កងទ័ព​ត្រូវ​បាន​ប្រាប់​ឲ្យ​រារាំង​បដិវត្តន៍​ពណ៌​​ដែល​គំរាម​កំហែង​ដល់​រដ្ឋាភិបាល

ភ្នំពេញៈ មន្ត្រីសន្តិសុខជាថ្មីម្តងទៀត ត្រូវបានគេដាស់តឿន កាលពីម្សិលមិញ ឲ្យការពារ «រដ្ឋាភិបាលស្របច្បាប់» និងរារាំងបដិវត្តន៍ពណ៌ណាមួយ ដែលគំរាមកំហែងដល់រដ្ឋាភិបាល ក្នុងកិច្ចប្រជុំមួយ របស់មន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សាការងារ ដែលបានអនុវត្ត ក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំនេះ។

យោងតាមច្បាប់ចម្លងនៃសុន្ទរកថារបស់រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ បានឲ្យដឹងថា សមាជិកនៃកងយោធពលខេមរភូមិន្ទ ត្រូវបានគេជំរុញឱ្យប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញធនធានធម្មជាតិ រួមទាំងការរុករករ៉ែខុសច្បាប់ ការនេសាទខុសច្បាប់ ការកាប់ឈើ និងការរត់ពន្ធខុសច្បាប់ ព្រមទាំងទប់ស្កាត់ការប៉ុនប៉ងណាមួយ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

ការថ្លែងបែបនេះ មានលក្ខណៈកាន់តែទូទៅឡើង ខណៈដែលមានភាពចម្រូងចម្រាសជុំវិញរឿងក្តីតុលាការលើមេដឹកនាំបក្សប្រឆាំង និងតំណាងរាស្ត្រ បុគ្កលិកសិទិ្ធមនុស្ស និងជនដទៃទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឱ្យដឹងកាលពីម្សិលមិញថា កិច្ចប្រជុំបិទទ្វាររបស់មន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទប្រហែល ១០០ នាក់ គ្រាន់តែជាការប្រជុំធម្មតា ដើម្បីពិភាក្សាអំពីការងារថ្មីៗ ក្នុងក្រសួង និងកងទ័ព។

លោក សុជាតិ បានថ្លែងថា៖ «វាគ្រាន់តែជាការពិនិត្យជារួមលើកិច្ចការការពារជាតិ ក្នុងរយៈពេលប្រាំមួយខែដំបូង [នៃឆ្នាំនេះ]។ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវផងដែរ ឱ្យអ្នកចូលរួមត្រូវប្រុងប្រយ័ត្នចំពោះបដិវត្តន៍ពណ៌ និងការពាររដ្ឋាភិបាលស្របច្បាប់ រដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ» ។

នាពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រដូចបាតុកម្ម«ថ្ងៃចន្ទ ព៌ណខ្មៅ» ទៅនឹងបដិវត្តន៍ពណ៌ជាពាក្យសំដៅលើ ចលនាប្រជាជនអហិង្សា ដែលបានផ្តួលរំលំរបបផ្ដាច់ការ ក្នុងអតីតប្លុកសូវៀត និងប្រទេសផ្សេងទៀត។ ក្នុងបាតុកម្ម ថ្ងៃចន្ទ ព៌ណខ្មៅនេះ អ្នកចូលរួម ពាក់អាវព៌ណខ្មៅ ដើម្បីជាការកាន់ទុក្ខចំពោះការបាត់បង់នូវសិទិ្ធមនុស្ស និងអំពាវនាវឲ្យដោះលែងបុគ្គលិកសិទិ្ធមនុស្ស៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍