ក្រសួង​រៀបចំ​ដែនដី ហាម​ដាច់ខាត​មិន​ឲ្យ​ដាក់​ម៉ាស៊ីន​ស្ទូច​គង​ ឬ​គ្រប​លើ​ផ្លូវ​សាធារណៈ

ក្រសួង​រៀបចំ​ដែនដី ហាម​ដាច់ខាត​មិន​ឲ្យ​ដាក់​ម៉ាស៊ីន​ស្ទូច​គង​ ឬ​គ្រប​លើ​ផ្លូវ​សាធារណៈ



ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជូនដំណឹង​ស្ដីពី​ការ​រក្សា​សណ្ដាប់​ធ្នាប់ សុវត្ថិភាព​សាធារណៈ ក្នុង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្ទូច ឬ​ឧបករណ៍​លើកដាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ ដែល​គង ​ឬ​គ្រប​លើ​ផ្លូវ​សាធារណៈ ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដែល​កើតមាន​ជាយថាហេតុ។

យោង​តាម​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៦​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់ ការពារ​សុវត្ថិភាព​សាធារណៈ និង​ទប់ស្កាត់​គ្រោះថ្នាក់ ដែល​កើតមានឡើង​ជាយថាហេតុ ក្នុង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្ទូច​(Tower Crane) សម្រាប់​លើកដាក់​សម្ភារៈ​ក្នុង​ការដ្ឋាន​សំណង់ និង​អ្នកទទួលខុសត្រូវ​ការដ្ឋាន​សំណង់ ម្ចាស់​សំណង់ ប្រធាន​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សំណង់ ឬ​អ្នក​ទទួលខុស​ត្រូវ​ការដ្ឋាន​សំណង់ ហាម​ដាច់ខាត​ប្រើប្រាស់​ម៉ាស៊ីន​ស្ទូច ឬ​ឧបករណ៍​លើកដាក់​ដទៃ​ទៀត ដែល​គង ​ឬ​គ្រប​លើ​ផ្លូវ​សាធារណៈ​។ ក្នុង​ករណី​ទីតាំង​ការដ្ឋាន​សំណង់​តូច​ចង្អៀត រាល់​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្ទូច ឬ​ឧបករណ៍​លើកដាក់​ដទៃ​ទៀត ដែល​អាច​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ ត្រូវ​អនុវត្ត​លើ​ការ​ណែនាំ​របស់​សាលា​រាជធានី​-​ខេត្ត ដែល​ការដ្ឋាន​នោះ ស្ថិតនៅ​ដូចជា ការ​ដាក់​ស្លាក​សញ្ញា ភ្លើង​សញ្ញា ការកំណត់​ពេលវេលា​ប្រតិបត្តិការ និង​ការចាត់ចែង​ធ្វើ​ចរាចរណ៍​សាធារណៈ នៅ​ពេល​ប្រតិបត្តិការ​ស្ទូច ឬ​លើកដាក់​ជាដើម។ ម្យ៉ាងទៀត ចំពោះ​អ្នក​ប្រើប្រាស់​ម៉ាស៊ីន​ស្ទូច ឬ​ឧបករណ៍​លើកដាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ ត្រូវ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​បទប្បញ្ញត្តិ​ជា​ធរមាន៕