សាលា​បឋម​បា​លិ​លេ​យ្យ​ទឹកភ្លៀង​ជន់​លិច សុំ​ជំនួយ​សម្ដេច​តេ​ជោ

បន្ទាយ​មាន​ជ័យ ៖ សិស្ស និង​គ្រូ​ប្រមាណ​ជាង​៥០០​នាក់ នៃ​សាលា​បឋម​សិក្សា បា​លិ​លេ​យ្យ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​សម្តែង​ការ​បារម្ភ​ចំពោះ​បញ្ហា​ប្រឈម​នៅ​នឹង​ការ​បិទទ្វារ​សាលា​មុន​ពេល​វិស្សមកាល ដោយសារ​ជំនន់​ទឹកភ្លៀង​លិចលង់​មិន​អាច​រំដោះ​ទឹក​ចេញ​បាន​។ បន្ទាប់​ពី​ភ្លៀង​បន្ត​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​សាលា​ខាងលើ​រង​ផល​ប៉ះពាល់​ច្រើន​ដូច​ជា​បញ្ហា​អនាម័យ ក្លិនស្អុយ សិស្ស​គ្មាន​កន្លែង​ចេញលេង ពិសេស​មិន​បាន​គោរព​ទង់ជាតិ​ព្រោះ​ទីធ្លា​សាលា​រង​ការ​ជន់​លិច​អស់​ទៅ​ហើយ​។

ក្រៅពី​ជំនន់​លិចលង់​សាលា​មួយ​ខ្នង​នោះ​ក៏​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ​ដែរ​។ នាយក​សាលា​បឋម​សិក្សា បា​លិ​លេ​យ្យ អ្នកគ្រូ​សុខ រម​នា ប្រាប់​កោះសន្តិភាព​ថា សាលា​ខាងលើ​សាងសង់​ដោយ​ឈើ​ប្រក់​សង្ក​សី​១​ខ្នង មាន​១០​បន្ទប់ សិស្ស​រៀន​ពី​ថ្នាក់​មេ​តេ្ត​យ្យ​ដល់​ថ្នាក់​ទី​៦ មាន​ចំនួន​៥៤៧​នាក់ ដោយ​សិស្ស​ភាគច្រើន​ជា​កូន​អ្នកក្រ​។ នាយក​សាលា​រូប​នេះ​បន្ត​ថា សាលា​គាត់​រង​ការ​ជន់​លិច​ធ្វើ​ឲ្យ​សិស្ស​ជួប​ផល​លំបាក​ច្រើន​ដូច​ជា​កង្វះ​អនាម័យ​សាលា មាន​ក្លិនស្អុយ មាន​មូស គ្មាន​កន្លែង​ឲ្យ​សិស្ស​ចេញលេង​សូ​ម្បី​តែ​សំរាម​ក្លាយជា​គំនរ រថយន្ត​មិន​អាច​ចូល​ដឹក​បាន​។

លោកគ្រូ អ្នកគ្រូ​នៅ​ទីនោះ​លើក​ឡើង​ថា​មុខ​សាលា​បើ​ចង់​ធ្វើការ​អភិវឌ្ឍន៍​អ្វីមួយ តែងតែមាន​អ្នក​ហាមឃាត់​សូ​ម្បី​តែ​ធ្វើ​សួនច្បា​ក៏​មិន​បាន​ផង​ហើយ​ថា​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​កើតឡើង​ដោយសារ​ក្នុង​វត្ត មានការ​ចាក់​ដី​ធ្វើ​ឲ្យ​បិទ​ប្រព័ន្ធ​បង្ហូរទឹក​អស់​។ លោកគ្រូ​អ្នកគ្រូ​ក៏​ដូច​ជា​នាយក​សាលា​លើក​ឡើង​ថា​សាលា​របស់​ពួក​គាត់​អាច​ប្រឈម​នឹង​ការ​បិទទ្វារ​នា​ពេល​ខាង​មុខ​ប្រសិនបើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​។

លោកគ្រូ​អ្នកគ្រូ​បាន​ត្អូញត្អែ​ថា​សាលា​មួយ​ខ្នង​នេះ​ចាស់​ទ្រុឌទ្រោម​ទៅ​ហើយ​នៅ​តែ​ថ្ងៃ​ដួល​រលំ​តែ​ប៉ុណ្ណោះ ហើយ​ពួក​គាត់​កន្លង​មក​ប៉ង​ចង់​ជួប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពេល​លោក​អញ្ជើញ​ជា​អ​ធិ​តី​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ដំណើរការ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៩A ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ខេត្ត​ប៉ៃលិន​ក្នុង​បំណង​សុំ​សម្តេច​តេ​ជោ​ជួយ​សាងសង់​សាលា​មួយ​ខ្នង​នេះ តែ​គ្មាន​ឱកាស​បាន​ជួប ទើប​សាលា​ដែល​មាន​វ័យ​ចំណាស់​នេះ​នៅ​តែ​ជួប​បញ្ហា​ប្រឈម​មក​ទល់​សព្វថ្ងៃ​៕