំ​ដើម​ឈើ​ឡើង​វិញ​ជាមួយ​អង្គការ​ដៃគូ គឺ​ល្អ​សម្រាប់​ខ្ញុំ និង​សម្រាប់​សហគមន៍​ទាំងមូល​តែ​ម្តង ពិសេស​សហគមន៍​ដែល​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់»

ដាំ​កូន​ឈើ ព្រៃ​ឡង់ ២០១៥ ៨៥៥
ប្រជា​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល នាំ​គ្នា​ដាំ​កូន​ឈើ​ប្រមាណ ២​ពាន់​ដើម​នៅ​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Saut Sokprathna

លោក​សង្កេត​ឃើញ​ថា ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ គឺ​បន្ទាប់​ពី​ក្រសួង​បរិស្ថាន បាន​សម្រេច​ដាក់​ជា​តំបន់​ជម្រក​សត្វ​ព្រៃ​កាល​ពី​ដើម​ខែ​ឧសភា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ត្រូវ​បាន​ថយ​ចុះ​បន្តិច ប៉ុន្តែ​លោក​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​យក​ចិត្ត​ទុក​ដាក់​ការពារ​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់​បន្ថែម​ទៀត។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ លោក តិប ញាតា មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​គម្រោង​ដាំ​កូន​ឈើ​ពេល​នេះ ពីព្រោះ​វា​ជា​ផែនការ​មួយ​របស់​មន្ត្រី​ជំនាញ​ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់។ មិន​តែ​ប៉ុណ្ណោះ សកម្មភាព​របស់​មន្ត្រី​សង្គម​ស៊ីវិល​ទាំង​នោះ នឹង​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ទៀត​ផង៖ «រួម​សហការ​គ្នា​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ​នៅ​តំបន់​ដី​ទំនេរ​ក្តី តំបន់​ទ្រនាប់​អី​ហ្នឹង​ខ្ញុំ​អបអរ​សាទរ»

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ខាង​លោក​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ ដោយ​ត្រូវ​ដាំ​កូន​ឈើ​គ្រប់​ទីកន្លែង ដូចជា​តាម​វត្ត​អារាម សាលា​រៀន តាម​ព្រៃ​សហគមន៍ និង​តំបន់​ព្រៃ​ការពារ ជាដើម។ លោក​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៣ គម្រោង​ដាំ​កូន​ឈើ​ដែល​មាន​លក្ខណៈ​ជា​ចម្ការ ឬ​ទ្រង់ទ្រាយ​ធំ គឺ​ដាំ​បាន​លើ​ទំហំ​ផ្ទៃ​ដី​ជាង ៤០០​ហិកតារ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ នាំ​គ្នា​ស្នើសុំ​អាជ្ញាធរ​ដើម្បី​បង្កើត​ជា​ព្រៃ​សហគមន៍​ក្បាល​ខ្លា កាល​ពី​ឆ្នាំ​២០០៩ ហើយ​ព្រៃ​នេះ​មាន​ទំហំ​ជាង ២.៥០០​ហិកតារ (.៥៣៣​ហិកតារ)។ បច្ចុប្បន្ន ទំហំ​ព្រៃ​ឈើ​ប្រមាណ ៨០០​ហិកតារ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ​ចូល​កាប់​ទន្ទ្រាន​ធ្វើ​ស្រែ​ចម្ការ រហូត​ធ្វើ​ឲ្យ​កន្លែង​ខ្លះ​ប្រែ​ក្លាយ​ជា​វាល​ស្មៅ ឬ​វាល​ស្រែ។ ចំណែក​ដើម​ឈើ​ធំៗ​មួយ​ចំនួន​នៅ​ទីនោះ គឺ​ត្រូវ​បាន​គេ​លួច​អារ​ច្រៀក ដើម្បី​យក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​ដែរ។

អនុប្រធាន​ព្រៃ​សហគមន៍​ក្បាល​ខ្លា លោក សេង ប៊ុនធឿន ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​មួយ​នេះ គឺ​ពុំ​សូវ​មាន​ទៀត​ឡើយ ដោយសារ​ប្រជា​សហគមន៍​តែង​ចុះ​ល្បាត​ព្រៃ​ជា​ប្រចាំ។ លោក​រីករាយ​ចំពោះ​កិច្ច​សហការ​ចូលរួម​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​របស់​ពួក​គាត់ ពីព្រោះ​វា​ជា​ការ​រួម​ចំណែក​មួយ​សំខាន់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដើម្បី​ថែ​រក្សា​តំបន់​ព្រៃ​មួយ​នេះ​ឲ្យ​នៅ​គង់វង្ស​សម្រាប់​មនុស្ស​ជំនាញ​ក្រោយ ព្រម​ទាំង​ដើម្បី​ធានា​និរន្តរភាព​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ថែម​ទៀត។

ព្រៃ​ឡង់​កម្ពុជា គ្រប​ដណ្ដប់​នៅ​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ហើយ​ដែល​រាជ​រដ្ឋាភិបាល​ប៉ាន​ប្រមាណ​ថា ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ទាំង​នោះ​នៅ​សល់​ប្រមាណ ៣០​ម៉ឺន​ហិកតារ។ សង្គម​ស៊ីវិល​ផ្នែក​ការពារ​បរិស្ថាន​អះអាង​ថា ព្រៃ​ឡង់ និង​ព្រៃ​ឈើ​ផ្សេង​ទៀត​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ធានា​បាន​ចីរភាព​បរិស្ថាន និង​សន្តិសុខ​ស្បៀង។ សង្គម​ស៊ីវិល ក៏​រក​ឃើញ​ដែរ​ថា ព្រៃ​ឡង់​មាន​សារសំខាន់​បំផុត​សម្រាប់​មនុស្ស​ប្រមាណ ២០​ម៉ឺន​នាក់ ដែល​កំពុង​រស់នៅ និង​ទទួល​ផល​នៅ​ជុំវិញ​តំបន់​ព្រៃ​មួយ​នេះ ជាពិសេស​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ផល និង​អនុផល​ព្រៃ​ឈើ។ របរ​ចិញ្ចឹម​ជីវិត​សំខាន់​បំផុត​សម្រាប់​ប្រជា​សហគមន៍​កួយ គឺ​របរ​ដង​ជ័រ​ទឹក​ពី​ដើម​ច្បោះ ឬ​ដើម​ឈើ​ទាល​របស់​ពួក​គេ ប៉ុន្តែ​បច្ចុប្បន្ន ដើម​ច្បោះ​មួយ​ចំនួន​ធំ​រង​ការ​កាប់​បំផ្លាញ​ជា​រឿយៗ​ពី​សំណាក់​ឈ្មួញ ឬ​ក្រុម​ជន​ល្មើស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។