ការ​ប្រកាស​សហគ្រិន​វ័យក្មេង​ឆ្នើម​១២​រូប​

ការ​ប្រកាស​សហគ្រិន​វ័យក្មេង​ឆ្នើម​១២​រូប​



ភ្នំពេញ ៖ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា បាន​រៀបចំ​សន្និសីទកាសែត ​ស្ដីពី​”​ពិធី​ប្រកាស​សហគ្រិន​វ័យក្មេង​ឆ្នើម​ទាំង​១២​រូប​”​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ​២០១៦ នា​រសៀល​ថ្ងៃ​ទី​៥​ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ភ្នំពេញ។

នៅ​ក្នុង​ឯកសារ​របាយការណ៍​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​(CYEA)​បាន​ឲ្យ​ដឹង​ថា សហគ្រិន​ដែល​ជា​ប់​នៅ​ក្នុង​វគ្គ​ជម្រុះ​ទាំង​១២​រូប នឹង​មាន​ឱកាស​បាន​ផ្សព្វផ្សាយ​អំពី​មុខរបរ​ភាព​ជោគជ័យ​នៅ​លើ​អាជីវកម្ម​របស់​ខ្លួន​ទៅកាន់​បណ្ដា​សហគ្រិន និង​សាធារណជន​ទូទៅ តាមរយៈ​វេទិកា​ថ្នាក់​ជាតិ​នានា និង​នៅ​តាម​បណ្ដាញ​សង្គម​ផង​ដែរ។ មិន​ត្រឹម​ប៉ុណ្ណោះ​ សហគ្រិន ​នឹង​អាច​បង្កើត​នូវ​ទំនុក​ចិត្ត​ក្នុងនាម​ជា​ម្ចាស់​អាជីវកម្ម​វ័យក្មេង​មួយ​រូប ក្នុង​កិច្ចប្រឹងប្រែង​លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា។

ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ​២០១៦ ត្រូវ​បាន​រៀបចំ​ពី​សំណាក់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​(JCI)​សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​(YEAC)​។

កម្មវិធី​នេះ​ នឹង​ជ្រើសរើស​សហគ្រិន​ឆ្នើម​ចំនួន​៤​រូប ប្រចាំ​ឆ្នាំ​២០១៦​។​ ពានរង្វាន់​ទាំង​៤​នោះ​រួមមាន ៖ ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦ ពានរង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម ពានរង្វាន់​សហគ្រិន​ឆ្នើម​ស្ត្រី និង​ពានរង្វាន់​សហគ្រិន​វ័យ​ឆ្លាត​ផ្នែក​បច្ចេកវិទ្យា។

សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​២ នៃ​ការ​ប្រកួត​ប្រជែង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា។ កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទទួលស្គាល់​ និង​លើកទឹកចិត្ត​ដល់​បណ្ដា​សហគ្រិន​វ័យក្មេង​កម្ពុជា​ឲ្យ​មានឱកាស​ចូលរួម​បង្ហាញ​សមត្ថភាព ចែក​រំលែក​នូវ​ជោគជ័យ​ជា​លក្ខណៈ​ថ្នាក់​ជាតិ​។

មិនតែប៉ុណ្ណោះ​ ការប្រកួតប្រជែង​នេះ​ក៏​លើកកម្ពស់​ឲ្យ​សហគ្រិន​កម្ពុជា​ត្រៀមខ្លួន​ក្នុង​ការ​ដណ្ដើម​យក​ពាន​រង្វាន់​ផ្សេងៗ​ទៀត។ ​សហគ្រិន ​នឹង​ទទួល​បាន​ឧត្ដមភាព​នៅ​ក្នុង​ការស្វែងរក​ដៃគូ​អាជីវកម្ម ឬ​អ្នក​វិនិយោគ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ដែល​ជា​ផ្នែក​មួយ​​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​៕
ការ​ប្រកាស​សហគ្រិន​វ័យក្មេង​ឆ្នើម​១២​រូប​