រដ្ឋមន្ត្រី​ការងារ​ ៖​ ច្បាប់​សហជីព​ថ្មី​ នឹង​បង្កើន​ចំនួន​សហជីព​ តែ​កាត់បន្ថយ​បញ្ហា​បាតុកម្ម​កូដកម្ម​

រដ្ឋមន្ត្រី​ការងារ​ ៖​ ច្បាប់​សហជីព​ថ្មី​ នឹង​បង្កើន​ចំនួន​សហជីព​ តែ​កាត់បន្ថយ​បញ្ហា​បាតុកម្ម​កូដកម្ម​



​ភ្នំពេញ ​៖​ លោក ​អ៊ិត ​សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​ថា ​ច្បាប់​សហជីព​ថ្មី​ដែល​ទើប​ប្រកាស​ឲ្យ​ប្រើប្រាស់​នាពេល​ថ្មីៗ​នេះ ​នឹង​បង្កើន​ចំនួន​សហជីព​ឲ្យ​កាន់​តែ​ច្រើន​ថែមទៀត​។ ​ប៉ុន្តែ​ច្បាប់​នេះ​ ក៏​នឹង​អាច​កាត់បន្ថយ​បញ្ហា​បាតុកម្ម​ និង​កូដកម្ម​ ដើម្បី​ធ្វើ​ឲ្យ​មាន​សុខដុម​រមណីយ​កម្ម​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង​សង្គម​កាន់តែ​ប្រសើរឡើង​ផងដែរ។

លោក ​អ៊ិត សំហេង បាន​មានប្រសាសន៍​បែបនេះ​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​ជាតិ ​ស្ដីពី​វិជ្ជាជីវៈ​លើក​ទី​៧​ កាលពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់។
ច្បាប់​ស្ដីពី​សហជីព​ដែល​មាន​១៧​ជំពូក ​និង​១០០​មាត្រា​ ត្រូវ​បាន​រដ្ឋសភា​កម្ពុជា អនុម័ត​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​ដាច់ខាត​ កាលពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៦​ហើយ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/០៥១៦/០០៧ ​ចុះ​ថ្ងៃ​ទី​១៧ ​ខែ​ឧសភា​ ឆ្នាំ​២០១៦។

ទោះបីជា​ច្បាប់​នេះ​មាន​ភាព​ចម្រូងចម្រាស​ពី​សហជីព​មួយ​ចំនួន​ក៏ដោយ​ ក៏​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​បាន​ស្វាគមន៍​ចំពោះ​ការ​អនុម័ត​ច្បាប់​សហជីព ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដោយ​ចាត់​ទុក​ការ​ការអនុម័ត​ច្បាប់​នេះ​ជាការ​រួមចំណែក​ក្នុងការ​ពង្រឹង​នីតិរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ ពិសេស​ទាក់ទង​ទៅ​នឹង​ការអនុវត្ត​សេរីភាព​សហជីព​ និង​អង្គការ​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា ​នឹង​ធ្វើ​ឲ្យ​មាន​សុខដុម​រមនីយ​កម្ម​ដល់​ទំនាក់ទំនង​វិជ្ជាជីវៈ ​កាត់បន្ថយ​រាល់​ភាព​អសកម្ម​ផ្សេងៗ​។​ អង្គការ ILO បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់ដៃ​គូ​សន្ទនា​សង្គម​នានា ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ខ្លឹមសារ ច្បាប់​ស្ដីពី​សហជីព និង​សិទ្ធិ​សេរីភាព​ នៃ​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ​។​

ចំណែក​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ បាន​ស្នើ​ឲ្យ​សហជីព ​និង​សមាគម​និយោជក​ដែល​មាន​ចុះ​បញ្ជិកា​រួច ​ក៏ដូចជា​សហជីព​ និង​សមាគម​និយោជក​ដែល​កំពុង​ស្នើសុំ​បញ្ជិកា​បំពេញ​តាម​លក្ខខណ្ឌ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​រាល់​កាតព្វកិច្ច​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​សហជីព។

លោក ​អ៊ិត​ សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ​ច្បាប់​សហជីព​បាន​ចេញ​ហើយ​ ដូចនេះ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ច្បាប់​នេះ​។ ​អ្នក​ដែល​មិន​គោរព​តាមច្បាប់​នេះ​ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​តាមច្បាប់​ដែរ។

តែ​យ៉ាងណាក៏ដោយ​ លោក​រដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ថា ​ច្បាប់​សហជីព​ថ្មី​នេះ គឺជា​ច្បាប់​មួយ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ដល់​សហជីព ​ពីព្រោះ​ក្នុង​ច្បាប់​នោះ​បាន​បន្ធូរបន្ថយ​ការ​បង្កើត​សហជីព​ជា​ច្រើន​ដូចជា​ ពីមុន​ការ​ស្នើ​សុំ​បង្កើត​សហជីព​ត្រូវ​មាន​ការ​យល់​ព្រម​ពី​មនុស្ស​ចំនួន​២៥​នាក់​ តែ​ច្បាប់​ថ្មី​នេះ​ កំណត់​ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ​។​ ចំណុច​មួយទៀត​ គឺ​ច្បាប់​នេះ​ក៏​មិនបាន​ឲ្យ​មាន​លិខិត​ថ្កោល​ទោស​ចំពោះ​អ្នក​ស្នើ​សុំ​ដែរ ​និង​មិន​មាន​កំណត់​ឲ្យ​ដូច​កាលពីមុន​អាច​សុំ​បង្កើត​សហជីព​បាន​លុះ​ត្រា​តែ​មាន​អាយុ​ចាប់​ពី​២៥​ឆ្នាំ​ឡើង​ទៅ​ តែ​ច្បាប់​ថ្មី​នេះ​កំណត់​អាយុ​១៨​ឆ្នាំ​។​

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ​ការ​ស្នើ​សុំ​ច្បាប់​បង្កើត​សហជីព​មូលដ្ឋាន​អាចធ្វើ​បាន​នៅតាម​មន្ទីរ​ការងារ​រាជធានី​ខេត្ត​ដែល​មាន​ភាព​ងាយស្រួល​មុន។​
​ លោក​រដ្ឋមន្ត្រី​ពឹង​ថា ​ដូចនេះ​សហជីព​នៅ​កម្ពុជា ​នឹង​កើន​ឡើង​ជាង​មុន​ប្រហែលជា​៥.០០០ ​ឬ​លើស​នេះ​។ គិត​ត្រឹម​ខែ​មិថុនា ​ឆ្នាំ​២០១៦​នេះ សហជីព​មូលដ្ឋាន​ដែល​បាន​ចុះ​បញ្ជិកា ចំនួន​៣.៤៦៩​សហព័ន្ធ​សហជីព​ចំនួន​១០៣ ​សហភាព​សហព័ន្ធ​សហជីព​ចំនួន​១៨​ និង​សមាគម​និយោជក​ចំនួន​៨​។

លោក ​អ៊ិត​ សំហេង​ បាន​បញ្ជាក់​ថា ​ក្រៅពី​លើកទឹកចិត្ត​ឲ្យ​មានការ​បង្កើត​សហជីព​ហើយ​ច្បាប់​សហជីព​ថ្មី​នេះ ​ក៏បាន​ចូលរួម​ចំណែក​កាត់បន្ថយ​បញ្ហា​បាតុកម្ម​កូដកម្ម​ ហើយ​អ្នក​ល្មើស​នឹង​ច្បាប់​ ត្រូវតែ​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​ និង​ធ្វើ​ឲ្យ​មាន​សុខដុម​រមនីយ​កម្ម​ដ​ល់​ទំនាក់ទំនង​វិជ្ជាជីវៈ​កាត់បន្ថយ​រាល់​ភាព​អសកម្ម​ផ្សេងៗ។លោក​រដ្ឋមន្ត្រី​បន្ត​ថា​ «​យើង​នឹង​មិន​លើកលែង​ឡើយ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្តិ​​ផ្ទុយ​នឹង​ច្បាប់​។ ​ដូច្នេះ​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន ​សហជីព​ និង​សមាគម​និយោជក​ដែល​មាន​ចុះ​បញ្ជិកា​រួច ​ក៏ដូចជា​សហជីព ​និង​សមាគម​និយោជក​ដែល​កំពុង​ស្នើសុំ​បញ្ជិកា​បំពេញ​តាម​លក្ខខណ្ឌ ​និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​រាល់​កាតព្វកិច្ច​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​សហជីព​»​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ លោក​រដ្ឋមន្ត្រី​ថា ​ក្រសួង​នឹង​រៀបចំ​ជា​សិក្ខាសាលា​មួយ​ ដើម្បី​ផ្សព្វ​ផ្សាយ​ការអនុវត្ត​ច្បាប់​សហជីព​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ​៕